លោកស្រី ស៊ូជី ត្រូវចោទថា នាំចូលវិទ្យុទាក់ទងខុសច្បាប់
អន្តរជាតិ
លោកស្រី ស៊ូជី ត្រូវចោទថា នាំចូលវិទ្យុទាក់ទងខុសច្បាប់
03, Feb 2021 , 6:09 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint ត្រូវរងបទចោទចំនួនពីរផ្សេងគ្នា ហើយត្រូវស្ថិតក្រោមឃុំខ្លួន១៤ថ្ងៃ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្ដីពីអ្នកនាំពាក្យគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ។

 
ក្នុងឯកសារប៉ូលិសទីក្រុងណៃពិដោ មន្ត្រីប៉ូលិសដែលឆែកឆេរផ្ទះលោកស្រី អ៊ុងសាន ស៊ូជី បានរកឃើញវិទ្យុទាក់ទងនាំចូលខុសច្បាប់ ហើយត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ដូចនេះ លោកស្រី ក៏ត្រូវប៉ូលិសចោទពីបទបំពានច្បាប់នាំចេញនាំចូលរបស់មីយ៉ាន់ម៉ា។
 
លោក Kyi Toe មន្រ្តីព័ត៌មានរបស់បក្ស NLD សរសេរលើហ្វេសប៊ុករបស់ខ្លួនថា បក្សបានទទួលព័ត៌មានថា តុលាការបានចេញបញ្ជាឃុំខ្លួនលោកស្រី ស៊ូជី ១៤ថ្ងៃតែម្ដង។ ប្រសិនបើរកឃើញកំហុស លោកស្រី ស៊ូជី អាចជាប់គុក៣ឆ្នាំ ឬត្រូវពិន័យជាលុយ ឬត្រូវទទួលទោសទាំងពីរ។
 
មន្ត្រីបក្សដដែលបន្តថា លោក Win Myint ក៏ត្រូវប៉ូលិសចោទថា បំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ ទោសនេះ ក៏នាំឱ្យលោកអាចជាប់គុក៣ឆ្នាំ ឬត្រូវពិន័យជាលុយ ឬត្រូវទទួលទោសទាំងពីរផងដែរ។
 
លោកស្រី ស៊ូជី លោក Win Myint និងថ្នាក់ដឹកនាំរដ្ឋាភិបាល និងបក្ស NLD មួយចំនួនទៀត ត្រូវបានយោធាមីយ៉ាន់ម៉ាឃុំខ្លួនក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ៕
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com