អន្តរជាតិ
មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ ការដកយកអំណាចពីរដ្ឋាភិបាលស៊ីវិល ជារឿងចៀសមិនរួច
03, Feb 2021 , 11:32 am        
រូបភាព
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ រូបភាព៖ យោធាមីយ៉ាន់ម៉ា
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ រូបភាព៖ យោធាមីយ៉ាន់ម៉ា
បន្ទាប់ពីដណ្ដើមអំណាចពីរដ្ឋាភិបាល លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បាននិយាយការពារសកម្មភាពរបស់ខ្លួនថា ការហូតយកអំណាចពីរដ្ឋាភិបាលស៊ីវិល គឺជារឿងចៀសមិនរួច ព្រោះរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាការលួចបន្លំសន្លឹកឆ្នោត។

 
ជាលើកដំបូងចាប់តាំងពីផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំមីយ៉ាន់ម៉ា អគ្គមេបញ្ជាការយោធា លោកមីន អ៊ុងឡាំង នៅថ្ងៃទី២ ខែកុម្ភៈ បានបញ្ជាក់ប្រាប់ប្រជាជនរបស់ខ្លួន និងសហគមន៍អន្តរជាតិថា ការគ្រប់គ្រងអំណាចរបស់ក្រុមយោធា គឺគោរពទៅតាមច្បាប់ ខណៈរដ្ឋាភិបាលស៊ីវិល មិនបានទទួលខុសត្រូវលើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតក្នុងថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ។ 
 
«បន្ទាប់ពីមានសំណើជាច្រើន វិធីនេះ គឺជៀសមិនផុតឡើយសម្រាប់ប្រទេស ហើយនេះជាមូលហេតុដែលយើងប្រើជម្រើសមួយនេះ»។ មេដឹកនាំរបបយោធាបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមីយ៉ាន់ម៉ាជាលើកដំបូង។ សមាជិកគណៈរដ្ឋមន្រ្តីថ្មីនេះ ត្រូវបានតែងតាំងចេញពីក្រុមយោធា, អតីតក្រុមយោធា និងបក្សអភិវឌ្ឍន៍ និងបង្រួបបង្រួមសហភាព ដែលជាបក្សចាញ់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា។ 
 
ក្នុងកិច្ចប្រជុំដដែលនេះ លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរ ជុំវិញកិច្ចការអាទិភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់យោធា។ បើតាមមេដឹកនាំយោធារូបនេះ រដ្ឋាភិបាលនឹងបើកការស៊ើបអង្កេតលើបញ្ហាទាក់ទិននឹងបញ្ហាបោះឆ្នោត និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេស។ បន្ទាប់ពីអស់សុពលភាពនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ យោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតថ្មីមួយ។ 
 
ក្នុងថ្ងៃដដែលនេះ សមាជិកសភាតំណាងរបស់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសមាជិកបក្សផ្សេងទៀត ដែលជាប់ឃុំនៅក្នុងនិវេសដ្ឋានសម្រាប់សមាជិកសភានៅក្នុងទីក្រុងណៃពិដោ ត្រូវបានយោធាមីយ៉ាន់ម៉ាប្រាប់ឲ្យត្រលប់ទៅផ្ទះវិញបានហើយ ប៉ុន្តែអ្នកទាំងនោះត្រូវដាក់ឃុំនៅក្នុងផ្ទះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ 
 
មួយថ្ងៃបន្ទាប់ពីការអំណាចរបស់ក្រុមយោធា ស្ថានការណ៍នៅមីយ៉ាន់ម៉ា ហាក់បានធូរស្រាលបន្តិចហើយ ដោយសារសេវាទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិត ត្រូវបានតភ្ជាប់ឡើងវិញខ្លះហើយ។ ចំណែកធនាគារ នៅក្នុងទីក្រុងយ៉ាំហ្គោនក៏បើកឡើងវិញដែរ។ នៅយប់ថ្ងៃទី២ ខែមករា ប្រជាជនក្នុងទីក្រុងយ៉ាំងហ្គោន នាំគ្នាចុចស៊ីផ្លេរថយន្ត គោះខ្ទះនិងឆ្នាំងជាច្រើនម៉ោងដើម្បីតវ៉ារដ្ឋប្រហារ។ ពួកគេក៏ទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី ដែរ។
 
បន្ថែមពីលើនេះ បុគ្គលិកពេទ្យរដ្ឋ នៅក្នុងទីក្រុងជាច្រើន ក៏គ្រោងនឹងធ្វើកូដកម្មប្រឆាំងនឹងយោធាផងដែរ ដោយសារតែខ្លួនមិនពេញចិត្តនឹងការដណ្តើមអំណាចមួយនេះ។ បើតាមបុគ្គលិករដ្ឋទាំងនោះ ការដណ្តើមអំណាចពីសំណាក់ក្រុមយោធា មិនគោរពតាមឆន្ទះរបស់ប្រជាជន។  កូដកម្មខាងលើ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ខែកុម្ភៈតទៅ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com