អន្តរជាតិ
វៀតណាម អនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង AstraZeneca ស្របពេល​ផ្ទុះ​ករណី​ឆ្លង​កូ​វីដ​-១៩
30, Jan 2021 , 5:39 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖​កង ម៉េង​ហុង​
 
​វៀតណាម បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​លើកដំបូង ស្របពេល​ប្រទេស​នេះ​កំពុង​តស៊ូ​នឹង​ការផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។  នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀត​ណា​ម​នៅ​ថ្ងៃទី​៣០ ខែមករា​។ ជាមួយគ្នានេះ បក្ស​កុម្មុយនីស្ត​វៀតណាម ក៏​កាត់បន្ថយ​រយៈពេល​ប្រជុំ​មួយថ្ងៃ​ដែរ​។

 
​វៀតណាម​ដែល​កន្លងមក​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ​នោះ កំពុង​ប្រញាប់ប្រញាល់​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​នៅ​ខេត្ត​ភាគ​ខាងជើង ហើយ​ដែល​ចាប់ផ្ដើម​រាលដាល​ទៅ​ខេត្ត​ផ្សេង​។ ករណី​ឆ្លង​ថ្មី ឡើងដល់​១៨០​នាក់​ហើយ ចាប់តាំងពី​ការផ្ទុះ​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ​នៅ​ខេត្ត Hai Duong ។  
 
​ស្រប​ពេលនេះ វៀតណាម ក៏​ប្រកាស​ពី​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ទីមួយ​ផងដែរ​។ នៅ​ថ្ងៃទី​២៩ ខែមករា នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​និយាយថា វៀតណាម​ត្រូវតែមាន​វ៉ាក់សាំង​នៅក្នុង​ត្រីមាស​ទីមួយ​។ ស្របតាម​សម្តី​អនុសាសន៍​នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​អនុម័ត​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca សម្រាប់​ចាក់ឱ្យ​ប្រជាជន​។ 
 
​កន្លងមក រដ្ឋាភិបាល​វៀតណាម​ក៏​ធ្លាប់បាន​និយាយថា ខ្លួន​កំពុង​ពិភាក្សា​ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន​៣០​លាន​ដូ​ស​ផងដែរ​ពី​ក្រុមហ៊ុន​នេះដែរ​។ ចំណែក​ទីក្រុង Hai Phong ដែលមាន​ករណី​ឆ្លង​ថ្មី​នេះដែរ បញ្ជាក់ថា ខ្លួន​ស្វះ​ស្វែងរក​វ៉ាក់សាំង​ពីរលាន​ដូ​ស​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​ខ្លួន​ផ្ទាល់​។ 
 
​ការ​ផ្ទុះឡើង​សារជាថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​វៀតណាម បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែមករា ហើយ​បាន​រាលដាល​ដល់​រដ្ឋធានី​ហាណូយ ស្រប​ដែល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​កាន់​អំណាច​កំពុង​ប្រារព្ធ​សមាជ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា សមាជ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ដែល​លឿន​ជាង​ការគ្រោងទុក​មួយថ្ងៃ។ 
 
​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ធ្វើតេស្តរ​កកូ​វីដ​-១៩ លើ​មនុស្ស​រាប់ម៉ឺន​នាក់ បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន​ពីរ​នៅ​ខេត្ត Hai Duong និង Quang Ninh ។ មកទល់​ថ្ងៃទី​៣០ ខែមករា ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី រកឃើញ​ខេត្ត Hai Duong តែម្ដង​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមករា​ដដែល វៀតណាម​ដែលមាន​ប្រជាជន​ជាង​៩៦​លាន​នាក់ មាន​ករណី​ឆ្លង​សរុប​១៧៣៩​ប៉ុណ្ណោះ​។ វិធានការ​ធ្វើតេស្ត​លឿន ការតាមរក​អ្នកពាក់ព័ន្ធ​រហ័ស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​តឹងរ៉ឹង​ជួយ​ប្រទេស​នេះ​ឱ្យ​ចៀស​ផុតពី​ហានិភ័យ​ធ្ងន់ធ្ងរ​៕
 
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com