ជាតិ
បទសម្ភាសន៍
វីដេអូ
ទៅ​ពោធិ៍សាត់ កុំ​ភ្លេច​ចូល​ភ្លក់​រសជាតិ​ទឹកគ្រឿង​ជ័យលាភី​លេខ​១ របស់​អ្នកស្រី ង៉ោ ឡាង​!
30, Jan 2021 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ ទឹកគ្រឿង គឺជា​ម្ហូប​មួយ​មុខ ក្នុងចំណោម​ម្ហូប​ជាច្រើន របស់​អ្នកស្រី ង៉ោ ឡាង សម្រាប់​ភោជនីយដ្ឋាន ខ្លាឃ្មុំ ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ប្រចាំខេត្ត​ពោធិ៍សាត់ ពី​ការប្រកួតប្រជែង​មុខម្ហូប​ខ្មែរ​ទូទាំងប្រទេស របស់​ក្រសួង​វប្បធម៌​ឆ្នាំ​២០១៥​។ ក្រៅពី​ទឹកគ្រឿង អ្នកស្រី ង៉ោ ឡាង ក៏​ធ្លាប់​ទទួលបាន​ជ័យលាភី​លេខ​១ លើ​មុខម្ហូប​២​ផ្សេងទៀត​ផងដែរ គឺ​សម្លម្ជូរ​ដើម​ចេក និង​សម្លប្រហើរ​ត្រពាំង ក្នុង​កម្មវិធី​ដដែល​នេះ​។​



​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញលោក អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ផាត ដា​ណេ អ្នកសារព័ត៌មាន ThmeyThmey25 និង​អ្នកស្រី ង៉ោ ឡាង ម្ចាស់​ហាង​ខ្លាឃ្មុំ ខាងក្រោម​ដូចតទៅ​៖
 
​កម្មវិធី​ប្រកួតប្រជែង​មុខម្ហូប​ខ្មែរ របស់​ក្រសួង​វប្បធម៌ ដែល​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំនេះ ជា​ឱកាស​សម្រាប់​អ្នកស្រី ង៉ោ ឡាង អាច​បញ្ចេញស្នាដៃ​ធ្វើ​ម្ហូប​ខ្លួន រហូត​ទទួលបាន​ជ័យលាភី និង​នាំ​ឲ្យ​មាន​ភាពល្បីល្បាញ​មកកាន់​ភោជនីយដ្ឋាន​។ ស្ថិតក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច់ ស្រុក​ក្រគ ខេត្តពោធិ៍សាត់ ភោជនីយដ្ឋាន​ខ្លាឃ្មុំ របស់​អ្នកស្រី ង៉ោ ឡាង ទទួលបាន​ការពេញនិយម​ខ្លាំង លើ​មុខម្ហូប​៣​មុខ ដែល​ទទួលបាន​ជ័យលាភី ពិសេស​បំផុត​នោះ​គឺ ទឹកគ្រឿង​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ThmeyThmey25 ស្ត្រី​វ័យ​៤៧​ឆ្នាំ​រូបនេះ លើកឡើង​ដូច្នេះ​ថា​៖«​ទឹកគ្រឿង​នេះ​មិន​ពិបាកធ្វើ​ទេ ព្រោះ​មុខម្ហូប​ខ្មែរ មាន​ត្រី ត្រប់ពុតលំញង​ជាមួយ​ខ្ទឹមស យើង​លីង បុក​ធ្វើ​ម៉េច​សាច់​ត្រប់​ជាមួយ​ខ្ទឹម​ឲ្យ​ស្មើ​ជាមួយ​សាច់​ត្រី ដើម្បី​កាត់​សាច់​ត្រី​កុំ​ឲ្យ​ឆ្អាប​»​។ អ្នកស្រី​បន្តថា មិនមែន​តែ​រសជាតិ​ទឹកគ្រឿង​មួយ​ទេ តែ​ម្ហូប​នេះ​សំខាន់​លើ អន្លក់ ច្រើន​ប្រភេទ ទៅតាម​រដូវ​កាល​នៃ​បន្លែ​។​


 
​ក្រោយ​ការប្រកួត អ្នកស្រី បាន​យកមុខ​ម្ហូប​វិញ្ញាសា​ទាំង​ជាប់​ជ័យលាភី មក​លក់​ក្នុង​ហាង​អ្នកស្រី ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ភ្ញៀវ អំពី​រសជាតិ ក៏ដូចជា​សេវាកម្ម​ផងដែរ​។ អ្នកស្រី ង៉ោ ឡាង សប្បាយចិត្ត​ណាស់​ដែល​ខ្លួន​អាចធ្វើ​ម្ហូប​ប្រពៃណី​ខ្មែរ រហូត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស នឹង​អាច​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ជាច្រើន​ឲ្យ​មក​ពិសារ​នៅ​ហាង​របស់ខ្លួន​។​
 
​អ្នកស្រី ង៉ោ ឡាង បញ្ជាក់​បន្ថែមថា ទោះបីជា​ខ្លួន​ធ្លាប់​ទទួលបាន​ជ័យលាភី លើ​មុខម្ហូប ៣​លើក​ក៏ពិតមែន តែ​អ្នកស្រី នឹងចូលរួម​ប្រកួត​ទៀត​បើសិនជា​មានឱកាស ដើម្បី​ទទួលយក​បទពិសោធ​ល្អៗ និង​ពង្រឹងសមត្ថភាព​ខ្លួន​ថែម​ទៀតផង​៕









Tag:
 ពោធិ៍សាត់​
 ​ទឹកគ្រឿង​
 ​ង៉ោ ឡាង​
© រក្សាសិទ្ធិដោយ thmeythmey.com