អន្តរជាតិ
ជំងឺកូវីដ១៩វិវត្តថ្មីពីអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅអាមេរិក ខណៈអង់គ្លេសបិទជើងហោះហើរដើម្បីទប់វីរុសថ្មីនេះ រូបឯកសារ៖ បុគ្គលិកនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃរដ្ឋ South Carolina សម្រួលម៉ាសរបស់ខ្លួន។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មន្ត្រីបាននិយាយថា ជំងឺកូវីដ១៩វិវត្តថ្មីពីអាហ្វ្រិកខាងត្បូង ចំនួនពីរករណី ត្រូវបានរកឃើញនៅរដ្ឋ South Carolinaនេះ។
× មន្ត្រីសុខាភិបាលក្នុងរដ្ឋ South Carolina បានឲ្យដឹងថា ពួកគេបានរកឃើញជំងឺកូវីដ១៩ វិវិត្តថ្មីដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង ចំនួនពីរករណីដំបូងនៅក្នុងសហរដ្ឋអាមេរិក។
មកទល់ពេលនេះ វីរុសវិវត្តថ្មីនេះ មិនទាន់ឃើញបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងន់ជាងមុនទេ ប៉ុន្តែមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ទិន្នន័យដំបូងបង្ហាញថា វីរុសវិវត្តថ្មីនេះ អាចឆ្លងងាយស្រួល និងលឿនជាងបណ្ដាវីរុសវិវត្តថ្មីផ្សេងៗទៀត»។
អ្នកស្រី Krutika Kuppalli វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងប្រចាំសាកវិទ្យាល័យ Medical University of South Carolina បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញព័ត៌មាន CBS ថា៖ «វាគួរឲ្យភ័យខ្លាចណាស់» ព្រោះមានន័យថា ទំនងជាមានករណីនេះជាច្រើនទៀត ដែលមិនទាន់ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក។ «វាប្រហែលជាឆ្លងរាលដាលច្រើនជាងនេះ»។
មន្ត្រី [សុខាភិបាល] និយាយថា ពីរករណីដែលរកឃើញនៅរដ្ឋ South Carolina មិនទំនងជាជាប់ទាក់ទងនឹងការធ្វើដំណើរឡើយ។
វាជារឿងធម្មតាដែលវីរុសបម្លែងខ្លួន។ មកទល់ពេលនេះ ជំងឺកូវីដ១៩ វិវត្តថ្មីដែលមានប្រភពមកពីអង់គ្លេស និងប្រេស៊ីល ក៏ត្រូវបានគេរកឃើញនៅអាមេរិកផងដែរ។
ក្នុងព័ត៌មានជាប់ទាក់ទងគ្នានេះដែរ ទីភ្នាក់ងារព័តមាន Reuters បានរាយការណ៍ថា ចក្រភពអង់គ្លេសបានហាមឃាត់ជើងហោះហើរដោយផ្ទាល់មកពីទីក្រុង Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃសុក្រនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩វិវត្តថ្មីពីអាហ្វ្រិកខាងត្បូងនេះ ដែលគេបារម្ភថា មិនត្រឹមតែអាចឆ្លងលឿនជាងមុនប៉ុណ្ណោះទេ តែថែមទាំងអាចស៊ាំនឹងវ៉ាក់សាំងទៀតផង។
ជាផ្នែកនៃចំណាត់ការនេះ ចក្រភពអង់គ្លេសថា ខ្លួនបានបញ្ចូលប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅមជ្ឈិមបូព៌ា និងប្រទេសប៊ូរុនឌី និងរវ៉ាន់ដា នៅទ្វីបអាហ្វ្រិក ទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរដោយសារជំងឺកូវីដ១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com