Barcelona នឹងចាត់វិធានការតាមច្បាប់ដើម្បីប្រឆាំងកាសែតអេស្ប៉ាញ El Mundo ដែលផ្សាយព័ត៌មានជាសារធារណៈអំពីកិច្ចសន្យារវាងក្លិប និងតារាឆ្នើម Lionel Messi ក្នុងតម្លៃ ៤៩២ លានផោន (៦៧៥ លានដុល្លារអាមេរិក)។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមករា កាសែត El Mundo បានចុះផ្សាយយ៉ាងលម្អិតពីកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Messi នៅ Camp Nou ដែលមានតម្លៃប្រហែល ៥៥៥.២៣៧.៦១៩ អឺរ៉ូ គិតចាប់ពីឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។
នេះមានន័យថា ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំ ទទួលបានប្រាក់កិច្ចសន្យាពី Barcaរហូតដល់ ១៦៨លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាក៏ដោយ ក្លិបយក្សអេស្ប៉ាញបានបដិសេធចំពោះការចុះផ្សាយនេះ ហើយថែមទាំងអះអាងថានេះជាទង្វើមិនទទួលខុសត្រូវរបស់ El Mundo ចំពោះការបោះពុម្ពផ្សាយឯកសារទាំងនេះ។
ក្លិប Barcelona បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាពួកគេសោកស្តាយចំពោះការចុះផ្សាយដូច្នេះ និងបដិសេធរាល់ការទទួលខុសត្រូវចំពោះការចុះផ្សាយឯកសារនេះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែត El Mundo ចំពោះករណីណាមួយដែលអាចកើតឡើងដែលបណ្តាលមកពីលទ្ធផលនៃការចុះផ្សាយនេះ។
«Barcelona បង្ហាញការគាំទ្រដាច់ខាតចំពោះ Lionel Messi ពិសេសការប្រឈមមុខនឹងការប៉ុនប៉ងណាមួយដើម្បីបង្អាប់កេរ្តិ៍ឈ្មោះរបស់គាត់ និងបំផ្លាញទំនាក់ទំនងរវាងគាត់ និងក្លិបដែលគាត់រួមរស់រហូតក្លាយជាកីឡាករឆ្នើមបំផុតលើពិភពលោក និងក្នុងប្រវត្តិសាស្ត្របាល់ទាត់»។ នេះជាការអះអាងរបស់ក្លិបរហស្សនាមអ្នកមានបុណ្យ ដោយបន្ថែមថាពួកគេនឹងដាក់ពាក្យប្តឹងទៅកាសែត El Mundo នេះជាដាច់ខាត។
Messi ដែលចូលរួមជាមួយក្រុម Barcelona នៅអាយុ ១៣ឆ្នាំ ពោលគឺក្នុងឆ្នាំ២០០០ បានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមយក្សអេស្ប៉ាញមួយនេះនៅឆ្នាំ២០០៤។ គិតមកដល់ពេលនេះ ម្ចាស់ពាន Ballon D’or ៦សម័យកាល បានរកគ្រាប់ស៊ុតបញ្ចូលទីទី៦៥០គ្រាប់ហើយ ក្រោយទាត់បាល់ពិន័យ Free-kick ដើម្បីជួយ Barca ឈ្នះ Athletic Bilbao ២-១ ក្នុងជំនួបក្របខណ្ឌ La Liga នៅរាត្រីថ្ងៃទី៣១ ខែមករា។
នេះជាគ្រាប់បាល់ Free kick ដែល Messi ធ្វើបានជាលើកទី៤៩ក្នុងអាជីព និងជាគ្រាប់បាល់ទី ៦៥០ សម្រាប់ Barcelona ក្នុងនោះ ៤៥៦គ្រាប់ធ្វើបាននៅ La Liga។ រយៈពេល ១៧រដូវកាល Messi បង្ហាញខ្លួន Barca ៧៥៥ប្រកួត ស៊ុតបញ្ចូលទីបាន៦៥០គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី (Asisst) ២៨០លើក។
តាមរយៈជ័យជម្នះលើ Athletic Bilbao នេះ បានជួយ Barcelona ឡើងទៅឈរលេខ២ ក្នុងតារាងលីគកំពូលអេស្ប៉ាញ មាន៤០ពិន្ទុពីការប្រកួត២០លើក ស្មើក្រុមលេខ៣ Real Madrid ប៉ុន្តែតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ដែលរកបាន៥០ពិន្ទុ តែទើបប្រកួត១៩លើកប៉ុណ្ណោះ៕