អន្តរជាតិ
បង់​ក្លា​ដែ​ស សង្ឃឹម​មី​យ៉ាន់​ម៉ា​រក្សា​ផែនការ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ទោះ​មាន​រដ្ឋប្រហារ​ក្ដី​
01, Feb 2021 , 6:19 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង
 
​បង់​ក្លា​ដែ​ស អំពាវនាវ​ឱ្យមាន​សន្តិភាព និង​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា​ឡើងវិញ​បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​។ បង់​ក្លា​ដែ​ស ក៏​សង្ឃឹមថា​មី​យ៉ាន់​ម៉ា​រក្សា​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

 
«​យើង​បាន​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ទៅមក​ជាមួយ​មី​យ៉ាន់​ម៉ា និង​បានធ្វើការ​ជាមួយគ្នា​ដើម្បី​ការធ្វើ​មាតុភូមិនិវត្តន៍​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​បង់​ក្លា​ដែ​ស​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត សុវត្ថិភាព និង​និរន្តរភាព​។ យើង​ស​ង្ឃឺ​ម​ថា ដំណើរការ​ទាំងនេះ​នឹង​បន្ត​ទៅមុខទៀត​ដោយ​ភាពស្មោះត្រង់​។​» នេះ​ជាការ​លើកឡើង​របស់​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​ក្នុង​សេចក្តីថ្លែងការណ៍​មួយថ្ងៃ​ទី​១ ខែកុម្ភៈ ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​។​
 
​យោធា​មី​យ៉ាន់​ម៉ា បាន​ឃាត់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជាមួយនឹង​មេដឹកនាំ​ដទៃទៀត​ក្នុង​ជួរ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ មី​យ៉ាន់​ម៉ា ក៏​ស្ថិតក្នុង​ភាពអាសន្ន​មួយឆ្នាំ​ទៀតផង​។ 
 
​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​បន្តថា បង់​ក្លា​ដែ​ស សង្ឃឹមថា ដំណើរការ​ប្រជាធិបតេយ្យ និង​ការរៀបចំ​រដ្ឋធម្មនុញ្ញ នឹងត្រូវ​ប្រកាន់ខ្ជាប់​ដ​ដែល ហើយ​ក្នុងនាម​ជា​មិត្ត​ជិតខាង​គ្នា បង់​ក្លា​ដែ​ស​ក៏​ចង់ឃើញ​មី​យ៉ាន់​ម៉ា​មាន​សន្តិភាព និង​ស្ថិរភាព​ឡើងវិញ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​សូមបញ្ជាក់ថា បង់​ក្លា​ដែ​ស បានផ្តល់​ជា​ជម្រក​ឱ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​១​លាន​នាក់ ដែល​បាន​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​មី​យ៉ាន់​ម៉ា​។ កេរ្តិ៍ឈ្មោះ​របស់លោក​ស្រី ស៊ូ​ជី ក៏​ខូចខាត​ដោយសារ​រឿងនេះ​ដែរ ព្រោះ​លោកស្រី​មិនអាច​បញ្ឈប់​ការបណ្ដេញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា រាប់ពាន់នាក់​ចេញពី​ភាគ​ខាងលិច​ប្រទេស​ឆ្នាំ​២០១៧ មក​៕ 
 
 

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com