ជាតិ
បទសម្ភាសន៍
វីដេអូ
យុវតី ម៉េង ស្រី​លីន ប្រើ​បច្ចេកវិទ្យា ផ្លាស់ប្តូរ​របៀប​ធ្វើ​កសិកម្ម​បែប​ប្រពៃណី ទៅ​កសិកម្ម​ទំនើប​
30, Jan 2021 , 3:59 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា ម៉េង ស្រី​លីន ជា​និស្សិត​ផ្នែក ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ជា​សហ​ស្ថាបនិក Smart Farm Assistance ។ ក្នុង​ឆ្នាំ​២០១៩ ស្រី​លីន និង​សមាជិក​ក្រុម​៥​នាក់​ទៀត  បាន​ចូលរួម​ប្រកួត​កម្មវិធី​ច្នៃប្រឌិត​តិច​ណូ​កម្ពុជា (Techno Innovation Challenge Cambodia )​ដោយ​ទទួលបាន​ជ័យលាភី​លេខ​១​។ ប្រាក់រង្វាន់​ដែល​បានឈ្នះ ស្រី​លីន និង​សមាជិក​ក្រុម បាន​យក​ធ្វើជា​ទុន បង្កើត​អាជីវកម្ម​បច្ចេកវិទ្យា​កសិកម្ម Smart Farm Assistance ដែល​ផ្ដោតលើ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​បញ្ជា​ពី​ទូរ​សព្ទ​ដៃ​។ សហ​ស្ថាបនិក​វ័យ​២២​ឆ្នាំ​រូបនេះ  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា Smart Farm  Assistance  មាន​ទស្សនៈវិស័យ​ជួយ​ជំរុញ​កសិកម្ម​ប្រពៃណី ទៅជា​កសិកម្ម​តាមបែប​ទំនើប ។



 
​យុវតី ម៉េង ស្រី​លីន ជា​និស្សិត​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​(E-Commerce) ដែល​សិក្សា​ពី​ការគ្រប់គ្រង​អាជីវកម្ម និង​បច្ចេកវិទ្យា និង​ជា​សហ​ស្ថាបនិក Smart Farm Assistance ។ តាមពិតទៅ ពីដំបូង ស្រី​លីន គ្មាន​បំណង​ធ្វើការ​ផ្នែក​កសិកម្ម​ឡើយ គឺ​នាង​ចង់​ក្លាយជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​ភាព​ចៃដន្យ​តាមរយៈ​កម្មវិធី​ប្រកួត​មួយ នាង​បាន​ស្គាល់​សមាជិក​ក្រុម​៥​នាក់​ទៀត ដែលមាន​ជំនាញ​អេឡិចត្រូនិក និង​អគ្គិសនី ពី​សកល​វិទ្យាល័យ​ផ្សេង ៗ​គ្នា ហើយ​ក៏បាន​បង្កើត​អាជីវកម្ម Smart Farm Assistance នេះ​ឡើង​ក្នុង​ឆ្នាំ​២០១៩ ។ 
 
​និស្សិត​ឆ្នាំ​ទី​៤​រូបនេះ បាន​រំឭក​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ចូលរៀន E-commerce ខ្ញុំ​អត់​គិតថា ខ្ញុំ​នឹង​ចូល​វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា​ទេ ព្រោះ​ខ្ញុំ​គិតថា​វា​ហត់ លំបាក និង​ចំណូល​តិច ប៉ុន្តែ​ខ្ញុំ​ឃើញថា ទីផ្សារ​កសិកម្ម​ខាង​ផ្នែក​បច្ចេកវិទ្យា​មាន​កម្រិត​។ ដូច្នេះ​ខ្ញុំ​គិតថា បើ​យើង​ធ្វើ​អ្វីដែល​ថ្មី ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង វា​នឹង​ជួយ​យើង​បាន​ច្រើន អីចឹង​ខ្ញុំ​គិតថា ខ្ញុំ​នឹង​យក​អាជីវកម្ម​មួយ​ហ្នឹង​ជួយ​ដល់​កសិករ​ស្រុក​ខ្មែរ​ដែរ​»​។​
 
