ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ប្រកាសមិនលូកដៃចូលផ្ទៃក្នុងមីយ៉ាន់ម៉ា
01, Feb 2021 , 11:43 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អ្នកស្រី អ៊ុងសាន ស៊ូជី ជួបគ្នានៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសអ្នកស្រី អ៊ុងសាន ស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីអំឡុងខែមេសា ឆ្នាំ២០១៩។ រូបពី AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អ្នកស្រី អ៊ុងសាន ស៊ូជី ជួបគ្នានៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសអ្នកស្រី អ៊ុងសាន ស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីអំឡុងខែមេសា ឆ្នាំ២០១៩។ រូបពី AFP
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សព្វផ្សាយព័ត៌មាន ជុំវិញបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដោយមេដឹកនាំកំពូល២រូបរបស់មីយ៉ាន់ម៉ា គឺ អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និង លោកប្រធានាធិបតី Win Myint ត្រូវយោធាចាប់ខ្លួន។ តែសម្តេច អះអាងថា កម្ពុជា មិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ មិនថា ក្នុងក្របខ័ណ្ឌអាស៊ាន ឬប្រទេសដទៃ ក្រៅពីអាស៊ាន។



ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលរៀបចំឡើងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុក បញ្ហានៅមីយ៉ាន់ម៉ា ថាជាកិច្ចការផ្ទៃក្នុងរបស់មិត្តភក្តិក្នុងក្របខ័ណ្ឌអាស៊ាន។ មេដឹនាំកម្ពុជា ប្រកាសជំហរថា៖«យើង គ្រាន់តែផ្សាយព័ត៌មាន ក៏ប៉ុន្តែ មិនត្រូវធ្វើអត្ថាធិប្បាយ»។

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានព័ត៌មានដ៏ភ្ញាក់ផ្អើលមួយនៅម៉ាយ៉ាន់ម៉ា ដោយអ្នកស្រី អ៊ុងសាន ស៊ូជី និង លោក Win Myint ត្រូវចាប់ខ្លួន ហើយយោធា ក៏បានឡើងកាន់អំណាចឡើងវិញ ដែលការដឹកនាំដោយយោធានេះ មីយ៉ាន់ម៉ា ធ្លាប់កើតមានរួចមកហើយ កាលពីអ្នកស្រី អ៊ុងសាន ស៊ូជី មិនទាន់ឈ្នះឆ្នោត។ ក្រោយមេដឹកនាំកំពូលទាំង២រូបនេះ ត្រូវចាប់ខ្លួន ប្រព័ន្ធអ៊ីនធឺណិតនានា នៅមីយ៉ាន់ម៉ា ត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់។ ឡើងកាន់អំណាចភ្លាម យោធាមីយាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១ឆ្នាំ។ 

អ្នកដែលកំពុងក្តាប់អំណាចក្នុងដៃ ក្រោយការធ្វើរដ្ឋប្រហារ គឺលោកឧត្តមសេនីយ៍ មីន អ៊ុង​ឡាំង ​អគ្គបញ្ជាការ​កងទ័ពមីយ៉ាន់ម៉ា ខណៈលោក  Myint Swe កាន់តំណែងប្រធានាធិបតីបណ្តោះអាសន្ន។

ភ្ជាប់ជាមួយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រម្លឹកវិបត្តិនៃសង្គ្រាមនិងតម្លៃនៃសន្តិភាពនៅកម្ពុជា។ សម្តេច លើកឡើង ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាជនរងគ្រោះ ដោយសារសង្គ្រាម ដែលអ្នកជំនាន់មុន បានបង្កើតឡើង។ សម្តេច បន្តថា អ្នកជំនាន់មុន ជាអ្នកបង្កើតសង្គ្រាម ហើយអ្នកជំនាន់ក្រោយ ជាអ្នកបញ្ចប់សង្គ្រាម ហើយការបញ្ចប់សង្គ្រាមនេះ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប។

មេដឹកនាំកម្ពុជារូបនេះ បញ្ជាក់ថា៖«យើង ធ្វើសមិទ្ធផលរបស់យើង ដោយយើងធ្វើដោយផ្ទាល់ដៃ ទើបយើង ដឹងថា តម្លៃសន្តិភាព វា ប៉ុនណា ហើយយើងត្រូវទប់ស្កាត់សង្ក្រាមរបៀបណា កុំឲ្យវាកើត»៕

Tag:
 ហ៊ុន សែន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com