អន្តរជាតិ
លោក ង្វៀន ភូ​ជុង ត្រូវ​ជ្រើសតាំង​ជា​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​៥​ឆ្នាំ​ទៀត
31, Jan 2021 , 2:47 pm        
រូបភាព
លោក ង្វៀន ភូជុង (ឆ្វេងទីបី) ទទួលបាច់ផ្កាពីនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក (ឆ្វេងទីបួន) ក្រោយត្រូវជ្រើសតាំងជាលេខាបក្សកុម្មុយនីស្តវៀតណាម។ រូបថតពីវេបសាយកាសែតរដ្ឋាភិបាលវៀតណាម។
លោក ង្វៀន ភូជុង (ឆ្វេងទីបី) ទទួលបាច់ផ្កាពីនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក (ឆ្វេងទីបួន) ក្រោយត្រូវជ្រើសតាំងជាលេខាបក្សកុម្មុយនីស្តវៀតណាម។ រូបថតពីវេបសាយកាសែតរដ្ឋាភិបាលវៀតណាម។
​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នីតិ​កាល​ទី​១៣ នៅ​ថ្ងៃទី​៣១ ខែមករា បាន​បោះឆ្នោត​គាំទ្រ​លោក ង្វៀន ភូ​ជុង ឱ្យ​បន្ត​កាន់តំណែង​អគ្គលេខាបក្ស​ដដែល ទោះ​វ័យ​កាន់តែ​ជ្រេ និង​កាន់តំណែង​នេះ​ពីរ​អាណត្តិ​ក្ដី​។ លោក ង្វៀន ភូ​ជុង នឹង​ក្លាយជា​មេដឹកនាំ​វៀតណាម​ដែល​កាន់អំណាច​បានយូរ​ក្នុងពេល​ច្រើន​ទសវត្សរ៍​មកនេះ​។

 
​នា​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៣១ ខែមករា គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នីតិ​កាល​ទី​១៣ បាន​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មី​ដូចជា​សមាជិក​ការិយាល័យ​នយោបាយ អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស និង​បេក្ខភាព​ដែល​ត្រូវ​កាន់តំណែង​រដ្ឋ​ដូចជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា​។​
 
​លោក ង្វៀន ភូ​ជុង ត្រូវបាន​សមាជិក​គណៈ​មជ្ឈិម​គាំទ្រ​ជា​លេខា​បក្ស​បន្តទៀត​។ លោក ង្វៀន ភូ​ជុង កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០១១ មក ហើយ​នៅ​ឆ្នាំ​២០១៨ លោក​កាន់តំណែង​ប្រធានាធិបតី​មួយទៀត​ក្រោយ​មរណភាព​លោក ជិន ដាយ​គ័ង ដែល​ធ្វើឱ្យ​លោក​ក្លាយជា​មនុស្ស​មានអំណាច​ខ្លាំងក្លា​នៅ​វៀតណាម​។ អំឡុងពេល​កាន់តំណែង លោក ង្វៀន បើក​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​ក្នុងប្រទេស ដែលជា​ស្នាដៃ​សំខាន់​មួយ​របស់លោក​។ 
 
​ការណ៍​តំណែង​៥​ឆ្នាំ​ទៀត​របស់លោក ង្វៀន ភូ​ជុង ត្រូវ​ចាត់ទុកជា​លក្ខខណ្ឌ​ពិសេស​ដោយ​បក្ស​ផ្ទាល់​។ មិនមាន​ការពន្យល់​ណា​ទាក់ទង​ការពន្យារពេល​ចូលនិវត្តន៍​របស់លោក ង្វៀន ដែលមាន​វ័យ​៧៦​ឆ្នាំ​ទៅហើយ​។ ប៉ុន្តែ​អវត្តមាន​បេក្ខជន​ដែល​សក្តិសម ឬ​មានការ​គាំទ្រ​ច្រើន​ពី​ផ្ទៃក្នុង​បក្ស អាចជា​មូលហេតុ​មួយ​ដែរ​។​
 
​ខណៈ​លោក ង្វៀន ភូ​ជុង បន្ត​ដឹកនាំ​បក្ស តំណែង​ប្រធានាធិបតី ត្រូវ​ជឿថា ធ្លាក់​លើ​លោក ង្វៀន សួន​ហ្វ៊ុ​ក ដែលជា​នាយករដ្ឋមន្ត្រី​។ លោក ង្វៀន ភូ​ជុង និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នឹង​កាន់តំណែង​រដ្ឋ​រៀងៗ​ខ្លួន​សិន​រហូតដល់​កិច្ចប្រជុំ​រដ្ឋសភា​ពេលខាងមុខ​។ ឯ​តំណែង​នាយករដ្ឋមន្ត្រី នឹង​បាន​ទៅ​លោក ផាម មិញ​ឈិ​ញ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈ​ចាត់តាំង​របស់​បក្ស​។ ដោយឡែក​តំណែង​ប្រធានរដ្ឋសភា​ថ្មី ជា​លោក Vuong Dinh Hue ។ លោក Vuong នឹង​ជំនួស​លោកស្រី ង្វៀន ធី គីម ងិន​។ 
 
​វៀតណាម ទោះជា​ប្រកាន់​របប​ដឹកនាំ​កុម្មុយនីស្ត​ក្ដី មិនមាន​ឥស្សរជន​ណា​ក្ដាប់​អំណាច​តែឯង​ដូច​នៅ​កូរ៉េខាងជើង ឬ​ចិន​ឡើយ​។ ក្នុងចំណោម​សំខាន់​ទាំង​បួន លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម មានអំណាច​ជាងគេ បន្ទាប់មក​មាន​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ចុងក្រោយ​ប្រធានរដ្ឋសភា​៕
 
 
 
 

Tag:
 ​វៀតណាម​
  ង្វៀន ភូ​ជុង​
© រក្សាសិទ្ធិដោយ thmeythmey.com