ជាតិ
សម្ដេច ហ៊ុន សែន ៖ កម្ពុជា​មិនទាន់​អាច​ពឹង​ផ្អែកលើ​ចំណូល​ប្រេង​នោះទេ​
01, Feb 2021 , 10:12 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិនទាន់​អាច​ពឹង​ផ្អែកលើ​ចំណូល​ពី​ប្រេងកាត​បាន​នៅឡើយ​ទេ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង  និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន ដែល​ប្រព្រឹត្តទៅ​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​។​




​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា អាច​បូម​ប្រេង​បាន​៧,០០០ ទៅ​៧,៥០០​បារ៉ែល ក្នុង​មួយថ្ងៃ តាមរយៈ​អណ្ដូងប្រេង​ទី​១ និង​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​៣០​ថ្ងៃនេះ​។ បើតាម​សម្ដេច ហ៊ុន សែន ប្រេង​ជាង​៧​ពាន់​បារ៉ែល​នេះ កម្ពុជា​អាច​រកចំណូលបាន​៣០​លាន​ដុល្លារ​អាមេរិក ក្នុងតម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​
 
​នាយករដ្ឋមន្ត្រី ចាត់ទុក​ចំណូល​ពី​ប្រេង​នេះ ស្ថិតនៅក្នុង​តំ​ហំ​តូច ដែល​មិនទាន់​អាចឈាន​ដល់​ការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​។​«​យើង​មិនទាន់​ពឹង​ផ្អែកលើ​ការផលិត​ប្រេង​បានទេ​»​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា ចំណូល​ប្រេង​៣០​លាន​ដុល្លារ​នេះ មិនទាន់​ស្មើ​ចំណូល​សារពើពន្ធ នៃ​ភ្ញៀវទេសចរ​១​លាន​នាក់ ដែល​មកលេង​កម្ពុជា​នោះឡើយ​។​
​ដ្បិត​មិនទាន់​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន មើលឃើញថា ចំណូល​ប្រេង​នេះ ក៏​វា​ជា​ផ្នែក​មួយ​នៃ​ដំណើការ​រីកចម្រើន​ឧស្សាហកម្ម​រ៉ែ​កម្ពុជា​។​
 
​កម្ពុជា បាន​រកឃើញ​ទីតាំង​ប្រេង នៅក្នុង​ប្លុក A មួយ​ហើយ ដែល​អាច​ផលិត​ប្រេង​បាន​៣០​លាន​បារ៉ែល​។ ក្រៅពី​ប្លុក A​នេះ ប្រេង​នៅលើ​ដែនទឹក​កម្ពុជា នៅសល់​៥​ប្លុក​ទៀត ខណៈ​នៅលើ​ដែន​គោក មាន​១៩​ប្លុក​ដែរ​។ នេះ​បើតាម​លោក ជៀប សួរ អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​។​
 
​លោក ជៀប សួរ បាន​បញ្ជាក់ថា ក្នុងចំណោម​ទីតាំង​ប្រេង​នៅ​ដែនទឹក​កម្ពុជា ចំនួន​៥​ប្លុក​ទៀត​នោះ គឺមាន ប្លុក​D ត្រូវបាន​ក្រុមហ៊ុន​បរទេសមួយ ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ផលិត​ប្រេង​ហើយ​។ ដូច្នេះ​នៅ​ប្លុក​ប្រេង​៤​ទៀត ដែល​រង់ចាំ​ការបោះ​ទុនវិនិយោគ​ពី​បរទេស​។​
 
​មិនមែន​តែ​ដែនទឹក​ទេ ក្នុង​ដែន​គោក​វិញ ក៏មាន​តំបន់​ប្រេង​ដែរ​។ លោក ជៀប សួរ បាន​បញ្ជាក់ថា ប្រេង​នៅ​ដែន​គោក មាន​ចំនួន​១៩​ប្លុក​ទៀត ដែល​ត្រូវការ​ក្រុមហ៊ុន​សហការ​វិនិយោគ​។​
​កាលពី​ចុងឆ្នាំ​២០២០​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​នឹង​យក​ចំណូល​បាន​ពី​ការលក់​ប្រេង​នេះ ទៅ​ផ្គត់ផ្គង់​លើ​វិស័យ​អប់រំ និង​សុខាភិបាល​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការផលិត​បាន​ប្រេងកាត​នេះ នឹង​ជួយ​កម្ពុជា​បង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យនេះ​មួយកម្រិត​ទៀត​៕
 

Tag:
 ហ៊ុន សែន​
  ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com