កីឡាអន្តរជាតិ
អន្តរជាតិ
យុត្តិធម៌លើការផ្តល់វ៉ាក់សាំងCOVID-19៖ មេ FIFA ថាកីឡាករបាល់ទាត់មិនគួរជាអាទិភាព
02, Feb 2021 , 9:29 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) យល់ឃើញថាកីឡាករបាល់ទាត់មិនគួរស្ថិតក្នុងក្រុមអាទិភាពសម្រាប់ការទទួលបានវ៉ាក់សាំង COVID-19 មុនគេឡើយ។



ប្រទេសមួយចំនួនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក ឬត្រៀមចាក់ នៅមុនអត្តពលិកពួកគេទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដែលនឹងចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តទៅ។ ប៉ុន្តែចំណាត់ការនេះ ត្រូវទទួលបានការរិះគន់ ព្រោះរំលងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាក្រុមគ្រូពេទ្យ ឬអ្នកមានវ័យចំណាស់ជាដើម។
 
ស្របពេលគ្នានេះដែរ លោក Infantino ដែលអះអាងពីការចូលរួមជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីលើកកម្ពស់ការទទួលបានវ៉ាក់សាំងបង្ការ COVID-19 ដោយយុត្តិធម៌និយាយថា លោកមិនមែនជាអ្នកគាំទ្រកីឡាករបាល់ទាត់ដែលកំពុងឈរតម្រង់ជួរឡើយ។ ក្នុងន័យនេះ ប្រធាន FIFA ចង់បញ្ជាក់ថា លោកមិនគាំទ្រឱ្យផ្តល់វ៉ាក់សាំងទៅកាន់កីឡាករជាអាទិភាពមុនអ្នករងគ្រោះដទៃនោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ។
 
ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោករូបនេះ បានប្រាប់អ្នកចូលរួមក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ពិតណាស់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងគឺប្រជាជនដែលប្រឈមនឹងគ្រោះថ្នាក់ និងសម្រាប់បុគ្គលិកសុខាភិបាល។ ខ្ញុំគិតថា មិនគួរពិចារណាដាក់កីឡាករបាល់ទាត់ជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងដំបូងគេឡើយ»។ 
 
ដោយឡែក ក្នុងបរិបទនៃការប្រកួតប្រជែងជាអន្តរជាតិ និងការធ្វើដំណើរ លោក Infantino យល់ឃើញថា ការទទួលបានការចាក់វ៉ាក់សាំងគួរធ្វើនៅចំណុចខ្លះ ហើយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូគឺធ្វើតែមួយពេលប៉ុណ្ណោះ។ ដូច្នេះលោកមិនគាំទ្រ ឱ្យក្រុមកីឡាករបាល់ទាត់ អត្តពលិក ឬមន្ត្រីដែលត្រូវចូលរួមអូឡាំពិកជាអាទិភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការ COVID-19 មុនអ្នកមានហានិភ័យនឹងជំងឺនេះឡើយ៕
 

Tag:
 Gianni Infantino
  COVID-19
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com