អន្តរជាតិ
ប្រទេស G7 ទាមទារឱ្យដោះលែងលោកស្រី ស៊ូជី និងអ្នកជាប់ឃុំផ្សេងទៀត
03, Feb 2021 , 10:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
របបយោធាមីយ៉ាន់ម៉ា កំពុងរងសម្ពាធពីសហគមន៍អន្តរជាតិខ្លាំងឡើងៗ។ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅថ្ងៃទី៣ ខែកុម្ភៈ បានថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងជំរុញឱ្យក្រុមយោធាដោះលែងអ្នកជាប់ឃុំរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និង លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា។

 
 
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ រួមទាំងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានថ្កោលទោសលើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ 
 
«យើងព្រួយបារម្ភជាខ្លាំង ដោយមានការចាប់ខ្លួនមេដឹកនាំនយោបាយ និងសកម្មជនសង្គមស៊ីវិល រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint និងដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយ»។ សេចក្តីថ្លែងការណ៍របស់ G7 បានលើកឡើងបែបនេះ ជាមួយនឹងជំរុញឱ្យក្រុមយោធាលុបចោលការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ បើតាមក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ លទ្ធផលបោះឆ្នោតក្នុងខែវិច្ឆិកាត្រូវតែគោរព ហើយសភាគួរតែមានការបើកកិច្ចប្រជុំរបស់ខ្លួន។ 
 
បន្ទាប់ពីចាប់ខ្លួនលោកស្រី ស៊ូជី, លោក Win Myint, សមាជិករដ្ឋមន្រ្តី និងឃុំខ្លួនសមាជិកសភាបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) និងសមាជិកបក្សផ្សេងទៀត នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក Myint Swe បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងប្រគល់អំណាចសភា រដ្ឋាភិបាល និងតុលាការឱ្យអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ។
 
មកទល់ពេលនេះ សមាជិកសភារបស់បក្សNLD និងបក្សតូចៗ នៅតាមតំបន់ និងរដ្ឋផ្សេងទៀត ត្រូវបានក្រុមយោធាបន្តឃុំនៅតាមផ្ទះរបស់ពួកគេ បន្ទាប់ពីជាប់ឃុំនៅក្នុងនិវេសដ្ឋានសម្រាប់សមាជិកសភាពីរថ្ងៃមកហើយ។ ចំណែកលោកស្រីស៊ូជី, លោក Win Myint និងសមាជិករដ្ឋាភិបាលស៊ីវិលមួយចំនួន មិនទាន់ត្រូវបានដោះលែងទេ។ 
 
នៅថ្ងៃទី៣ ខែកុម្ភៈ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានជូនដំណឹងទៅប្រជាជន និងសារព័ត៌មានមួយចំនួន កុំផ្សព្វផ្សាយពាក្យលេចលឺផ្សេងៗ ឬព័ត៌មានបង្កឱ្យមានការញុះញង់នៅក្នុងប្រទេស និងជំរុញឱ្យអ្នកទាំងនោះសហការជាមួយរដ្ឋាភិបាល។ 
 
ការដកហូតអំណាចរបស់រដ្ឋាភិបាលស៊ីវិលពីសំណាក់យោធា បានបង្កឱ្យមានការផ្ទុះកំហឹងពីប្រជាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ប្រជាជនទីក្រុងយ៉ាំងហ្គោន បានចុចស៊ីផ្លេរថយន្ត គោះខ្ទះនិងឆ្នាំងជាច្រើនម៉ោងដើម្បីតវ៉ារដ្ឋប្រហារ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ និងនាយកដ្ឋានសុខាភិបាលប្រមាណ៧០ កន្លែង បានឈប់ធ្វើការ ដើម្បីធ្វើកូដកម្មប្រឆាំងយោធា។ 
 
ដោយឡែកនៅក្រៅប្រទេសឯណោះវិញ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅខាងក្រៅក្រសួងការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ ដើម្បីទាមទារឱ្យប្រទេសជាម្ចាស់ជំនួយដ៏សំខាន់មួយនេះ ជួយដោះស្រាយបញ្ហានយោបាយរបស់មីយ៉ាន់ម៉ា។ កន្លងមក បាតុកម្ម ក៏មាននៅក្នុងទីក្រុងបាងកក ប្រទេសថៃដើម្បីតវ៉ានឹងក្រុមយោធាមីយ៉ាន់ម៉ាដែរ៕
 

Tag:
 G7
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com