ជាតិ
សេដ្ឋកិច្ច
ក្រសួង​អប់រំ ទទួលបាន​ថវិកាជាតិ​ជាង​៨០០​លាន​ដុល្លារ សម្រាប់​ចំណាយ​ឆ្នាំ​២០២១
31, Jan 2021 , 4:19 pm        
រូបភាព
លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដឹកនាំ​កិច្ចប្រជុំ កន្លងមក​។​
លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដឹកនាំ​កិច្ចប្រជុំ កន្លងមក​។​
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ថវិកាជាតិ​ជាង​៨០០​លានដុល្លារ ដើម្បី​ធានា​ការអនុវត្ត​សកម្មភាព​អប់រំ ឲ្យ​មាន​គុណភាព សមធម៌ និង បរិ​យា​ប័ន្ន រួមទាំង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​។ នេះ​បើតាម​សៀវភៅ​ថវិកា​សង្ខេប​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​



​លើសពីនេះ ការប្រើប្រាស់​កញ្ចប់​ថវិកា​ទាំងនេះ ក៏​ដើម្បី​ធានា​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ ផងដែរ​។ ដើម្បី​សម្រេច​នូវ​គោលដៅ​ទាំងនេះ ក្រសួង​អប់រំ​បានរៀបចំ​កម្មវិធី​អភិវឌ្ឍ​ចំនួន​៥ ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​ប្រចាំ​២០២១​។ 
 
​ក្នុងចំណោម​កញ្ចប់​ថវិកា​ជាង​៨០០​លាន​ដុល្លារ ជាង​៧០​លាន​ដុល្លារ គឺ​សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​អប់រំ​ក្នុង​-​ក្រៅ​ប្រព័ន្ធ និង​មិន​ផ្លូវការ​, ជាង​៧,៥​លាន​ដុល្លារ សម្រាប់​កម្ម​វី​ធី​អភិវឌ្ឍ​ឧ​ត្ត​មសិ​ក្សា និង​ការស្រាវជ្រាវ និង​ជាង​១៧,៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​។ រីឯ ថវិកា​ជិត​៣,៩​លាន​ដុល្លារ សម្រាប់​កម្ម​វី​ធី​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស ជំនាញ​ទន់ និង​សហគ្រិនភាព​សម្រាប់​យុវជន និង ជាង​៦៥៨​លាន​ដុល្លារ​ទៀត សម្រាប់​ការគាំទ្រ​សេវា​អប់រំ និង​អភិបាលកិច្ច​ល្អ​។​
 
​សូមជម្រាបថា សម្រាប់​ឆ្នាំ​២០២១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ថវិកាជាតិ​ច្រើនជាងគេ ក្នុងចំណោម​ក្រសួង​-​ស្ថាប័ន​ចំនួន​៣៧​របស់​កម្ពុជា​។ បន្ទាប់មក ក្រសួងការពារជាតិ​ទទួលបាន​ថវិកាជាតិ ជាង​៦៤០​លាន​ដុល្លារ​, ក្រសួងសុខាភិបាល​ទទួល​បាន​ជាង​៤៣០​លាន​ដុល្លារ​, ក្រសួងមហាផ្ទៃ​ទទួលបាន​ជាង​៤២០​លាន​ដុល្លារ និង ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​និ​តី​សម្បទា ទទួលបាន​ថវិកាជាតិ​បាន​ជិត​៣២២​លាន​ដុល្លារ​៕ 

Tag:
 អប់រំ​
  ថវិកាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com