ភ្នំពេញ៖ លោក សៅ ផលរាសីហ៍ ជានាយកប្រតិបត្តិក្រុមហ៊ុន KOUPREY Creative Solutions។ មានវ័យ២៩ឆ្នាំ នាយកប្រតិបត្តិរូបនេះ បានដឹកនាំក្រុមហ៊ុន KOUPREY Creative Solutions ឱ្យក្លាយជាក្រុមហ៊ុនរចនាក្រាហ្វិក និងធ្វើម៉ាកសញ្ញាឈានមុខមួយនៅកម្ពុជា។ សម្រាប់សហគ្រិនវ័យក្មេងរូបនេះ ការផ្ដល់ទំនុកចិត្តជូនអតិថិជន ដោយការផ្ដល់សេវាកម្មដែលល្អ គឺជាមូលហេតុចម្បងដែលធ្វើឲ្យ KOUPREY ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារ។ មានបទពិសោធន៍ជិត៧ឆ្នាំ ក្នុងការធ្វើអាជីវកម្ម លោក សៅ ផលរាសីហ៍ ចង់ឱ្យយុវជនដែលបានកំណត់គោលដៅខ្លួនហើយ គួរចាប់ផ្ដើមធ្វើកាន់តែឆាប់កាន់តែល្អ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក សៅ ផលរាសីហ៍ នាយកប្រតិបត្តិក្រុមហ៊ុន KOUPREY Creative Solutions ដូចតទៅ៖
រយៈពេលជិត៧ឆ្នាំហើយ ដែលក្រុមហ៊ុនរចនាក្រាហ្វិក និងធ្វើម៉ាកសញ្ញា KOUPREY Creative Solutions បានដំណើរការ។ អំឡុងពេលកំពុងសិក្សាផ្នែកស្ថាបត្យកម្ម នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក សៅ ផលរាសីហ៍ និងមិត្តរួមថ្នាក់ គឺលោក ហាក់ ធារ៉ា បានរួមគ្នាជាក្រុមមួយធ្វើការងាររចនាក្រាហ្វិកក្រៅម៉ោង ដើម្បីសន្សំបទពិសោធន៍។ ក្រោយរៀនចប់ គួបផ្សំមានបទពិសោធន៍ និងមានអតិថិជនស្គាល់ស្រាប់ផង លោក សៅ ផលរាសីហ៍ និងលោក ហាក់ ធារ៉ា បានបើកក្រុមហ៊ុន KOUPREY នេះឡើងក្នុងឆ្នាំ២០១៤ ដែលកាលណោះ មានដើមទុនត្រឹម៥០០ដុល្លារ ដែលសន្សំបានពីការធ្វើការងារក្រៅម៉ោងប៉ុណ្ណោះ។ ក្រោយដំណើរការបាន១ឆ្នាំ មិត្តភ័ក្ភរបស់លោកម្នាក់ទៀត គឺ លោក នូ វិចិត្រ បានចូលរួមដឹកនាំក្រុមហ៊ុនគោព្រៃ (KOUPREY Creative Solutions) ដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានសហស្ថាបនិកចំនួន៣នាក់។
ផ្ដើមពីក្រុមធ្វើការងារក្រៅម៉ោង រហូតក្លាយជាក្រុមហ៊ុន រចនាក្រាហ្វិក និងធ្វើម៉ាកសញ្ញាដ៏ល្បីមួយ បច្ចុប្បន្នគោព្រៃ (KOUPREY Creative Solutions) មានអតិថិជនដែលជាក្រុមហ៊ុនធំៗជាច្រើន ទាំងជាតិ និងអន្តរជាតិ បានប្រើប្រាស់នូវសេវាកម្មរបស់ខ្លួន។ លោក សៅ ផលរាសីហ៍ បានប្រាប់ថា ក្រុមហ៊ុនរបស់លោក ដំណើរការរលូនមកដល់សព្វថ្ងៃ ដោយសារ ការព្យាយាម ការផ្ដល់ទំនុកចិត្តដល់អតិថិជន និងការចាប់ផ្ដើមអាជីវកម្មបានលឿន។
