កីឡាអន្តរជាតិ
អន្តរជាតិ
Ozil បង្ហាញខ្លួនលើកដំបូង ជួយ Fenerbahce បាន៣ពិន្ទុ
03, Feb 2021 , 2:59 pm        
រូបភាព
Mesut Ozil បង្ហាញខ្លួនលើទីលានជាលើកដំបូងសម្រាប់ក្រុម Fenerbahce ក្រោយអវត្តមានលើទីលានបៃតងជិតមួយឆ្នាំ ក្នុងជ័យជម្នះលើក្រុម Hatayspor ២-១ នាការប្រកួតលីគកំពូលតួកគី Süper Lig នៅយប់ថ្ងៃទី២ ខែកុម្ភៈ។



ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ បានប្តូរចូលជំនួស Mame Thiam នៅនាទីទី៧៧ អំឡុងពេល Fenerbahçe និង Hatayspor នៅមានលទ្ធផលស្មើគ្នា ១-១ នៅឡើយ។ ក្រោយចូលលេងបាន១០នាទី Ozil បានរួមចំណែជួយក្រុមរកគ្រាប់ជ័យជម្នះ ២-១ តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Jean-Claude Billong នៅនាទី៨៨។

 
 
ចាប់តាំងពីផ្លាស់ពី Arsenal នៅខែមករាមក នេះជាការប្រកួតលើទីលានផ្លូវការលើកដំបូងរបស់ Ozil សម្រាប់ក្រុមនៃលីគកំពូលតួកគី ក្រោយមិនបានលេងអស់រយៈពេលជិត១ឆ្នាំ។ ការប្រកួតចុងក្រោយរបស់ខ្សែបម្រើវ័យ៣២ឆ្នាំជាមួយក្លិបចាស់កាំភ្លើងធំ នៅក្នុងខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ រហូតដល់រដូវកាលថ្មី ២០២០-២១ Ozil ក៏មិនជាប់ក្នុងជម្រើសកីឡាករ២៥នាក់របស់អ្នកចាត់ការទូទៅលោក Mikel Arteta សម្រាប់ប្រកួតលីគ និង Europa League ដែរ។
 
«ជាអារម្មណ៍ដ៏រំភើបដែលបានបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំសម្រាប់ Fenerbahce»។ Ozil សរសេរបែបនេះលើបណ្តាញសង្គម Twitter របស់ខ្លួន ក្រោយជួយក្រុមទទួលបាន៣ពិន្ទុជាលើកដំបូង។
 
ជ័យជម្នះ ២-១ នេះ បានជួយ Fenerbahce រក្សាចំណាត់ថ្នាក់កំពូលតារាង Süper Lig ដដែលដោយរកបាន៤៨ពិន្ទុ ពីការប្រកួត២២លើក នាំមុខក្រុមលេខ២ Galatasaray ចំនួន ៣ពិន្ទុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com