ជាតិ
ទោះ​ឈានដល់​វ័យ​៧៦​ឆ្នាំ លោក​ស៊ឹម អៃ នៅ​បន្តការងារ​ជួសជុល​ប្រាសាទ
30, Jan 2021 , 12:56 pm        
រូបភាព
ដោយ:
​សៀមរាប​៖ លោកតា ស៊ឹម អៃ ជា​អ្នក​ជួសជុល​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​អ្នក​ជួសជុល​ប្រាសាទលលៃ​ទាំង​១៧​នាក់​។ ដ្បិត​មាន​វ័យ​៧៦​ឆ្នាំ​ទៅហើយ ប៉ុន្តែ​លោក ស៊ឹម អៃ នៅតែ​មិន​បោះបង់​ការងារ​ជួសជុល​ប្រាសាទ​នោះឡើយ ព្រោះតែ​លោក​ក្តី​ស្រឡាញ់ និង​ចង់​ឲ្យ​ប្រាសាទខ្មែរ មាន​វត្តមាន​យូរអង្វែង​ទៀត​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។​

 
«​ខ្ញុំ​ស្រលាញ់​ណាស់​ប្រាសាទ បើ​កុំ​ស្រលាញ់​អាយុ​ប៉ុណ្ណេះ​ហើយ​មិនគួរណា​មក​ធ្វើ​ទេ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោកតា ស៊ឹម អៃ ដែល​បច្ចុប្បន្ន​មាន​វ័យ​៧៨​ឆ្នាំ​ទៅហើយ ប៉ុន្តែ​បុរស​ចំណាស់​រូបនេះ នៅតែ​បន្តការងារ ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ នៅក្នុង​ខេត្តសៀមរាប​។ លោក ស៊ឹម អៃ គឺជា​អ្នក​ជួសជុល​ប្រាសាទ​មាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​ក្រុមការងារ​សរុប​១៧​នាក់ ដែល​ត្រូវបាន​ចាត់​ឲ្យ​បំពេញការងារ​ជួសជុល និង​ថែរក្សា​ប្រាសាទលលៃ ដែល​ស្ថិត​ក្នុងភូមិ​លលៃ ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Thmeythmey25 លោក អៃ បាន​ឲ្យ​ដឹងថា លោក​ចាប់ផ្តើម​ការងារ ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ តាំងពី​អំឡុង​ឆ្នាំ​១៩៩៣​មកម្ល៉េះ ក្នុងតួនាទី​ជា​អ្នករៀបចំ​ឥដ្ឋ​ប្រាសាទ និង​កម្ចាត់​ស្មៅ ឬ​ឫស​ឈើ ដែល​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​។ លោក អៃ បញ្ជាក់ទៀតថា លោក​មិនមែន​បាន​ជួសជុល​នៅ​ប្រាសាទលលៃ​នោះទេ ពោលគឺ​លោក ក៏ដូចជា​អ្នក​ផ្សេងទៀត ត្រូវ​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ តាម​ការចាំបាច់​។ លោកតា ស៊ឹម អៃ មានប្រសាសន៍ ក្នុង​សម្ដី​មួយៗ​យ៉ាង​ដូច្នេះ​៖ «​តិច​គេ​បញ្ជូន​ទៅនេះ តិច​គេ​បញ្ជូនទៅ​ណោះ អត់​ទៀង តែ​ឥលូវ​នៅជាប់​នឹង​លលៃ​»​។ 
 


​ឈានចូល​ដល់​វ័យ​៧៦​ឆ្នាំ​ទៅហើយ ព្រឹទ្ធិ​ចា​រ្យ​រូបនេះ នៅតែ​មិន​បោះបង់​ការងារ​ជួសជុល​ប្រាសាទ​នោះឡើយ បើ​ទោះ​ការងារ​នេះ លំបាក​បន្តិច​សម្រាប់​ម​នុស្ស​វ័យចាស់​ក៏ដោយ​។ មូលហេតុ​ដែល បុរស​ដែលមាន​ស្រុកកំណើត នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​នេះ មិន​ព្រម​ឈប់​ព្រោះ​លោក ចង់​ឲ្យ​ប្រាសាទខ្មែរ វត្តមាន​យូរអង្វែង​ទៀត​សម្រាប់​កូនចៅ​ខ្មែរ​។ មានប្រសាសន៍​លាយឡំ​សំណើច​ផង នឹង​ទាំង​ទឹកមុខ​ញញឹម និង​បង្ហាញ​អារម្មណ៍​រំភើប​លោកតា ស៊ឹម អៃ បាន​បន្តថា​៖«​ខ្ញុំ​ស្រលាញ់​ណាស់​ប្រាសាទ បើ​កុំ​ស្រលាញ់​អាយុ​ប៉ុណ្ណេះ​ហើយ​មិនគួរណា​មក​ធ្វើ​ទេ តែដោយសារ​កិត្តិយស តម្លៃ​ប្រាសាទ​ខ្ពស់​សម្រាប់​កូនចៅ​ទៅ​ថ្ងៃ​អនាគត​»​។​
 
​សម្រាប់​បុរស​វ័យ​៧៦​ឆ្នាំ​រូបនេះ ការងារ​ជួសជុល និង​ថែទាំ​ប្រាសាទ ប្រៀប​ដូច​ការថែទាំ​មនុស្ស​ចាស់ជរា​ដូច្នោះ​ដែរ ដែល​ទាមទារ​ការយកចិត្តទុកដាក់ អត់ធ្មត់​ខ្ពស់ ពោលគឺ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​។ លោកតា អៃ មានប្រសាសន៍​ដូច្នេះ​៖«​បើ​ថា​ពិបាក​ដូចជា​មិន​ពិបាក​នោះទេ តែបើ​ថា​ស្រួល​ក៏​មិន​ស្រួល​ពេក​ដែរ ដោយ​ត្រូវការ​ភាព​អត់ធ្មត់ និង​យកចិត្តទុកដាក់​ខ្ពស់​។ ការងារ​ជួសជុល​ប្រាសាទ​មាន​ភាពលំបាក​ខ្លះ ដូចជា​មាន​ឫស​ឈើ​ចាក់​ចូល​ប្រាសាទ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណង់​ប្រាសាទ ហើយ​នេះ​ជា​អ្វីដែល​អ្នក​ជួសជុល​ត្រូវ​យកចិត្តទុកដាក់​»​។​
 
​ក្នុងនាម​ជា​បុគ្គល​មួយរូប ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប​នេះ លោកតា ស៊ឹម អៃ អះអាង​ប្រាប់​សារព័ត៌មាន​Thmeythmey25 លោក​ពិត​ជាមាន​កិត្តិយស​ដែល​បាន​ជួយ​ថែ​វត្តមាន និង​តម្លៃ​ប្រាសាទ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ លោក ស៊ឹម អៃ បានផ្តល់​ក្តីសង្ឃឹម​ទៅលើ​យុវជន​ជំនាន់​ក្រោយ ក្នុង​ការបន្ត​កិច្ចការ​ជួសជុល ថែរក្សា និង​អភិរក្ស​ប្រាសាទបុរាណ ឲ្យ​នៅ​បន្ត​មាន​វត្តមាន​យូរអង្វែង​ទៀត សម្រាប់​អ្នកជំនាន់ក្រោយ​ខណៈដែល​ខ្លួន​កាន់តែ​ចាស់ មិនអាច​ធ្វើការ​ពេញដៃពេញជើង​ដូច​មុន​៕
 
 
 
 
 

Tag:
 ស៊ឹម​អៃ​
 ​អ្នក​ជួសជុល​ប្រាសាទ​
 ​លលៃ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com