ក្នុងពិធីបិទសមាជលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង ដែលត្រូវបានបោះឆ្នោតសម្រាប់តំណែងអគ្គលេខាធិការបក្សអាណត្តិទី៣ ដាក់គោលដៅបោសសម្អាតអំពើពុករលួយដដែលទាំងក្នុងជួរបក្ស និងក្នុងជួររដ្ឋាភិបាល។
មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា អ្នកជំនួញជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងទទួលទោសចំពោះអំពើសំណូក លាងលុយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវ ក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយដែលដាក់ចេញក្នុងឆ្នាំ២០១៣ ដោយលោក ង្វៀន ភូជុង អគ្គលេខាធិការគណៈមជ្ឈិមបក្ស។ យុទ្ធនាការនេះ នឹងនៅតែជាអាទិភាពក្នុងអាណត្តិទីបីរបស់លោក ង្វៀន ។
«សង្គ្រាមប្រឆាំង និងបង្ការអំពើពុករលួយនឹងមិនបញ្ឈប់ មិនសម្រាក និងគ្មានដែនកំណត់ បើទោះបីជាអ្នកណាពាក់ព័ន្ធក៏ដោយ»។ នេះជាការលើកឡើងរបស់លោក ង្វៀន ប្រាប់ទៅអ្នកសារព័ត៌មានក្រោយបិទសមាជបក្សលើកទី១៣ ។ ដោយចាត់ទុកការប្រឆាំងអំពើពុករលួយមានរយៈពេលយូរ ស្មុគស្មាញ និងត្រូវតែតឹងតែង លោក ង្វៀន និយាយថា ការខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានឆ្នាំមកបានបង្ការ និងកាត់បន្ថយអំពើពុករលួយត្រឹមកម្រិតមួយប៉ុណ្ណោះ។
ប្រមុខបក្សកុម្មុយនីស្តវៀតណាមរូបនេះ បញ្ជាក់ថា អំពើពុករលួយជាបញ្ហាដែលប្រទេសទាំងអស់ត្រូវប្រឈម ហើយអ្វីដែលត្រូវដោះស្រាយ គឺទំហំនៃអំពើពុករលួយទាំងនោះ។ លោក ង្វៀន និយាយថា លោកមិនអាចទទួលយកបានឡើយដែលទឹកប្រាក់រាប់រយពាល់លានដុល្លារត្រូវបាត់បង់ជារៀងរាល់ឆ្នាំដោយសារតែអំពើពុករលួយ។ នេះបើយោងតាមសារព័ត៌មានVN Express។
លោក ង្វៀន បន្ថែមពីលើតំណែងជាអគ្គលេខាធិការបក្ស ក៏បានដឹកនាំគណៈកម្មធិការអចិន្ត្រៃយ៍ប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០១៣ ហើយពង្រីកយុទ្ធនាការនេះកាន់តែខ្លាំងក្នុងឆ្នាំ២០១៧ ។ លោកង្វៀន និយាយថា ចាប់ពីឆ្នាំ២០១៨មក យុទ្ធនាការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តនៅទូទាំងប្រទេសបើទោះជាត្រូវលះបង់អ្វីក៏ដោយ។ ក្នុងឆ្នាំ២០១៩ យុទ្ធនាការនេះត្រូវបានអនុវត្តក្នុងវិស័យយោធាថែមទៀត ដោយតម្រូវឲ្យថ្នាក់ដឹកនាំយោធាបញ្ឈប់អំពើពុករលួយក្នុងការប្រើប្រាស់ និងគ្រប់គ្រងសម្បត្តិរដ្ឋ។
ជាមួយការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ លោក ង្វៀន ក៏ត្រូវបានមហាជនវៀតណាមកោតសសើរដែរ។ ប៉ុន្តែសម្រាប់អ្នកសង្កេតការណ៍មួយចំនួន យុទ្ធនាការនេះក៏ត្រូវបានរៀបចំឡើងដើម្បីកម្ចាត់អ្នកប្រឆាំងរូបលោកក្នុងជួរបក្ស និងដើម្បីក្តោបអំណាច។
អតីតរដ្ឋមន្ត្រីព័ត៌មាន អតីតប្រធានក្រុមហ៊ុនប្រងកាតជាតិ អតីតមន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន អតីតលេខាបក្សប្រចាំក្រុង និងខេត្ត ក៏ដូចជាឧត្តមសេនីយ៍សុទ្ធតែធ្លាក់ក្នុងសំណាញ់យុទ្ធនាការប្រឆាំងអំពើពុករលួយនេះ។
គួររំឭកថា សមាជបក្សកុម្មុយនីសត្តវៀតណាមលើកទី១៣ បានបោះឆ្នោតគាំទ្រលោក ង្វៀន ភូជុង ឱ្យបន្តកាន់តំណែងអគ្គលេខាបក្សអាណត្តិទី៣ ក្នុងវ័យ៧៦ឆ្នាំ។ លោក ង្វៀន ភូជុង នឹងក្លាយជាមេដឹកនាំវៀតណាមដែលកាន់អំណាចបានយូរក្នុងពេលច្រើនទសវត្សរ៍មកនេះ៕