COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រីករាយបន្តជាមួយ PSG ហើយសង្ឃឹម Mbappe នៅចាប់ដៃគូដដែល
× Neymar បង្ហាញយ៉ាងច្បាស់ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយ Paris Saint-Germain និងថែមទាំងជំរុញ Kylian Mbappe ឱ្យប្តេជ្ញាដើរផ្លូវនេះរួមគ្នា សម្រាប់ក្រុមម្ចាស់ការពារជើងឯក Ligue 1 បារាំង។ Neymar និង Mbappe សុទ្ធតែមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅចូលរួមជាមួយក្លិបធំៗនៅអេស្ប៉ាញ។
ខ្សែបម្រើឆ្នើមអន្តរជាតិប្រេស៊ីល បានចូលរួមជាមួយក្លិបយក្សបារាំងកាលពីឆ្នាំ២០១៧ ដោយទិញផ្តាច់កិច្ចសន្យាពី Barcelona ក្នុងតម្លៃកំណត់ត្រាថ្លៃជាងគេលើលោក ២៦៩លានដុល្លារអាមេរិក។
ថ្មីៗនេះ Neymar ត្រូវបានផ្សារភ្ជាប់ម្តងជាពីរដងទៅនឹងការវិលត្រឡប់ទៅកាន់ទឹដីអេស្ប៉ាញវិញដែលគេជឿងជាក់ថាអាចទាំង Barcelona ឬ Real Madrid។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរការផ្លាស់ប្តូរនាពេលនេះប្រហែលជាពិបាកនឹងកើតឡើង ខណៈពេលដែលក្លិបធំៗទាំងនោះកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺ COVID-19។
មិនត្រឹមតែ Neymar ឡើយសូម្បីតែមិត្តរួមក្រុមខ្លួន Mbappe ក៏មានការទាក់ទងជាមួយលោក Zinedine Zidane ផងដែរ ស្របពេលអ្នកចាត់ការសញ្ជាតិបារាំងរូបនេះចង់បានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងដូចគ្នាទៅជួយក្រុម Real Madrid។
ទាំង Neymar និង Mbappe សុទ្ធតែមានព័ត៌មានជុំវិញការផ្លាស់ទៅ LaLiga ខណៈកិច្ចសន្យារបស់កីឡាករឆ្នើមទាំងពីរជាមួយ PSG នឹងត្រូវដល់ថ្ងៃផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ ២០២១-២២។
ក្រោយមានការចុះផ្សាយជាហូរហែជុំវិញការចាកចេញ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល វ័យ២៨ឆ្នាំបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការស្នាក់នៅក្រុងប៉ារីស ដើម្បីជួយក្រុមដែលមានលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅបន្តទៀត។
អតីតសមាជិកក្រុម Santos បានប្រាប់ទូរទស្សន៍បារាំង TF1 ក្រោយការប្រកួតដែល PSG ចាញ់ Lorient ៣-២ ក្នុងជំនួបលីគនៅរាត្រីថ្ងៃទី៣១ ខែមករាថារូបគេនៅតែរីករាយក្នុងការបន្តជាមួយ PSG។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ មានការផ្លាស់ប្តូរជាច្រើននេះ តែខ្ញុំមិនអាចនិយាយបានថាមកពីមូលហេតុអ្វីនោះទេ។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំរីករាយណាស់ក្នុងការបន្តនៅទីនេះ»។
មិនត្រឹមតែអះអាងថារូបគេចង់នៅ PSG នោះទេ Neymar សង្ឃឹមថា Mbappe ក៏នឹងបន្តចាប់ដៃជាមួយខ្លួនផងដរ។ Neymar បន្ថែមថានេះជាបំណងប្រាថ្នារបស់ខ្លួន និងអ្នកគាំទ្រទាំងអស់សម្រាប់ក្លិបយក្សដែលមានមូលដ្ឋានក្នុងក្រុងប៉ារីស៕
Tag:
Paris Saint-Germain
Neymar
Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com