ជាតិ
លោក ថោង ខុន សរសើរ​សហគមន៍​ទេសចរណ៍​ជី​ផាត ក្រោយ​ពលរដ្ឋ​ឈប់​កាប់​ឈើ​មក​ធ្វើ​អ្នក​នាំ​ភ្ញៀវទេសចរ​
31, Jan 2021 , 4:59 pm        
រូបភាព
ដោយ:
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សរសើរ​ពី​សហគមន៍​ទេសចរណ៍​ជី​ផាត ដែល​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកប​របរ​កាប់បំផ្លាញ​ព្រៃឈើ បរបាញ់​សត្វ ប្ដូរ​មក​ធ្វើជា​អ្នក​នាំ​ទេសចរ ឬ​លក់ដូរ​វិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក ថោង ខុន ក្នុងឱកាស​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​អង្គរ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៧ មករា ឆ្នាំ​២០២១​។

 
​រដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើងថា សហគមន៍​ទេសចរណ៍​ជី​ផាត បាន​បញ្ចូល​សកម្មភាព​ទេសចរណ៍​ទៅក្នុង​សហគមន៍​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ច​ពី​សហគមន៍​។ ពលរដ្ឋ​ក្នុង​សហគមន៍ ឈប់​ប្រក​បរបរ​ខុសច្បាប់ ឬ​អាជីវកម្ម​ដែល​បំផ្លាញ​ធនធានធម្មជាតិ ដូចជា​ឈប់​បរបាញ់​សត្វ និង​ឈប់​កាប់បំផ្លាញ​ព្រៃឈើ ដោយ​ប្ដូរ​មក​ធ្វើជា​អ្នក​នាំ​ភ្ញៀវទេសចរ លក់​ម្ហូបអាហារ លក់​វត្ថុ​អនុស្សាវរីយ៍ ដឹក​អ្នកទេសចរ បើក​ផ្ទះសំណាក់ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ដែល​បម្រើ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​។​


 
​លោក ថោង ខុន បាន​លើក​យ៉ាង​ដូច្នេះ​៖«​ផ្ទុយទៅវិញ​បើ​ផ្នែក​ឯកជន​មិន​ប្រើប្រាស់​សេវា​របស់​សហគមន៍ ដោយ​មិន​នាំ​ភ្ញៀវ​ឆ្លងកាត់​សហគមន៍​គឺ​ខុស​នឹង​គោលដៅ​សហគមន៍ និង​ផ្ទុយ​ពី​គោលការណ៍​ជាតិ​អេកូ​ទេសចរណ៍ ហើយ​វា​នឹងធ្វើ​ឲ្យ​សហគមន៍​មិន​ដំណើរការ​ក្នុង​រយៈពេល​យូរ ពិសេស​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​សហគមន៍​ជាដើម​»​។​
 
​បន្ទាប់ពី​ឈប់​បរបាញ់​សត្វ និង​កាប់បំផ្លាញ​ព្រៃឈើ ពលរដ្ឋ​នៅ​តំបន់​នោះ​ក៏បាន​ចូលរួម​ធ្វើជា​អ្នក​ល្បាត​ការពារ​ព្រៃឈើ​។ សកម្មភាព​ទាំងនេះ ជា​កត្តា​នាំ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​ក្នុង​សហគមន៍​ទេសចរណ៍​ជី​ផាត មានការ​កើនឡើង​មួយកម្រិត​ថែមទៀត​។​


 
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ស្ថិតនៅ​ភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​ដែលមាន​ចម្ងាយ​១២៦ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​តាមផ្លូវ​ជាតិ​លេខ​៤៨ ត្រង់ចំណុច​ផ្លូវបំបែក​ហួស​ស្ពាន​អណ្តូងទឹក​ប្រហែល ៥ គីឡូម៉ែត្រ រួច​បន្តដំណើរ​តាមផ្លូវ​គ្រួស​ក្រហម រហូតដល់​ភូមិ ជី​ផាត​តែម្តង​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​មាន កន្លែង​កម្សាន្ត​ជាង​១៥​កន្លែង​ដូចជា តំបន់​ពាង​៧០ ឬ​ភ្នំ​ពើង​និង​មឈូស​បុរាណ តំបន់​ពាង​បុរាណ​អូរ​កី តំបន់​ពាម​តា​ខាត់ អូរ​ស្ពាត ភ្នំ​ត្រ​ង៉ោ​ល ឆាយ​អូស​គូទ វាល​ប្រាក់ ឆាយ​ទឹក​វេទ ស្ទឹង​ព្រ័ត ថ្មអណ្តែត ដំណាក់​ខូ​ស និង​អូរ​ពាម​ក្រវ៉ា​ញ​។ 
 
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​ចំណុច​ទាក់ទាញ​ខ្លាំង​ដូចជា ការ​ជិះទូក​កម្សាន្ត ការមើល​សត្វព្រៃ ទឹកធ្លាក់ ជិះទូក​ចាក់​បង្កង​នៅពេល​យប់ និង​មើល​សម្រស់​ថ្ងៃ​លិច​ដែល​ជះ​លើ​ផ្ទៃ​ទឹក ពេល​ទេសចរ​ជិះទូក​កម្សាន្ត​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​៕


លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី២ឆ្នាំ២០២១នៅសណ្ឋាគារអង្គរ ខេត្តសៀមរាបនៅថ្ងៃទី២៧ មករា ២០២១


Tag:
 ថោង ខុន​
 ​ជី​ផាត​
 ​ព្រៃឈើ​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com