​ធ្វើ​អាជីវកម្ម​បណ្ដើរ រៀន​បណ្ដើរ សហ​ស្ថាបនិក​ស្ត្រី​តែ​ម្នាក់​របស់ Smart Farm Assistance  ទទួលស្គាល់ថា ការដឹកនាំ​អាជីវកម្ម​បច្ចេកវិទ្យា​កសិកម្ម​ដ៏​ថ្មី​សន្លាង​មួយ​នេះ ពិតជា​លំបាក ពិសេស​ការខ្វះ​ដើមទុន​។ ដ្បិត​មាន​ផល​លំបាក​បន្តិច​ក្ដី ប៉ុន្តែ​យុវតី​មកពី​ខេត្តកំពង់ចាម​រូបនេះ យល់ថា នាង​រៀនសូត្រ​បាន​ច្រើន​ពី​វិថី​មួយ​នេះ​។  ស្រី​លីន ប្រាប់​ដូច្នេះ​ថា​៖«​រៀន​បាន​ច្រើន ព្រោះ​ថាបើ​យើង​រៀន​តែ​ក្នុង​សកល​វិទ្យាល័យ គឺ​មិនសូវមាន​សកម្មភាព ដែល​យើង​ធ្វើ​ផ្ទាល់ ពិសេស​ការរៀន​លើ​ជំនាញ​ទុន និង​ជំនាញ​រឹង​។ ទី​ពីរ​គឺ​ការគ្រប់គ្រង​ក្រុម យើង​ជា​ក្មេងស្រី យើង​មាន​ភាពក្លាហាន ក្នុងការ​គ្រប់គ្រង​ក្រុម​បាន ទោះបី​បទពិសោធន៍ និង​ចំណេះដឹង​នៅ​ទាប ប៉ុន្តែ​យើង​ជឿជាក់ថា យើង​អាច​ធ្វើបាន​»​។ 


 
«Smart Farm Assistance »​ជួយ​កសិករ​ចំណេញ​ទាំង​កម្លាំង និង​ពេលវេលា 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្រី​លីន បាន​ប្រាប់ថា Smart Farm Assistance  បង្កើតឡើង​ក្នុង​បំណង​ជួយ​ដោះស្រាយ និង​ជំរុញ​ការងារ​កសិកម្ម ឱ្យ​កាន់តែ​ប្រសើរ​តាម​បច្ចេកវិទ្យា​ទំនើប ដោយ​ចំណេញ​ពេលវេលា និង​សន្សំ​ប្រាក់កាស​។ យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ពន្យល់​បន្ថែមថា​៖ «​ទាក់ទង​នឹង​ការបង្កើត​អាជីវកម្ម​មួយ​នេះ គឺ​យើង​គិតថា​ចង់​ដោះស្រាយ​បញ្ហា​អី​ដែល​ប្រើ​បច្ចេកវិទ្យា ហើយ​បន្ទាប់មក​ក៏​យើង​គិតថា កសិកម្ម​នៅ​បែប​បុរាណ​។ ជាពិសេស​ក្រុម​របស់ខ្ញុំ មាន​ឪពុកម្ដាយ​ជា​កសិករ អីចឹង​យើង​ឃើញថា គាត់​ពិបាក​មែនទែន ចំណាយពេល កម្លាំង​ពលកម្ម និង​ដើមទុន​ច្រើន តែ​ទទួលបាន​ទិន្នផល​ទាប​។ អីចឹង​យើង​គិតថា យើង​ចង់​ដោះស្រាយ លើ​ការស្រោចស្រព​ដំណាំ​មុន​»​។  
 
Smart Farm Assistance គឺមាន​ប្រព័ន្ធ ឬ​ឧបករណ៍​ចំនួន​៣ សម្រាប់​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ របស់​កសិករ តាមរយៈ​ការបញ្ជា​ប្រព័ន្ធ​លើ​ទូរ​សព្ទ​ដៃ​។ ក្នុងនោះ​មាន ឧបករណ៍ Smart Valve មាន​មុខងារ​ភ្ជាប់​បិទ​បើក Valve ទឹក​តាម​ទូរ​សព្ទ​ដៃ ឬ SMS , Smart Pump គឺអាច​បញ្ជា​ម៉ូ​ទ័​រ​ទឹក​ពី​ចម្ងាយ តាម​ទូរ​សព្ទ​ដៃ និង Smart Simple គឺអាច​ដឹង​ពី​សំណើម​ដី និង​សីតុណ្ហភាព​ដី តាម​ទូរ​សព្ទ​ដៃ​។ នេះ​ជាការ​អះអាង​របស់ កញ្ញា ម៉េង ស្រី​លីន សហ​ស្ថាបនិក Smart Farm Assistance ដោយ​កញ្ញា បាន​បញ្ជាក់ថា កសិករ​ដែល​ប្រើប្រាស់​ប្រព័ន្ធ Smart Farm Assistance មិន​ត្រឹមតែ​ងាយស្រួល ដោយ​អាច​បញ្ជា​គ្រប់​២៥​ខេត្ត​ក្រុង​បាន ថែមទាំង​ជួយ​សន្សំសំចៃ​ទឹក បាន​ពី​២០ ទៅ​៥០​ភាគរយ​ផងដែរ​។ បើតាម​សហ​ស្ថាបនិក​វ័យក្មេង​រូបនេះ Smart Farm Assistance  មាន​លក់​ឧបករណ៍ និង​រៀបចំ​ប្រព័ន្ធ​ទឹក តម្លៃ​ចាប់ពី ៩០​ដុល្លារ​ឡើងទៅ​។ 


