ជាតិ
វីដេអូ
ឃឹម សុ​ប៉ុច ឆ្លងកាត់​បទពិសោធន៍​ហាត់​ការ​ជិត​១​ឆ្នាំ​លើ​បច្ចេកទេស​កសិកម្ម​ទំនើប​នៅ​អ៊ីស្រាអែល​
31, Jan 2021 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ជា​និស្សិត​ឆ្នាំ​ទី​៤ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម យុវជន ឃឹម សុ​ប៉ុច បាន​ជាប់​ការហាត់​ការ​រយៈពេល​១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល កាលពី​ឆ្នាំ​២០១៩​។ យុវជន ឃឹម សុ​ប៉ុច អះអាងថា ការហាត់​ការ​នៅ​ប្រទេស​អ៊ឹ​ស្រា​អែល​មាន​សារសំខាន់​សម្រាប់​និស្សិត​កម្ពុជា ពិសេស​ជួយ​ឲ្យ​និស្សិត​កសិកម្ម​យល់ដឹង​ពី​បច្ចេកទេស​កសិកម្ម​ទំនើប​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ Thmey Thmey 25 ជាមួយ​លោក ឃឹម សុ​ប៉ុច និស្សិត​វិទ្យាសាស្ត្រ​កសិកម្ម​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដូចតទៅ​៖ 
 


​ការស្រឡាញ់ និង​ចំណង់​ចំណូលចិត្ត​លើ​ការដាំដុះ ជំរុញ​ឲ្យ​យុវជន ឃឹម សុ​ប៉ុច សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម និង​បាន​ប្រឡង​ជាប់​ទៅ​ហាត់​ការ​រយៈពេល ១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល​។ ដើម្បី​ជាប់​ជា​និស្សិត​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល សុ​ប៉ុច ត្រូវ​ឆ្លងកាត់​ការប្រឡង និង​ត្រូវ​ពឹង​ផ្អែកលើ​កម្រិត​ពិន្ទុ GPA រួមទាំង​ភាសា​អង់គ្លេស​។ 


 
​និស្សិត​កសិកម្ម​ឆ្នាំ​ទី​៤​រូបនេះ ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មាន​គោលដៅ​ថា​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល តាំងពី​ផ្ដើម​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ហើយ​ពេល​ខ្ញុំ​រៀន​ឆ្នាំ​ទី​៣ ខ្ញុំ​ក៏​ដាក់ពាក្យ​ប្រឡង ដើម្បី​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​»​។​
 
​ក្នុង​បទ​សម្ភាស​រវាង​សារព័ត៌មាន Thmey Thmey 25 យុវជន ឃឹម សុ​ប៉ុច លើកឡើងថា រយៈពេល​១១​ខែ​នៃ​ការហាត់​ការ​នេះ ធ្វើ​ឲ្យ​រូបលោក ទទួលបាន​ចំណេះដឹង​កសិកម្ម​ជាច្រើន ដូចជា បច្ចេកទេស​កសិកម្ម ការស្រោចស្រព និង​ការប្រើប្រាស់​គ្រឿងចក្រ​ជាដើម​។ លើសពី​ការហាត់​ការដែល​បានទទួល​ចំណេះដឹង សុ​ប៉ុច ក៏បាន​យល់ដឹង​ពី​របៀបរបប​នៃ​ការរស់នៅ​ក្នុងប្រទេស​អ៊ីស្រាអែល ពិសេស​ការធ្វើ​កសិកម្ម​ដ៏​ទំនើប របស់​ប្រទេស​ស្ដេច​កសិកម្ម​មួយ​នេះ​។ 
 
​និស្សិត​កសិកម្ម​វ័យ​២៤​ឆ្នាំ​រូបនេះ បន្តថា ការហាត់​ការ​នេះ មាន​ផល​ល្អ​សម្រាប់​និស្សិត ហើយក៏​មាន​ផល​លំបាក​សម្រាប់​លោក​ផងដែរ​។ សុ​ប៉ុច និយាយថា ការរស់នៅ និង​វប្បធម៌​របស់​ប្រទេស​គេ អាចជា​ការលំបាក​សម្រាប់​លោក​។ 


 
​ទោះជា​មាន​ផល​លំបាក​មួយផ្នែក​ក៏ដោយ តែ​សុ​ប៉ុច នៅតែ​តស៊ូ​រហូតដល់​បញ្ចប់​ការហាត់​ការ​ដោយ​ជោគជ័យ​។ ជាមួយគ្នានេះ បច្ចេកវិទ្យា​កសិកម្ម​ទំនើប​របស់​ប្រទេស​អ៊ីស្រាអែល បានធ្វើ​ឲ្យ​យុវជន សុ​ប៉ុច ដក់ចិត្ត​ចំពោះ​ការធ្វើ​កសិកម្ម​។ កូន​អ្នក​ខេត្តពោធិ៍សាត់​រូបនេះ ជំរុញ​ឲ្យ​និស្សិត​កម្ពុជា ដែល​សិក្សា​ជំនាញ​កសិកម្ម គួរ​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​។ 
 
​យុវជន ឃឹម សុ​ប៉ុច បញ្ជាក់ថា​៖ «​និស្សិត​កសិកម្ម គួរ​ចូលរួម​ការហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ព្រោះថា​វា​ជា​មេរៀន​មួយ​ដ៏​ល្អ​បំផុត មិន​ត្រឹមតែ​រៀន​ពី​មេរៀន​ទេ ប៉ុន្តែ​រៀន​ពី​មេរៀន​ជីវិត​ផងដែរ​។ បន្ទាប់ពី​ចូលរួម​ហាត់​ការ​ហើយ ធ្វើ​ឲ្យ​ដឹងថា​វិស័យ​កសិកម្ម​នេះ គេ​ធ្វើ​របៀប​ម៉េច ហើយ​ត្រូវមាន​ភាព​អត់ធ្មត់​ម៉េច​»​។ បើតាម​យុវជន ឃឹម សុ​ប៉ុច ការហាត់​ការ​មួយ​នេះ​ជំរុញ​ឲ្យ​ស្រឡាញ់ និង​ចូលចិត្ត​វិស័យ​កសិកម្ម​កាន់តែខ្លាំង ព្រមទាំង​ចង់​ចូលរួមចំណែក​ជួយ​ដល់​កសិករ តាមរយៈ​មេរៀន និង​បទពិសោធន៍​កសិកម្ម ដែល​បាន​ជួប​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​ការ​សហប្រតិបត្តិការ​រ​បស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជាមួយ​ក្រុមហ៊ុន Agrostudies ផ្ដោតលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម ចាប់តាំងពី​ឆ្នាំ ២០០៨ ក្នុង​គោលបំណង​លើ​កម្ពស់​ការអប់រំ​ទាំង​ផ្នែក​ទ្រឹស្ដី និង​ការអនុវត្ត​សមត្ថភាព​និស្សិត​បន្ថែម​។ រហូត មកទល់ពេលនេះ កម្ពុជា បាន​បញ្ជូន​និស្សិត​ចំនួន ១២៧១​នាក់​ទៅ​ហាត់​ការ នៅ​ប្រទេស​អ៊ីស្រាអែល​៕
 













Tag:
 កសិកម្ម​
  អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com