COVID-19
អន្តរជាតិ
ក្រុមហ៊ុន Johnson & Johnson ស្នើសុំការយល់ព្រមលើវ៉ាក់សាំងកូវីដ-១៩ខ្លួនពីថៃ
03, Feb 2021 , 10:06 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ ឈួន ឈីវអ៊ីង
 
ក្រុមហ៊ុន Johnson & Johnson (J&J) កំពុងស្វែងរកការយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនពីសំណាក់រដ្ឋាភិបាលថៃ។ នេះបើតាមការលើកឡើងរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ថៃនៅថ្ងៃទី០២ កុម្ភៈ។ សព្វថ្ងៃ ថៃផ្ដល់ការយល់ព្រមលើវ៉ាក់សាំងមួយរបស់ក្រុមហ៊ុន AstraZeneca ប៉ុណ្ណោះ។

 
 
ក្រុមហ៊ុន Johnson & Johnson ជាក្រុមហ៊ុនទីបីដែលបានដាក់ពាក្យស្នើសុំការយល់ព្រមលើការប្រើប្រាស់ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) ។ ក្រុមហ៊ុនពីរទៀតមាន AstraZeneca ដែលទទួលបានភ្លើងបៃតងរួចហើយ និងក្រុមហ៊ុន Sinovac Biotech ដែលស្ថិតក្នុងដំណាក់កាលស្នើសុំនៅឡើយ។
 
FDA របស់ថៃ បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបន្ទាន់របស់ AztraZeneca កាលពីខែមករាកន្លងទៅហើយសង្ឃឹមទទួលបានវ៉ាក់សាំងដើម្បីអាចចាប់ផ្តើមការចាក់ទ្រង់ទ្រាយធំឱ្យប្រជាជននៅខែមិថុនាខាងមុខ។ 
 
ទាក់ទងសំណើរបស់ក្រុមហ៊ុន J&J វិញ អង្គនាយករង FDA លោក Surachoke Tangwiwat លើកឡើងថា ក្រុមហ៊ុន J&J ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក បានចាប់ផ្តើមដំណើរការស្នើសុំនៅចុងខែមករា។ ប៉ុន្តែលោក Surachoke បញ្ជាក់នៅថ្ងៃទី២ ខែកុម្ភៈថា ពេលវេលានៃការសម្រេចចិត្តអនុម័តឱ្យប្រើប្រាស់ អាស្រ័យលើរយៈពេលខាងក្រុមហ៊ុនបំពេញបែបបទ និងដាក់ស្នើ ខណៈឯកសារមួយចំនួនត្រូវដាក់ឱ្យ FDA វាយតម្លៃខ្លះហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
សព្វថ្ងៃ ថៃដែលគ្រោងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើប្រជាជនរបស់ខ្លួន ពឹងផ្អែកខ្លាំងលើវ៉ាក់សាំងរបស់ AstraZeneca ។ វ៉ាក់សាំងចំនួន៥ម៉ឺនដូសរបស់ AztraZeneca រួមទាំង២០ម៉ឺនដូសរបស់ Sinovac នឹងមកដល់ប្រទេសថៃក្នុងខែកុម្ភៈនេះ។ យ៉ាងណាមិញ លោក Surachoke លើកឡើងថា ក្រុមហ៊ុន Sinovac នៅមិនទាន់ដាក់ស្នើឯកសារឱ្យ FDA គ្រប់នៅឡើយ។
 
សម្រាប់យុទ្ធនាការខែមិថុនា វ៉ាក់សាំងភាគច្រើនជារបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងស្រុកចំនួន៦១លានដូស។ ថៃ ក៏បញ្ជាទិញពី Sinovac ពីរលានដូសបន្ថែមដែរ។ កន្លងមក រដ្ឋាភិបាលថៃទទួលបានការកោតសរសើរជាអន្តរជាតិ សម្រាប់ការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលកូវីដ-១៩ បានល្អក្នុងឆ្នាំ២០២០ ប៉ុន្តែក្រុមប្រឆាំងបានរិះគន់ទៅលើយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងថា យឺតពេក និងខ្វះតម្លាភាព។
 
នៅថ្ងៃទី២ ខែកុម្ភៈ ថៃមានករណីវិជ្ជមានថ្មីចំនួន ៨៣៦ករណី រួមទាំងមានទារកអាយុទើបតែបាន ២៦ថ្ងៃម្នាក់ ដែលចាត់ទុកជាអ្នកជំងឺក្មេងជាងគេ។ ករណីសរុបកើនលើស២ម៉ឺនករណី ៕
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com