អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា
02, Feb 2021 , 2:23 pm        
រូបភាព
យោធាមីយ៉ាន់ម៉ា ឈរយាមតាមដងវិថីសំខាន់ក្នុងរដ្ឋធានីណៃពិដោ។ រូបថត AFP
យោធាមីយ៉ាន់ម៉ា ឈរយាមតាមដងវិថីសំខាន់ក្នុងរដ្ឋធានីណៃពិដោ។ រូបថត AFP
ប្រសិនគ្មានការប្រែប្រួលទេ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែកុម្ភៈ ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា និងវិធានការឆ្លើយតបលើក្រុមយោធា ។ នេះបើតាមការបញ្ជាក់របស់អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែកុម្ភៈ។ 

 
អត្ថបទទាក់ទង
 
 
ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំមីយ៉ាន៉ម៉ាតាមរយៈរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិមកលើក្រុមយោធា។ អាមេរិក អូស្រ្តាលី អឺរ៉ុប និងប្រទេសផ្សេងទៀត សុទ្ធជំរុញឱ្យយោធាផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៊ីវិល។ 
 
ចំណែកចក្រភពអង់គ្លេស ដែលជាអតីតម្ចាស់អាណានិគមលើមីយ៉ាន់ម៉ា បានរិះគន់ក្រុមយោធា ដែលបានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយផ្សេងទៀត។ ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិ ក្នុងខែកុម្ភៈ លោកស្រី Barbara Woodward អគ្គរាជទូតចក្រភពអង់គ្លេស បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ នឹងជាកិច្ចប្រជុំបិទទ្វារ និងធ្វើឡើងតាមប្រព័ន្ធវីដេអូ។ 
 
«រឿងដែលសំខាន់បំផុត គឺក្រុមប្រឹក្សាសន្តិសុខនឹងឆ្លើយតបលើការធ្វើរដ្ឋប្រហារយោធា និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីជួយអ្នកដែលត្រូវបានឃុំខ្លួន ឱ្យយោធាដោះលែងវិញ»។ លោកស្រី Woodward ប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា កិច្ចប្រជុំនេះ ក៏ជជែកពីវិធានការ ដែលជំរុញឱ្យមីយ៉ាន់ម៉ា បកទៅដើរលើផ្លូវប្រជាធិបតេយ្យវិញដែរ។ 
 
ទាក់ទិននឹងវិធានការឆ្លើយតបលើក្រុមយោធា ប្រេសិតរបស់ចក្រអង់គ្លេសរូបនេះ បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹងពិនិត្យមើលវិធានការមួយចំនួនផងដែរ។ ប៉ុន្តែ លោកស្រី Woodward ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ លោកស្រី មិនទាន់មានគំនិតជាក់លាក់ណាមួយលើវិធានការ ដើម្បីឆ្លើយនឹងស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាឡើយ។ 
 
ចំណែកអ្នកនាំពាក្យប្រតិភូតំណាងចិននៅអង្គការសហប្រជាជាតិវិញ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ចិនសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ នឹងជួយឱ្យស្ថានការណ៍មីយ៉ាន់ម៉ាមានស្ថិរភាព ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេ ថាតើក្រុមប្រឹក្សាសន្តិសុខ អាចឈានដល់ការប្រកាសដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ាឬអត់ឡើយ។ 
 
កន្លងមក នៅក្នុងវិបត្តិរ៉ូហ៊ីងយ៉ា ចិន បានប្រើសិទ្ធិវ៉េតូរបស់ខ្លួនជាច្រើនលើក ដើម្បីជំទាស់នឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើមីយ៉ាន់ម៉ា៕ 
 

Tag:
 មីយ៉ាន់ម៉ា
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com