ជាតិ
ក្រុម​អភិរក្ស​លែង​អណ្ដើក​ហ្លួង​ជិត​ផុត​ពូជ​១០​ក្បាល​បន្ថែមទៀត​ក្នុង​តំបន់​ធម្មជាតិ​ព្រែក​ស្រែអំបិល​
30, Jan 2021 , 8:29 pm        
រូបភាព
រូបភាពពី WCS
រូបភាពពី WCS
ដោយ:
​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​(WCS) និង​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី បាន​លែង​អណ្ដើក​ហ្លួង​ចំនួន ១០​ក្បាល​បន្ថែម​ឲ្យ​រស់នៅក្នុង​តំបន់​ធម្មជាតិ​ព្រែក​ស្រែអំបិល ស្ថិតក្នុង​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ក្នុង​ខេត្ត​ព្រះសីហនុ​។​

 
​បើតាម​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គ WCS បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដែលជា​ប់​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ជា​ជម្រក​តែមួយគត់​របស់​អណ្ដើក​ហ្លួង​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​អណ្ដើក​ហ្លួង​ចូលចិត្ត​រស់នៅក្នុង​ទឹកសាប​និង​ទឹក​ភ្លាវ មាន​ចំណី​គ្រប់គ្រាន់ និង​មាន​ខ្សាច់​ដើម្បី​បន្ត​ពូជ​។ ហើយ​នៅ​ព្រែក​ស្រែអំបិល​មាន​ដើម​កោង​កាង ប្រភព​ចំណី​គ្រប់គ្រាន់ និង​មាន​ខ្សាច់​ដើម្បី​ឲ្យ​អណ្ដើក​ហ្លួង​ពេញវ័យ​អាច​បន្ត​ពូជ​បាន​»​។​


 
«​អណ្ដើក​ហ្លួង​ដែល​ពេញវ័យ​អាច​បន្ត​ពូជ​បាន​មាន​អាយុ​ចាប់ពី​២០​ឆ្នាំទៅ​២៥​ឆ្នាំ ហើយ​សម្រាប់​អាយុកាល​របស់​សត្វ​អណ្ដើក​ហ្លួង​មិន​ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​រកឃើញ​នោះ​គ្រាន់តែ​ធ្លាប់​សិក្សា​ដឹងថា​អណ្ដើក​អាយុ​៥០​ឆ្នាំ​នៅមាន​សុខភាព​ល្អ​អាច​បន្ត​ពូជ​បាន​»​។ នេះ​ជា​លើកឡើង​របស់លោក សោម ស៊ីថា​។​
 
​ប្រធាន​គម្រោង​អភិរក្ស​រូបនេះ បន្ថែមថា បញ្ហា​ប្រឈម​សម្រាប់​អណ្ដើក​ហ្លួង កើតឡើង​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ការ​បូម​ខ្សាច់ និង​ការនេសាទ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​។ កត្តា​ទាំងនេះ​ជា​មូល​ហេតុដែល​អង្គការ WCS បង្កើត​គម្រោង​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង ហើយ​សង្ឃឹមថា​វត្តមាន​សត្វ​អណ្ដើក​ហ្លួង​នឹង​ឆាប់​កើនឡើង​ក្នុងប្រទេស​កម្ពុជា​។​
 


 
​អណ្ដើក​ហ្លួង មាន​រស់​នៅតែ​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ប៉ុណ្ណោះ ហើយ​កម្ពុជា​ស្ថិតក្នុង​លំដាប់​ទី​២ បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​។ នៅ​កម្ពុជា​មិនទាន់មាន​ការសិក្សា​ពី​ចំនួន​សត្វ​អណ្ដើក​ហ្លួង​ឡើយ តែ​តាម​ការប៉ាន់ប្រមាណ​កម្ពុ​ជាមាន​ប្រមាណ​៣០០​ក្បាល​។ 
 
​ក្រុម​អភិរក្ស​បាន​លែង​អណ្ដើក​ហ្លួង​ដែលជា​សត្វ​ជិត​ផុត​ពូជ​ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល បន្ទាប់ពី​ការលែង​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៥​។ បន្ទាប់មក​ការលែង​អណ្ដើក​ហ្លួង​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៧ ខណៈ​លែង​លើក​ទី​៣​ក្នុង​ឆ្នាំ​២០១៩​។ ហើយ​ក្នុង​ឆ្នាំ​២០២០ ក្រុម​អភិរក្ស​បាន​លែង​ជា​លើក​ទី​៤ និង​នៅ​ថ្ងៃទី​២៨ មករា ឆ្នាំ​២០២១ ជា​លើក​ទី​៥​ក្នុង​ការងារ​អភិរក្ស​អណ្ដើក​ហ្លួង​ដែល​សរុប​មាន​ចំនួន ៩៦​ក្បាល​៕ 
 

 


 

Tag:
 អណ្ដើក​ហ្លួង​
 ​ស្រែអំបិល​
 ​កោះកុង​
 ​ព្រះសីហនុ​
 ​សោម ស៊ីថា​
 ​អភិរក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com