សហគ្រិនវ័យ២៩ឆ្នាំរូបនេះ បានរៀបរាប់ដូច្នេះថា៖«ខ្ញុំគិតថា គឺការផ្ដល់ទំនុកចិត្តជូនអតិថិជន ដោយការផ្ដល់សេវាកម្មដែលល្អ។ ដំបូងខ្ញុំអាចនិយាយបានថា ពេលចាប់ផ្ដើមដំបូង សេវាកម្មយើងមិនសូវល្អទេ ព្រោះយើងធ្វើគ្នាតិច។ ប៉ុន្តែយើងបានព្យាយាមអភិវឌ្ឍន៍វារហូតមកថ្ងៃហ្នឹង ហើយទំនុកចិត្តអតិថិជន ការងារល្អ ហើយយើងមានធនធានធំ។ មួយទៀត យើងអាចចាប់ផ្ដើមវាបានលឿន ពេលដែលមិនសូវមានការប្រកួតប្រជែង។ ខ្ញុំគិតថា វាក៏ជាកត្តាដែលអាចឱ្យយើងធំ មកដល់ពេលហ្នឹងដែរ»។
បច្ចុប្បន្ន ក្រុមហ៊ុន KOUPREY Creative Solutions មានសេវាកម្មជាច្រើនដូចជារចនាក្រាហ្វិក ធ្វើម៉ាកសញ្ញា, ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល, ការផលិតវីដេអូ ថតរូប និងសេវាកម្មជាច្រើនទៀតស្របតាមតម្រូវការអតិថិជន។ ដោយមើលឃើញថា វិស័យរចនាក្រាហ្វិកនៅកម្ពុជា កំពុងតែរីកចម្រើន អ្នកជំនួញវ័យក្មេងលោក សៅ ផលរាសីហ៍ ក្រុមហ៊ុន KOUPREY Creative Solutions នឹងកាន់តែរីកចម្រើន និងនៅតែឈានមុខគេនៅក្នុងទីផ្សារ។
«ទីផ្សារហ្នឹងមានច្រើនជាងមុន ប៉ុន្តែស្របពេលនេះ គឺតម្រូវការសម្រាប់មុខជំនាញហ្នឹង ក៏កើនឡើងខ្លាំងដែរ ព្រោះដូចយើងដឹងហើយសេដ្ឋកិច្ចយើង រីកចម្រើន មនុស្សមានលុយចាយច្រើនជាងមុន ម្ចាស់ផលិតផលគាត់ចំណាយលុយច្រើនជាងមុន អីចឹងតម្រូវការសម្រាប់ជំនាញហ្នឹងគឺកាន់តែច្រើន»។ នេះជាការបញ្ជាក់ថាលោក សៅ ផលរាសីហ៍។
មានបទពិសោធន៍ជិត៧ឆ្នាំ ក្នុងវិស័យជំនួញ លោក សៅ ផលរាសីហ៍ ចង់ឱ្យយុវជនដែលមានគោលដៅ គួរតែចាប់ផ្ដើមអាជីវកម្មឱ្យកាន់តែឆាប់កាន់តែល្អ ព្រោះវាជាឱកាស និងជាពេលដ៏ល្អ សម្រាប់រៀនសូត្រ។ នាយកប្រតិបត្តិរូបនេះ បានផ្ដាំដូច្នេះថា៖«ប្រសិនបើយើង មានគោលដៅ ថាចង់ចាប់ផ្ដើមអ្វីមួយហើយគឺចាប់ផ្ដើមវាកាន់តែឆាប់កាន់តែល្អ ព្រោះការចាប់ផ្ដើមកាន់តែឆាប់ យើងអាចជោគជ័យ យើងអាចដួលតែយើងអាចរៀនច្រើន»៕