ជាតិ
សង្គមជាតិ
អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ថយចុះ៣៣៥នាក់ ក្នុងឆ្នាំ២០២០
× ភ្នំពេញ៖ ពេញមួយឆ្នាំ២០២០ ចំនួនអ្នកស្លាប់នៅកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន១,៦៦៤នាក់ដែលចុះ៣៣៥នាក់ ស្មើនឹង១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បើតាមប្រសាសន៍សម្តេច ស ខេង ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២កុម្ភៈ កម្ពុជាមានមនុស្សស្លាប់ជាមធ្យម៥នាក់ក្នុងមួយថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សម្តេច ស ខេង មានប្រសាសន៍ដូច្នេះ៖« ក្នុងឆ្នាំ២០២១នេះ យើងខិតខំកាត់បន្ថយចំនួនអ្នកស្លាប់ចរាចរណ៍ឱ្យនៅសល់ត្រឹម៤នាក់ក្នុងមួយថ្ងៃ ឬនៅក្រោមចំនួននេះ គឺកាន់តែល្អប្រសើរ»។
ក្នុងឆ្នាំ២០២០ដដែល កម្ពុជាក៏កាត់បន្ថយអ្នករងរបួសដោយសារគ្រោះថ្នាក់ចរចរណ៍បាន ១,៤៥៥នាក់ ដែលស្មើនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដែលមានអ្នករបួសរហូតដល់៦ ១៤១នាក់។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ ហើយព្រមទាំងបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលផងដែរ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង ដែលបានបញ្ជាក់ថា គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាការបញ្ជាយានយន្តដោយបំពានច្បាប់ ឬដោយការធ្វេសប្រហែស ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com