 
​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដែល Smart Farm Assistance បាន​បើក​ដំណើរការ​។ ក្នុង​រយៈពេល​ជាង​១​ឆ្នាំនេះ Smart Farm Assistance មាន​អតិថិជន​ចំនួន​២៥​នាក់​។ ដ្បិត​ចំនួន​នេះ​ហាក់​តិច​នៅឡើយ ប៉ុន្ដែ​យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ សប្បាយចិត្ត និង​មាន​មោទកភាព ចំពោះ​អាជីវកម្ម​ថ្មី​សន្លាង​មួយ​នេះ ហើយ​នាង​យល់ថា អាជីវកម្ម​បច្ចេកវិទ្យា​កសិកម្ម​នេះ បាន​ជួយ​ជំរុញ​ដល់​វិស័យ​កសិកម្ម ឱ្យ​មានការ​ជឿនលឿន​។​
 
​មាន​សម្ដី​ច្បាស់ៗ ស្រី​លីន បាន​ប្រាប់​ដូច្នេះ​ថា​៖«​មាន​គេ​ចាប់ផ្ដើម​យល់ថា អ្វី​ទៅជា​កសិកម្ម​បែប​បច្ចេកវិទ្យា តាមរយៈ​ការធ្វើ​វីដេអូ និង​ការចូលរួម​ប្រកួត​កម្មវិធី​ផ្សេងៗ អីចឹង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​បង្ហាញថា គុណ​តម្លៃ​ដែល​យើង​ចាប់ផ្ដើម​ថ្មី ជាមួយ​បច្ចេកវិទ្យា វា​ពិតជា​ជួយ​ដល់​កសិកម្ម ហើយ​ពួកគាត់​មានការ​ភ្ញាក់ផ្អើល​។ កសិករ​មួយចំនួន​ក៏បាន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​សប្បាយចិត្ត​ពេល​ឃើញ យុវជន​ជំនាន់​ក្រោយ អា​ចរក​បច្ចេកវិទ្យា​ជួយ​ដោះស្រាយ លើ​វិស័យ​កសិកម្ម​»​។​
 
​និយាយ​ក្នុង​សម្ដី​ជឿជាក់ នាពេលខាងមុខ កញ្ញា ស្រី​លីន ចង់​ដឹកនាំ Smart Farm Assistance ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ក​សិ​កម្ម និង​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តជាតិ​។ «​ខ្ញុំ​ចង់​ឱ្យគេ​ស្គាល់​ថា ប្រទេស​យើង ក៏មាន​ធនធានមនុស្ស​ផ្ដោតលើ​វិស័យ     បច្ចេកវិទ្យា ហើយ​អាច​យក​ជំនាញ​ហ្នឹង ដោះស្រាយ​បញ្ហា​របស់​កសិករ ហើយ​យើង​ជឿជាក់ថា សមត្ថភាព​របស់​ពួកយើង បើ​យើង​ខំប្រឹង​បន្ថែមទៀត យើង​នឹង​អាចធ្វើ​បាន ព្រោះ​វិស័យ​កសិកម្ម មាន​ទីផ្សារ​ធំ​ទូលាយ ទោះបី​បរិបទ​ប្រទេសមួយ ទៅ​ប្រទេសមួយ​ខុសៗ​គ្នា​មែន ប៉ុន្តែ​របៀប​ដាំ​ដំណាំ​ស្រដៀង​គ្នា​។ អីចឹង​កសិកម្ម​នៅក្រៅ​ស្រុក ដែល​ស្រដៀង​នៅ​ស្រុក​ខ្មែរ គឺ​យើង​អាច​ប្រកួត​បាន​»​។ នេះ​ជាការ​អះអាង​របស់ កញ្ញា ម៉េង ស្រី​លីន​។ 
 
​យុវតី​ឆ្នើម ដែល​កំពុង​កាន់កាប់​ជំនួញ​បច្ចេកវិទ្យា​កសិកម្ម​រូបនេះ ចង់ឱ្យ​យុវជន​ខ្មែរ ជាពិសេស​យុវតី​ជំនាន់​ក្រោយ ក្លាហាន និង​ហ៊ាន​សាកល្បង​អ្វីដែល​ថ្មី ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន ជាពិសេស​យកចំណេះ​ដឹង និង​ជំនាញ​ជួយ​ដល់​សង្គម​៕ 
 






 

Tag:
 កសិកម្ម​
  អាជីវកម្ម​
  TI Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com