ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សាទរ​លោក ង្វៀន ភូ​ជុង ដែល​ត្រូវបាន​បោះឆ្នោត​ឲ្យ​បន្ត​ដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម​
01, Feb 2021 , 10:39 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០។ រូបពី AFP
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០។ រូបពី AFP
​សម្តេច ហ៊ុន សែន បាន​សរសេរ​លិខិត ក្នុងនាម​ជា​តំណាង​គណៈកម្មាធិការ​ក​ណ្តា​ល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជូនទៅ​លោក ង្វៀន ភូ​ជុង ដើម្បី​អប​អរសាទរ​លោក ដែល​ត្រូវបាន​បោះឆ្នោត​ឲ្យ​នៅ​កាន់តំណែង​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្តវៀតណាម (​អគ្គលេខាធិការ​បក្ស​) សម្រាប់​អាណត្តិ​ទី​១៣ ដែលជា​អាណត្តិ​ថ្មី​។



​ក្នុង​លិខិត ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច ហ៊ុន សែន សរសេរ​ទៅកាន់ លោក ង្វៀន ភូ​ជុង ថា ការជ្រើសតាំង​លោក ឲ្យ​បន្ត​ដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម គឺ​ឆ្លុះបញ្ចាំង​ពី​ការជឿទុកចិត្ត​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​និង​ប្រជាជន​វៀតណាម ទៅលើ​ភាពឈ្លាសវៃ​និង​សមត្ថភាព​របស់លោក​។ 
 
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បង្ហាញ​ការជឿជាក់​ចំពោះ​លោក ង្វៀន ភូ​ជុង​ថា​៖«​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម បក្សកុម្មុយនិស្ត​វៀតណាម នឹង​បន្ត​អនុវត្ត​នូវ​គោលនយោបាយ​និងសេចក្តីសម្រេច​សំខាន់ៗ ដែល​ត្រូវ​បានអនុម័ត​ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៣ ប្រកបដោយ​ជោគជ័យ​ធំធេង​ថែមទៀត​»​។ 
 
​បន្ថែម​ពីនេះ ប្រធាន​បក្ស​កាន់អំណាច​កម្ពុជា បង្ហាញ​ការ​ជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និង ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​គណបក្ស​ខ្លួន និង​បក្សកុម្មុយនិស្ត​វៀតណាម នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ហើយ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ប្រយោជន៍ សម្រាប់​ប្រជាជាតិ​ទាំង​២​។ 
 
​លោក ង្វៀន ភូ​ជុង ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អគ្គ​លេ​ធិ​ការ​បក្សកុម្មុយនិស្ត​វៀត​ណា​ម ដោយ​មហាសន្និបាត​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​អាណត្តិ​ទី​១៣ ដែល​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី​២៥​ខែមករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​។ វា ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម ហើយ​ក៏ជា​ប្រវត្តិសាស្ត្រ​ក្នុង​បក្សកុម្មុយនិស្ត​វៀតណាម​ដែរ ដែល​លោក ង្វៀន ភូ​ជុង អាច​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀត​ណា​ដល់​ទៅ​៣​អាណត្តិ​ជាប់​គ្នា ខណៈ​អ្នក​មុនៗ កាន់​ត្រឹមតែ​២​អាណត្តិ​យ៉ាងយូរ​។ 
 
​ក្នុង​រចនាសម្ព័ន្ធ​បក្សកុម្មុយនិស្ត ដូចជា បក្សកុម្មុយនិស្ត​វៀតណាម និង បក្សកុម្មុយនិស្ត​ចិន ជាដើម អគ្គលេខាធិការ មានអំណាច​និង​ឋានៈ​ខ្ពស់​ជាងគេ ពោលគឺ អគ្គលេខាធិការ​បក្ស ប្រៀបដូចជា ប្រធាន​បក្ស​។ 
 
​ក្រៅពី​តំណែង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម គេ កំពុង​រង់ចាំ​មើល​តំណែង​៣​សំខាន់ៗ​ទៀត ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​របស់​វៀតណាម គឺ ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភា​។ តំណែង​ទាំង​៣​នេះ នឹងត្រូវ​សម្រេច​ដោយ​រដ្ឋសភា​វៀតណាម​៕ 

Tag:
 ហ៊ុន សែន​
  ង្វៀន ភូ​ជុង​
  បក្សកុម្មុយនិស្ត​វៀតណាម​
  មហាសន្និបាត​លើក​ទី​១៣
© រក្សាសិទ្ធិដោយ thmeythmey.com