កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈ្នះគូប្រកួត៩-០ ជាលើកទីពីរ ឯ Southampton ចាញ់ ៩-០ លើកទីពីរដែរ
03, Feb 2021 , 10:25 am        
រូបភាព
Manchester United ផ្តល់មេរៀនឈឺចាប់ឱ្យ Southampton ដោយការយកឈ្នះ ៩-០ ក្នុងការប្រកួតក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី២ ខែកុម្ភៈ។ នេះជាការរងបរាជ័យធ្ងន់ធ្ងរលើកទីពីររបស់ Southampton ក្រោមការដឹកនាំរបស់លោក Ralph Hasenhuttl បន្ទាប់ពួកគេរបូតដល់ទៅ៩គ្រាប់ម្តងហើយក្រោមថ្វីជើង Leicester City កាលពីឆ្នាំ២០១៩។


ក្នុងជំនួបសប្តាហ៍ទី២២នៅកីឡដ្ឋាន Old Trafford ក្រោយដំណើរការប្រកួតបាន២នាទី កីឡាករ Alexandre Jankewitz របស់ Southampton ទទួលបានកាតក្រហមភ្លាមៗ បន្ទាប់ពីទាត់ជើង Scott McTominay។ ក្រុមរបស់លោក Hasenhuttl ដែលសល់គ្នា១០នាក់ ត្រូវ Man Utd នាំមុខ១គ្រាប់តាមរយៈខ្សែការពារ Aaron Wan-Bissaka នៅនាទី១៨ មុនពេល Marcus Rashford បន្ថែមគ្រាប់ទី២នៅ៧នាទីបន្ទាប់។
 
Jan Bednarek បានធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទី៣៤ ខណៈនៅមុនបញ្ចប់វគ្គទី១ នាទី៣៩  Edinson Cavani បន្ថែមគ្រាប់ទី៤សម្រាប់ក្រុមលោក Ole Gunnar Solskjaer ដើម្បីជួយបិសាចក្រហមនាំមុខ Southampton ៤-០។
 
ចូលដល់វគ្គទី២ ក្រុមម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេស២០សម័យរកបានដល់ទៅ៥គ្រាប់បន្ថែមទៀត ស្របពេល Southampton ក៏ត្រូវបាត់សមាជិកម្នាក់ទៀត។ Jan Bednarek ទទួលបានកាតក្រហមបណ្តេញចេញនៅនាទី៨៦ បន្ទាប់ពី Anthony Martial និង Scott McTominay រកបាន១គ្រាប់ម្នាក់។ នៅនាទី៨៧ Bruno Fernandes បន្ថែមគ្រាប់ទី៧ មុនពេល Martial និង Daniel James បន្ថែមគ្រាប់ទី៨ និងទី៩ នៅចុងម៉ោង។

 

នេះជាបរាជ័យដល់ទៅ ៩-០ របស់ក្រុម Southampton ជាលើកទី២ ជាកំណត់ត្រា បន្ទាប់ពីពួកគេធ្លាប់ចាញ់ Leicester City ក្នុងលទ្ធផលដូចគ្នានេះម្តងមកហើយកាលពីឆ្នាំ២០១៩។ 
សម្រាប់លទ្ធផល ៩-០ គឺជាជ័យជម្នះលើកទី២ របស់ក្រុមបិសាចក្រហម ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ខណៈពួកគេធ្លាប់បានយកឈ្នះ Ipswich Town ៩-០ ម្ដងដែរ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៥។ 
 
តាមរយៈ៣ពិន្ទុបន្ថែមនេះ Man Utd នៅរក្សាចំណាត់ថ្នាក់ទី២ដដែល ដោយកើនដល់៤៤ពិន្ទ ស្មើក្រុមកំពូលតារាង Manchester City។ យ៉ាងណាក៏ដោយក្រុមមេឃខៀវនៅសល់២ប្រកួតក្នុងដៃទៀតឯណោះ។
 
ជំនួបគូដទៃទៀត Wolves យកឈ្នះ Arsenal ២-១, Sheffield United ឈ្នះ West Bromwich Albion ២-១ និង Newcastle United ចាញ់ Crystal Palace ២-១៕ 
 
 
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com