ជាតិ
ក្រុមហ៊ុន​ដំណាប់​ផ្លែឈើ មិ​សុ​តា កំពុង​សម្លឹង​ឱកាស​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​
30, Jan 2021 , 10:59 pm        
រូបភាព
​បាត់ដំបង​៖ ក្រុមហ៊ុន​ផលិត​ដំណាប់​ផ្លែឈើ មិ​សុ​តា ដែលមាន​មូលដ្ឋាន​ក្នុង​ខេត្តបាត់ដំបង កំពុង​សម្លឹងមើល​ឱកាស​ដើម្បី​នាំចេញ​ទៅ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​រោងចក្រ​នេះ​កំពុង​រៀបចំ​ស្ដង់ដា​ផលិត​របស់ខ្លួន​ឱ្យ​ស្របតាម​តម្រូវការ​ទីផ្សារ​អន្ដរជាតិ ដើម្បី​ងាយស្រួល​ក្នុងការ​នាំចេញ​ទៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក ក៏ដូចជា​បណ្ដា​ប្រទេស​មួយចំនួន​។​

 
​លោក តាន់ មី​ស​ស្សែ​ល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន មិ​សុ​តា ឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុង​រៀបចំ​ស្ដង់ដា​ក្នុង​ការផលិត និង​ស្វែងរក​ដៃគូ​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ការនាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។  លោក​បន្ថែមថា ទីផ្សារ​សហរដ្ឋអាមេរិក​គឺ​ទូលំទូលាយ ហើយ​ប្រជាជនមាន​កម្រិតជីវភាព​ល្អប្រសើរ ដែលជា​ឱកាស​សម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដំណាប់​ផ្លែឈើ មិ​សុ​តា​។ 
 
​យ៉ាងណាក៏ដោយ លោក តាន់ មី​ល​ស្សែ​ល ទទួលស្គាល់ថា ក្នុង​កាលៈទេសៈ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ ធ្វើឱ្យ​រាំងស្ទះ​ដំណើរការ​ផលិតកម្ម និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ជាខ្លាំង ហើយ​ការស្វែងរក​ដៃគូ​សម្រាប់​ការនាំចេញ ក៏​ត្រូវបាន​ពន្យារពេល​ផងដែរ​។ លោក​បន្ថែមថា​៖« ក្រុមហ៊ុន​យើង​ថ្មី ធម្មតា​មុន​ការនាំ​ចេញទៅ​ក្រៅប្រទេស គេ​ត្រូវការ​ចុះមក​ពិនិត្យ​ដោយផ្ទាល់​ពី​សង្វាក់​ផលិតកម្ម ការតាំងពិព័រណ៍​ដើម្បី​ឱ្យគេ​ស្គាល់​ផលិតផល​យើង​ជាដើម តែ​កូ​វីដ​ធ្វើឱ្យ​ការងារ​ទាំងនោះ​មិនអាច​ធ្វើទៅបាន​»​។​
 
​នៅ​ថ្ងៃទី​១៩ ខែមករា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murply បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន មិ​សុ​តា​។ ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក តាមរយៈ​គម្រោង Harvest II បានផ្តល់​ជំនួយ​មួយផ្នែក​លើ​គ្រឿង​ម៉ាស៊ីន ជួយ​លើ​ផ្នែក​ទីផ្សារ និង​ជួយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក​សិ​ករ ដើម្បី​ផ្គត់ផ្គង់​ផលិតកម្ម​ឱ្យ​ក្រុមហ៊ុន​ជាដើម​។ ក្នុង​ទស្សនកិច្ច​នៅពេលនោះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បញ្ជាក់ថា កន្លងមក​កសិករ​ខ្មែរ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ទីផ្សារ​នាំចេញ ដូច្នេះ​តាមរយៈ​កិច្ចការងារ​នេះ វា​ជា​ឱកាស​របស់​សហរដ្ឋអាមេរិក ក្នុង​ការជួយ​ជំរុញ​នូវ​ការនាំចេញ​នូវ​ផលិតផល​ទាំងនោះ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។​


 
​បច្ចុប្បន្ន ក្រុមហ៊ុន មិ​សុ​តា មាន​ទីផ្សារ​ក្នុងស្រុក​ខ្លះ ដូចជា​នៅតាម​ទីផ្សារ​ទំនើប​ក្នុង​រាជធានី និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​។ យ៉ាងណា លោក តាន់ មី​ល​ស្សែ​ល ទទួលស្គាល់ថា ការគាំទ្រ​ទីផ្សារ​ក្នុងស្រុក​នៅមាន​តិចតួច​នៅឡើយ ដោយសារ​ប្រជាជន​មិនសូវ​ពិសារ​ប្រភេទ​ផ្លៃ​ឈើ​ស្ងួត (​ដំណាប់​) ប៉ុន្មាន​ទេ ព្រោះ​សម្បូរ​ផ្លៃ​ឈើ​ស្រស់​ច្រើន​។ សម្រាប់​ទីផ្សារ​ក្រៅប្រទេស ក្រុមហ៊ុន​នេះ​បាន​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​កម្រិត​សាកល្បង​តិចតួច​នៅឡើយ តែ​រំពឹងថា នឹង​អាច​ពង្រីក​ការនាំចេញ​បន្ថែមទៀត​ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​កូ​វីដ​-១៩៕








 
 

Tag:
 ពាណិជ្ជកម្ម​
  ដំណាប់​ស្វាយ​
  មិ​សុ​តា
© រក្សាសិទ្ធិដោយ thmeythmey.com