ជាតិ
អ្នកជំនាញរកឃើញត្រយងចង្កំកស៥សម្បុកនៅដែនជម្រកសត្វព្រៃលំផាត់
04, Feb 2021 , 7:59 am        
រូបភាព
ដោយ:
កាលពីខែមករា កន្លងទៅមន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញសត្វត្រយងចង្កំកស ដែលជាប្រភេទសត្វជិតផុតពូជនៅកម្ពុជាចំនួន៥សម្បុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

 
តាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន ការរកឃើញសម្បុកសត្វត្រយងចង្កំកសទាំង៥សម្បុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាសញ្ញាវិជ្ជមានមួយបន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយលទ្ធផលជំរឿនសត្វត្រយងចង្កំកស មានការធ្លាក់ចុះនៅទូទាំងប្រទេស។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា តាមរយៈក្រសួងបរិស្ថានលើកឡើងថា៖«ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំកស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះផងដែរ»។
 
នាយកអង្គការ BirdLife  បន្តថា៖«មកដល់ពេលនេះយើងទើបតែបញ្ចប់ខែមួយ យើងបានរកឃើញសម្បុកចំនួន៥។ ដោយមួយសម្បុកនោះបានបរាជ័យ តាមការអង្កេតគឺបណ្ដាលមកពីសត្វក្អែក និងខ្លែងចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀតគឺមានកាប់ដើមឈើដែលមានសម្បុកពងកូន ឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសម្បុកវាបរាជ័យ»។
 
លោកនាយកអង្គការ BirdLife ប្រចាំកម្ពុជារូបនេះ បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្រ្តីពាក់ព័ន្ធចូលរួមការពារ និងអភិរក្សសត្វព្រៃដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និងអភិរក្សសត្វព្រៃដទៃទៀតឲ្យបានគង់វង្ស ពិសេសសត្វត្រយងយក្សដែលជានិមិត្តសញ្ញារបស់ជាតិ។
 
ទិន្នន័យជំរឿនសត្វត្រយងនៅកម្ពុជាក្នុងឆ្នាំ២០២០កន្លងមក បានអះអាងថាកម្ពុជា គឺជាដែនជម្រកតែមួយគត់ក្នុងពិភពលោកសម្រាប់សត្វត្រយងដែលកំពុងមានជីវិតរស់នៅសព្វថ្ងៃ ព្រោះចំនួនសត្វត្រយងយក្ស២០០ក្បាល ដែលកំពុងរស់នៅកម្ពុជា គឺស្មើ៩៩ភាគរយនៃសត្វត្រយងយក្សរបស់ពិភពលោក។ ចំណែកឯសត្វត្រយងចង្កំកសជិត៦០០ក្បាលនោះវិញ គឺស្មើ៩៥ភាគរយនៃសត្វត្រយងចង្កំកសនៅលើពិភពលោក។ នេះបើតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបញ្ជាក់កាលពីពាក់កណ្ដាលឆ្នាំ២០២០កន្លងមក៕


 រូបភាព WCS

Tag:
 ត្រយង
 ច្រយងចង្កំកស
 លំផាត់
 រតនគិរី
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com