ជាតិ
កម្ពុជា នឹងចុះត្រជាក់ មួយសប្ដាហ៍ ដោយសារឥទ្ធិពលខ្យល់មូសុងឦសាន និងខ្យល់ប្រ៊ីស
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ កម្ពុជា នឹងរងអាកាសធាតុត្រជាក់មួយសប្ដាហ៍ ចាប់ពីថ្ងៃទី៣ ដល់៩ កុម្ភៈ ដោយសារឥទ្ធិពលពីខ្យល់មូសុងឦសាន និងខ្យល់ប្រ៊ីស(BREEZE) ដែលបក់ពីឈូកសមុទ្រថៃ។នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ក្នុងរយៈពេលមួយសប្ដាហ៍នេះ នឹងមានសីតុណ្ហភាពអប្បបរមាពី ១៩ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣១ ដល់ ៣៤អង្សាសេ។ បន្ថែមពីនេះ ក៏មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តតាកែវ កណ្ដាល កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិនផងដែរ។
ដោយឡែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអតិបរមាពី ១៦ ដល់ ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣១ ដល់ ៣៤ អង្សាសេ។ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងមានភ្លៀងធ្លាក់ខ្សោយ។ នេះបើតាមក្រសួងធនធានទឹក។
បើតាមក្រសួងធនធានទឹកដដែល ខេត្តនៅតាមតំបន់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២០ ដល់ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧ ដល់ ៣១អង្សាសេ ហើយមានភ្លៀងធា្លក់ពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕
Tag:
ThmeyThmey25
អាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com