អន្តរជាតិ
អាមេរិក មិនប្រញាប់បោះដៃទៅរកចិនឡើយ ដោយពិភាក្សាជាមួយសម្ពន្ធមិត្តសិន
03, Feb 2021 , 9:29 pm        
រូបភាព
ទង់ជាតិចិន និងទង់ជាតិអាមេរិក។ រូបភាព៖ AFP
ទង់ជាតិចិន និងទង់ជាតិអាមេរិក។ រូបភាព៖ AFP
ដោយ:
រដ្ឋបាលលោក ចូ បៃឌិន ហាក់មិនទាន់ប្រញាប់ប្រញាល់ក្នុងការបោះដៃទាក់ទងចិនឡើយអំឡុងពេលជាងពីរសប្ដាហ៍ក្រោយការឡើងកាន់តំណែងរបស់លោក បៃឌិន។ មន្តី្រអាមេរិកលើកឡើងថា រដ្ឋបាលថ្មី កំពុងពិភាក្សាជាមួយដៃគូ និងសម្ពន្ធមិត្តនានាដើម្បីស្វែងរកវិធីសាស្ត្ររួមជាមុនសិន។

 
លោក ចូ បៃឌិន តាំងតែពីកាន់តំណែងជាប្រធានាធិបតីអាមេរិកមក បានសន្ទនាតាមទូរសព្ទជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើនរួមទាំងសម្ព័ន្ធមិត្ត និងគូប្រជែងរុស្ស៊ីផងដែរ។ ប៉ុន្តែប្រធានាធិបតិអាមេរិករូបនេះ ពុំទាន់មានសន្ទនាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនភីង នៅឡើយទេ។ ចំណែកលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន និយាយនៅថ្ងៃទី២ កុម្ភៈថា រឿងនេះពុំទាន់អាចកំណត់ពេលវេលាបានឡើយ។
 
 
 
ចំណែក លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក  និយាយថា នៅថ្ងៃទី២ កុម្ភៈថា រដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីខិន ចាត់ទុកការពិភាក្សាជាមួយសម្ពន្ធមិត្តជារឿងអាទិភាពសម្រាប់រដ្ឋបាលថ្មី។ 
 
«ដំណាក់កាលដំបូង យើងចង់ត្រូវរ៉ូវជាមួយសម្ពន្ធមិត្ត បន្ទាប់មកត្រូវរ៉ូវជាមួយដៃគូ មុននឹងរំពឹងថាអាចប្រាស្រ័យទាក់ទងជាមួយចិន»។ នេះជាការលើកឡើងរបស់លោក Prince ក្នុងសន្និសីទសារព័ត៌មាន ដោយបន្ថែមថា សម្ពន្ធភាព និងភាពជាដៃគូររបស់អាមេរិក ជាកម្លាំងក្នុងការដោះស្រាយបញ្ហា ដែលក្នុងនោះក៏មានទំនាក់ទំនងជាមួយចិនផងដែរ។ នេះបើយោងតាមសារព័ត៌មានReuters។
 
សូមរំឭកបន្តិចថា លោកប្រធានាធិបតី ស៊ី ក៏បានសាទរលោក បៃឌិន ក្រោយការជាប់ឆ្នោតប្រធានាធិបតី បើទោះបីលោក បៃឌិន ប្រើពាក្យមិនសមរម្យទៅលើលោក ស៊ី អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្តី។ គ្រានោះលោក បៃឌិន សន្យាដឹកនាំសម្ព័ន្ធមិត្តដាក់សម្ពាធ ធ្វើឱ្យចិននៅឯកោ និងពិន័យចិន។
 
ក្រោយពេលកាន់តំណែង រដ្ឋបាលលោកបៃឌិនពុំទាន់បង្ហាញពីយុទ្ធសាស្ត្ររបស់ខ្លួនទល់នឹងចិនឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។  ប៉ុន្តែអំឡុងពេលសួរដេញដោលដោយសមាជិកព្រឹទ្ធសភាអាមេរិកក្នុងនាមជាបេក្ខជនរដ្ឋមន្ត្រីការបរទេស លោក ប្ល៊ីខិន ទទួលស្គាល់ថាគោលនយោបាយរបស់លោក ត្រាំ ក្នុងការទប់ជាមួយចិន ជារឿងត្រូវ ប៉ុន្តែប្រើវិធីសាស្ត្រខុស ដោយសារកម្រោលពេក និងមិនបានសម្របសម្រួលជាមួយសម្ពន្ធមិត្ត។
ទោះជាគូប្រជែងយុទ្ធសាស្ត្រក្ដី ទំនាក់ទំនងជាមួយប៉េកាំង ជាទំនាក់ទំនងសំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោន។ ស្របពេលខ្វែងគំនិតលើបញ្ហារាប់សិបជំពូកនោះ មន្ត្រីរដ្ឋបាលលោក បៃឌិន ក៏ទទួលស្គាល់ថា ទំនាក់ទំនងជាមួយចិន ជាទំនាក់ទំនងពហុទិស ដោយត្រូវដោះស្រាយលើបញ្ហាអាកាសធាតុ សេដ្ឋកិច្ច និងសន្តិសុខជាដើម។
 
លើរឿងទំនាក់ទំនងទ្វេភាគីនេះ នៅថ្ងៃទី២ ខែកុម្ភៈ លោក Yang Jiechi នាយកគណៈកម្មការកិច្ចការបរទេសមជ្ឈិម បក្សកុម្មុយនិស្តចិន និយាយក្នុងវេទិការរៀបចំដោយគណៈកម្មការទំនាក់ទំនងអាមេរិក-ចិនថា អាមេរិកគួរតែបញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងចិន និងគោរពការសម្រេចចិត្តរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង ទីបេ និងស៊ីនជាំង៕
 
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com