អន្តរជាតិ
រឿងអ្នករិះគន់បេសកកម្មនៅចិន៖ WHO ថា ប្រទេសខ្លះជំទាស់ ទាំងរបាយការណ៍មិនទាន់មានផង
02, Feb 2021 , 7:29 pm        
រូបភាព
លោកMichael Ryan មន្ត្រីទទួលបន្ទុកកិច្ចការបន្ទាន់WHO។ រូបភាព៖ Reuters
លោកMichael Ryan មន្ត្រីទទួលបន្ទុកកិច្ចការបន្ទាន់WHO។ រូបភាព៖ Reuters
ដោយ:
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ កុម្ភៈ ប្រតិកម្មច្រានចោលការទិតៀនលើការស៊ើបអង្កេតប្រភពនៃជំងឺកូវីដ-១៩ ដោយក្រុមអ្នកជំនាញរបស់ខ្លួននៅចិន។ មន្ត្រី WHO លើកឡើងថា ប្រទេសខ្លះ មិនទទួលយកលទ្ធផលស៊ើបអង្កេតទាំងដែលមិនទាន់មានរបាយការណ៍ផង ឯប្រទេសខ្លះអះអាងថា ខ្លួនមានព័ត៌មានពីជំងឺកូវីដ-១៩ ច្រើនជាងស្ថាប័ន WHO ទៅទៀត។

 
ពេលដែលក្រុមអ្នកជំនាញរបស់ WHO កំពុងស្ថិតនៅទឹកដីចិនដើម្បីស្រាវជ្រាវពីប្រភពជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ពាក្យរិះគន់ក៏នៅតែបន្តលើបេសកកម្មអន្តរជាតិនេះ។ ការស្រាវជ្រាវនេះ ក្លាយជារឿងតានតឹងផង ដោយប្រទេសខ្លះបដិសេធមិនទទួលយករបាយការណ៍ស្រាវជ្រាវ ទាំងមុនពេលក្រុមការងារមិនទាន់បញ្ចប់ការស៊ើបអង្កេត ហើយចេញជារបាយការណ៍ផង ចំណែកអ្នករិះគន់ខ្លះអះអាងថា មានព័ត៌មានផ្សេងដែលបង្ហាញពីការផ្ទុះនៃជំងឺនេះ។
 
 
«បើអ្នកមានចម្លើយ សូមប្រាប់ឱ្យយើងដឹងផង»។ នេះជាការលើកឡើងរបស់លោក Michael Ryanប្រធានផ្នែកកិច្ចការបន្ទាន់របស់ WHO នាសន្និសីទសារព័ត៌មានថ្ងៃទី១ ខែកុម្ភៈ។ ពីទីក្រុងហ្សឺណែវ មន្ត្រីរូបនេះបន្ថែមថា ក្រុមអ្នកជំនាញ WHO ត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ និងគួរតែអាចបញ្ចប់ការងាររបស់ខ្លួនបាន។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Ryan និយាយថា ក្រុមអ្នកជំនាញជំងឺឆ្លងនៅចិនរកឃើញព័ត៌មានជាច្រើន ហើយព័ត៌មាននោះនាំឱ្យមានសំណួរជាច្រើនបន្ថែមទៀតដើម្បីស្វែងរកការពិត។ លោក Ryan អះអាងថា ការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញមិនខុសអ្វីពីរឿងស៊ើបអង្កេតឡើយ។
 
ចំពោះការស្រាវជ្រាវនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីខិន លើកឡើងថា ចិនត្រូវតែធ្វើយ៉ាងណាឱ្យមានតម្លាភាព ផ្តល់និងចែករំលែកព័ត៌មាន និងផ្តល់ឱកាសឱ្យក្រុមអ្នកជំនាញអាចចូលស្រាវជ្រាវតាមការចាំបាច់។
 
ក្រុមអ្នកជំនាញ WHO ចាប់ផ្តើមការស្រាវជ្រាវរបស់ខ្លួននៅថ្ងៃទី២៨ ខែមករា។ គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ក្រុមអ្នកជំនាញបានទៅពិនិត្យផ្សារលក់សត្វព្រៃ Huanan ដែលស្ថិតក្នុងការសង្ស័យជាកន្លែងផ្ទុះជំងឺ មន្ទីរពេទ្យដែលទទួលព្យាបាលអ្នកជំងឺនៅពេលមានករណីផ្ទុះដំបូង វិទ្យាស្ថានវីរុសសាស្ត្រវូហានដែលជាកន្លែងធ្វើតេស្តមេរោគ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅខេត្តហ៊ូប៉ី។ អ្នកជំនាញ WHO សង្ឃឹមថាមជ្ឈមណ្ឌលនោះអាចផ្តល់ព័ត៌មានពីការចម្លងមេរោគកូវីដ-១៩ពីសត្វប្រចៀវ ទៅមនុស្ស។ 
 
ចំពោះការពិនិត្យទីតាំងជាច្រើនកន្លែងនេះ លោកស្រី Maria Van Kerkhove អ្នកបច្ចេកទេសរបស់ WHO លើជំងឺកូវីដ-១៩ យល់ថា ទស្សនកិច្ចទាំងនោះបានផ្តល់ព័ត៌មានយ៉ាងលម្អិត ហើយព័ត៌មានទាំងនោះតម្រូវឱ្យមានការវិភាគរវាងក្រុមការងារ WHO និងភាគីចិន។ 
 
ខណៈពេលដែលក្រុមការងារអន្តរជាតិកំពុងធ្វើការស្រាវជ្រាវ សារព័ត៌មានរដ្ឋចិននៅតែបន្តលើកឡើងថាជំងឺនេះមានប្រភពក្រៅពីទឹកដីខ្លួន។ ជាក់ស្តែងការអះអាងថា ជំងឺកូវីដ-១៩ មានប្រភពក្រៅពីទឹកដីចិនត្រូវបានចុះផ្សាយជាថ្មីនៅថ្ងៃទី២ ខែកុម្ភៈក្នុងកាសែត Global Times របស់បក្សកុម្មុយនីស្តចិន។ ចិនក៏ធ្លាប់បានលើកឡើងដែរថា មេរោគជំងឺកូវីដ-១៩ មានប្រភពក្នុងអាហារវេចខ្ចប់ដែលរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់នាំចូលពីបរទេស៕
 
 

Tag:
 ចិន
  អាមេរិក
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com