ជាតិ
ភ្នំទទុង និងភ្នំតូច នៅកំពត ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ភ្នំទទុង និងភ្នំតូច ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្ររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ គោលបំណងនៃការបង្កើតភ្នំទាំង២នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិ គឺដើម្បីការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងវប្បធម៌នៅតំបន់នេះ។
រដ្ឋាភិបាលបានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង និងភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ហិកតា មានទីតាំងនៅក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមអនុក្រឹត្រចុះថ្ងៃទី២២ មករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង និងភ្នំតូចនេះ គឺក្នុងបំណងការងារតួនាទីនៅក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រយោជន៍មនុស្សគ្រប់ជំនាន់។ កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។
ប្រាសាទគុហារព្រះ ឬភ្នំទទុង។ រូបភាពពីលោក មាឃ វុទ្ធី ប្រធានមន្ទីរការិយាល័យបេតិកភណ្ឌខេត្តកំពត
អនុក្រឹត្រនេះ ក៏មានគោលដៅការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ប៉ុន្តែមិនបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋាន។ អនុក្រឹត្រដដែល បន្តបញ្ជាក់ទៀតថា តំបន់បេតិកភណ្ឌធម្មជាតិ ក៏បង្កើតឡើងដើម្បីផ្តល់សេវាធម្មជាតិ និងវប្បធម៌សម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនក្នុងការគ្រប់គ្រង់ ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ ព្រមទាំងបេតិកភណ្ឌធម្មជាតិក្នុងតំបន់ផងដែរ។
លោក គង់ ផល្លា ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា ការដាក់តំបន់ទាំងពីរនេះ ក៏ចូលរួមបន្ថែមផលិតផលទេសចរណ៍សម្រាប់ខេត្តកំពតដែរ ពិសេសពលរដ្ឋនៅតំបន់នោះនឹងបានប្រយោជន៍ដោយផ្ទាល់។ បើតាមលោក គង់ ផល្លា ក្នុងរូងភ្នំទទុងនេះមានប្រាសាទបុរាណមួយគឺ ប្រាសាទគុហារព្រះ ឬប្រាសាទទទុង កសាងពីឥដ្ឋ និងថ្មបាយក្រៀម រវាងចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ ប៉ុន្តែមានសភាពបាក់បែក ដោយសារសកម្មភាពមនុស្ស។ ប្រធានមន្ទីរទេសចរណ៍រូបនេះបន្ត៖«ដោយសារភ្នំទទុងមានប្រាសាទនៅទីហ្នឹង និងជាកន្លែងមានឈើ និងសត្វនៅតំបន់ហ្នឹង។ មួយផ្នែកជាសត្វកម្រ និងរុក្ខជាតិមួយចំនួនប្រើប្រាស់ជាឱសថ លក្ខណៈពិសេសអ៊ីចឹងហើយ ទើបចាត់ចូលជាតំបន់ការពារបេតិកភណ្ឌធម្មជាតិ»។
ភ្នំតូច រូបភាពពីលោក មាឃ វុទ្ធី ប្រធានមន្ទីរបេតិកភណ្ឌខេត្តកំពត
ទាក់ទងនឹងការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនេះដែរ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងប្រាប់សារព័ត៌មានThmeythmey25 ថាដើម្បីការពារ និងអភិរក្សធម្មជាតិ និងសម្បត្តិវប្បធម៌នៅតំបន់នេះ លុះត្រាតែមានច្បាប់គ្រប់គ្រង។ ដូច្នេះការដាក់ភ្នំទទុង និងភ្នំតូចជាតំបន់បេតិកភណ្ឌធម្មជាតិ គឺដើម្បីចូលរួមថែរក្សា ការពារ ការអភិរក្ស លើជីវៈចម្រុះ និងសម្បត្តិវប្បធម៌ គឺប្រាសាទបុរាណដែលមានវត្តមាននៅក្នុងរូងភ្នំទទុង។ លោកបានបន្តថា៖ «ដើម្បីចូលរួមការពារអភិរក្ស សម្បត្តិទាំងអស់នេះបានរឹងមាំ លុះត្រាតែយើងមានច្បាប់គ្រប់គ្រង ឲ្យបានស្រួលបួល អ៊ីចឹងហើយទើបរាជរដ្ឋាភិបាល និងតាមការសិក្សា និងដាក់ស្នើពីថ្នាក់ខេត្ត ស្រុក និងក្រសួង ដែលស្នើសូមទៅរាជរដ្ឋាភិបាល ដាក់ស្នើជា តំបន់បេតិកភណ្ឌធម្មជាតិនេះឡើង»។
ដ្បិតបានក្លាយទៅជាតំបន់បេតិកភណធម្មជាតិរបស់ជាតិហើយ ប៉ុន្តែភ្នំទាំង២នេះ នៅមិនទាន់ត្រូវបានអ្នកជំនាញសិក្សាលម្អិតពីធនធានវប្បធម៌ និងជីវចម្រុះផ្សេងៗនៅតំបន់នេះនៅឡើយ។ នេះបើតាមប្រធានមន្ទីរបរិស្ថានខេត្តកំពត។
ភ្នំទទុង រូបភាពពី លោក មាឃ វុទ្ធី ប្រធានការិយាល័យបេតិកភណ្ឌខេត្តកំពត
រូបភាពពីលោក មាឃ វុទ្ធី ប្រធានមន្ទីរការិយាល័យបេតិកភណ្ឌខេត្តកំពត
Tag:
ThmeyThmey
ភ្នំទទុង
ភ្នំតូច
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com