ជាតិ
កម្ពុជា គ្រោងស្នើ​បញ្ចូល«​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង»​​ក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិ​ភព​លោក​
01, Feb 2021 , 5:29 pm        
រូបភាព
  លោក នេត្រ ភក្ត្រា ដែលកំពុងស្ដិតនៅដំណាក់ទី១នៃភ្នំត្បែង ក្នុងខេត្តព្រះវិហារ
លោក នេត្រ ភក្ត្រា ដែលកំពុងស្ដិតនៅដំណាក់ទី១នៃភ្នំត្បែង ក្នុងខេត្តព្រះវិហារ
​ព្រះវិហារ​៖ ក្រសួងបរិស្ថាន កំពុង​សិក្សា​ពី​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង ដើម្បី​ស្នើ​ទៅ​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិ​ភព​លោក​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។​


​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ដំណាក់​ទីមួយ​នៃ​ផ្លូវ​ឡើងទៅ​លើ​កំពូលភ្នំ​ត្បែង តាម​ច្រក​សហគមន៍​តាំងយូ នៃ​ខេត្តព្រះវិហារ​ថា ក្នុង​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង មាន​ជីវចម្រុះ​កម្រ​ច្រើន​ប្រភេទ ដូចជា សត្វ​កែះ ប្រើស ឈ្លូស ខ្លាឃ្មុំ ជាដើម រួមទាំង​ឈើ​កម្រ​និង​ប្រណីត​ច្រើន​ប្រភេទ​ទៀត កំពុង​រស់ និង​ដុះ​ក្នុង​តំបន់​ការពារ​ភ្នំ​ត្បែង​។ ជាង​នោះ​ទៅទៀត ជំនឿ​សាសនា ដែលមាន​ផ្សារភ្ជាប់​ប្រពៃណី និង​ទំនៀមទម្លាប់ រក្សាបាន​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន ដោយ​បង្ហាញ​ពី​អត្តសញ្ញាណ​ប្រជាជន​ក្នុង​តំបន់ បន្ថែម​ដោយ​សក្ដានុពល​ទេសចរណ៍​ផង​នោះ ធ្វើឱ្យ​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការដាក់​ក្នុង​បញ្ជី​ត្រៀម ស្នើ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភ​លោក​។​
 
«​ទោះជា​យ៉ាងណា អ្នកជំនាញ​ស្នើសុំ​ឱ្យ​សិក្សា​ចំណុច​ចុងក្រោយ​បន្ថែម​ លើ​ផ្នែក​ទេសចរណ៍​ក្នុង​តំបន់ភ្នំ​ត្បែង​នេះ ដោយ​ភ្ជាប់​ទៅ​តំបន់​ប្រាសាទព្រះវិហារ ដែលជា​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។ យើង​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ភ្នំ​ត្បែង ផ្សារភ្ជាប់​ទៅ​ប្រាសាទព្រះវិហារ ពី​ភ្នំ​ត្បែង​ទៅ​កោះកែរ ពី​ប្រាសាទអង្គរវត្ត​មក​អតីត​រាជធានី​ផ្សេងៗ​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​យើង​ត្រូវការ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត មុននឹង​ដាក់ជូនទៅ​អង្គការ​យូណេស្កូ​»​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក នេត្រ ភក្ត្រា​។​


ក្រុមអ្នកសារព័ត៌មាន មន្ត្រីក្រសួងបរិស្ថាន អង្គការក្រៅរដ្ឋាភិបាល រួមទាំងប្រជាសហគមន៍ថតរូបអនុស្សាវរីយ នៅដំណាក់ទី១នៃភ្នំត្បែង ក្នុងខេត្តព្រះវិហារ
​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង មាន​ផ្ទៃដី​ជាង ២៥,២៦៤ ហិកតា ជាប់​ភូមិសាស្ត្រ​ស្រុក​៥ គឺ​ស្រុក​ត្បែងមានជ័យ ស្រុង​រវៀង ស្រុក​សង្គម​ថ្មី ស្រុក​គូលែន និង​ក្រុង​ព្រះវិហារ​។ តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង មាន​ប្រភេទ​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង ដោយនៅ​សេសសល់​ឈើ​ប្រណីត​ច្រើន ដូចជា​ឈើ​គ្រញូង បេង និង​ធ្នង់​ជាដើម រួមទាំង​ប្រភេទ​ឈើ​សម្រាប់​ធ្វើជា​ឱសថ​បុរាណ​ខ្មែរ​ផងដែរ​។ 
 
​តំបន់ការពារធម្មជាតិ​ភ្នំ​ត្បែង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចូល​ជា​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង នៅ​ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០១៦​។ នៅ​ជុំវិញ​ភ្នំ​ត្បែងមានជ័យ មាន​សហគមន៍​ចំនួន​៣ គឺ​សហគមន៍​តាំងយូ សហគមន៍​ចាក់អង្រែ និង​សហគមន៍​ដា​តា​វឹក​។​
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រំពឹងថា ប្រជា​សហគមន៍ ដែល​នៅ​ជុំវិញ​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​វិស័យ​ទេសចរណ៍វប្បធម៌​ធម្មជាតិ ការទាញយក​អនុផល​ព្រៃឈើ​ក្នុង​តំបន់ ក្រោយ​ការដាក់​ស្នើ​ទៅ​អង្គការ​យូណេស្កូ​៕
 
 
 
 

Tag:
 ព្រះវិហារ​
  ភ្នំ​ត្បែង​
 ​បរិស្ថាន​
  ធម្មជាតិ​
  វប្បធម៌​
  ជំនឿ​
  សាសនា​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com