ជាតិ
សង្គមជាតិ
កម្ពុជា ទទួលបាន​បដិមា​និង​វត្ថុ​បុរាណ​ជាង​១០០​មកវិញ ពី​គ្រួសារ​បរទេសមួយ
30, Jan 2021 , 12:01 pm        
រូបភាព
​ក្រុមគ្រួសារ​របស់​ជន​បរទេសមួយ គឺ​ក្រុមគ្រួសារ​របស់លោក លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ (Douglas Latchford) បាន​យល់ព្រម​ប្រគល់​បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០ ដែល​ក្រុមគ្រួសារ​របស់លោក បាន​រក្សាទុក​កន្ល​មក ជូន​មក​កម្ពុជា​វិញ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។




​សេចក្តី​ជូន​ព័ត៌មាន បាន​ឲ្យ​ដឹងថា ក្រសួង​វប្បធម៌​និង​ក្រុមគ្រួសារ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការបញ្ជូន​ត្រឡប់មកវិញ​នៃ​សម្បត្តិ​ធម៌​ខ្មែរ​។ មុន​គ្រួសារ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ យល់ព្រម​ប្រគល់​បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ទាំងនោះ មក​កម្ពុជា​វិញ គឺ​គ្រួសារ​របស់លោក និង​ក្រសួង​វប្បធម៌ បាន​ចរចា​គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំ​។ ក្រសួងវប្បធម៌ លើកពីគុណសម្បត្តិរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កិច្ចការនេះ ទទួលបានជោគជ័យ គឺដោយសារតែមានការចង្អុលបង្ហាញនិងការគាំទ្រពីសម្តេច។
 
​ក្រសួង​វប្បធម៌ ផ្តល់ព័ត៌មាន​ថា បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០​នោះ ដែល​ធ្វើឡើង​ពី​ថ្ម​និង​សំរិទ្ធ រួមទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​ជា​បន្តបន្ទាប់​។ បើតាម​ក្រសួង​វប្បធម៌ វត្ថុ​បុរាណ​ទាំងនោះ មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​៦ ហើយ​ពេលមកដល់​កម្ពុជា នឹងត្រូវ​យកទៅដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​វប្បធម៌ បាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ដំបូង ក្រសួង នឹង​បញ្ជូន​បដិមា​៥​សិន ក្នុងនោះ​មាន សិវ​ស្កន្ទ (​ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ​), ក​ន្សែ​ទូក​, ព្រះ​អឌ្ឍ​នារី​ស្វរៈ​, ព្រះ​នាង​ប្រាជ្ញា​បារមី​, និង​ទេព​ភេទ​ប្រុស​។ 
 
​លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើ​គ្មាន​ឧ​ប​ស័គ្គ​អ្វី​នោះទេ បដិមា​ទាំង​៥​នោះ នឹង​មកដល់​កម្ពុជា នៅ​ចុងខែ​កុម្ភៈ​ឬ​នៅ​ដើមខែ​មីនា ឆ្នាំ​២០២១​។ លោក បន្តថា បដិមា​និង​វត្ថុ​បុរាណ​ជាង​១០០​នោះ មិន​ស្ថិតនៅ​ក្នុងប្រទេស​ឬ​កន្លែង​ណា​តែមួយ​ឡើយ គឺ​ស្ថិតនៅ​កន្លែង​ផ្សេងៗ​គ្នា​។ 
 
​យ៉ាងណា លោក មិន​ប្រាប់​ឲ្យ​ជាក់​ជាក់​នោះទេ​ថា បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ទាំងនោះ ស្ថិតនៅ​ប្រទេស​ណា​និង​នៅ​កន្លែង​ណាខ្លះ ហើយ​ក្រុមគ្រួសារ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ ជា​ជនជាតិ​អ្វី​។ លោក លើក​ហេតុផល​ថា ការមិន​បញ្ចេញ​ព័ត៌មាន​ទាំងនេះ​ជា​សាធារណៈ គឺជា​ការស្នើ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ ដ្បិត​លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ ចង់​រក្សា​ឯកជន​ភាព​របស់ខ្លួន​។ 
 
​ម្យ៉ាងទៀត មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​វប្បធម៌​រូបនេះ អះអាងថា លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ ក៏​មិនដឹង​ច្រើន​ដែរ​ពី​បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ទាំង​នោះដែរ លោក លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ គ្រាន់តែ​ប្រាប់ថា បដិមា​និង​វត្ថុ​បុរាណ​ខ្មែរ​ទាំងនោះ បាន​បន្សល់ទុក​មកពី​ឪពុក​។ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​វប្បធម៌ មានប្រសាសន៍ថា​៖« [​លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ​] គាត់ ជា​ក្មេរ​ជំនាន់​ក្រោយ គាត់ មិនសូវ​ដឹង​ដែរ ហើយ​គាត់ ក៏​មិនបាន​ចែករំលែក [​ព័ត៌មាន​] អី​ច្រើន​ដែរ​។ យើង ក៏​មិនបាន​សួរ​អី​ច្រើន​ដែរ សំខាន់ គ្រាន់​ដឹងថា​ជា​របស់​យើង យើង បានមក​វិញ​»៕ 
 
 

Tag:
 វត្ថុ​បុរាណ​
  ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com