បុរស​អាយុ​១០០​ឆ្នាំ​ដែល​រៃអង្គាស​ថវិកា​សប្បុរស​បាន​ជាង​៥៣​លាន​ដុល្លារ ស្លាប់​ដោយសារ​កូ​វីដ​-១៩
COVID-19
អន្តរជាតិ
បុរស​អាយុ​១០០​ឆ្នាំ​ដែល​រៃអង្គាស​ថវិកា​សប្បុរស​បាន​ជាង​៥៣​លាន​ដុល្លារ ស្លាប់​ដោយសារ​កូ​វីដ​-១៩
04, Feb 2021 , 9:56 am        
រូបភាព
ដោយ: ធីតា
Sir Tom Moore អតីតយុទ្ធជន​សង្គ្រាម​លោក​លើក​ទី​ពីរ​អង់គ្លេស​អាយុ​១០០​ឆ្នាំ ដែល​រៃអង្គាស​ថវិកា បាន​ដល់​ទៅ​ជាង​៥៣​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​សេវាកម្ម​សុខាភិបាល (NHS) ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ បានទទួល​មរណភាព​ដោយសារ​ជំងឺ​រាលដាល​សាកល​មួយ​នេះ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ​។​

 
​កាលពី​ថ្ងៃទី​៣១ ខែមករា លោក Tom Moore ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Bedford Hospital បន្ទាប់ពី​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។ លោក​បានទទួល​មរណភាព ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​រលាក​សួត​។ តាម​បណ្តាញ​ព័ត៌មាន​អង់គ្លេស លោក Moore មិនអាច​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ បាន ដោយសារតែ​គាត់​បាន​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សួត​រួចទៅហើយ​។​
 
​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស  កា​ពី​ទែន Tom Moore (Captain Tom) ដែលជា​ទាហានជើងគោក​ចូលនិវត្តន៍​ម្នាក់​បាន​ដើរ​ជុំវិញ​ផ្ទះ​របស់លោក​ជាមួយនឹង​ឈើច្រត់ ក្នុង​ចម្ងាយ​ប្រមាណ​២៥​ម៉ែត្រ​ក្នុង​មួយ​ជុំ ឲ្យ​បាន​១០០​ដង​មុននឹង​ថ្ងៃ​ខួបកំណើត​ទី​១០០​ឆ្នាំ​របស់ខ្លួន​។ 
 
​សកម្មភាព​របស់លោក​បានធ្វើ​ឲ្យ​ពលរដ្ឋ​អង់គ្លេស និង​មនុស្ស​នៅលើ​ពិភពលោក​ស្ងើចសរសើរ​យ៉ាងខ្លាំង​។ ដំបូង​ឡើយ លោក Tom Moore បានកំណត់​គោលដៅ​ត្រឹមតែ​ជិត​៥​សែន​៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សប្បុរជន​ចូលរួម មាន​កាន់តែច្រើន​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​ថវិកា​ឡើងដល់​ទៅជា​ង​៥៣​លាន​ដុល្លារ​អាមេរិក​។​


 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក Moore បានធ្វើ​សកម្មភាព​មួយ​នេះ​ក្នុងន័យ​តបស្នង​ទៅកាន់​សេវា​សុខភាព​ជាតិ (NHS) ដែល​បាន​ជួយ​ព្យាបាល​លោក​ពី​ការបាក់​ច​ង្អេះ​កាលពី​គាត់​ស្ថិតក្នុង​វ័យ​៩៨​ឆ្នាំ​។ កូនប្រសា​ប្រុស​របស់លោក Moore គី​លោក Colin Ingram បាន​និយាយថា ឪពុកក្មេក​របស់លោក​ពិតជា​សប្បាយចិត្ត​ជាមួយ​នឹង​សកម្មភាព​នេះ​ណាស់​។​
 
​មរណភាព​របស់លោក Moore បន្សល់​នូវ​សោកស្តាយ​ពី​សំណាក់​ឥស្សរជន និង​បុគ្គល​ល្បីៗ​លើ​ពិភពលោក ទាំង​អ្នកនយោបាយ អត្ត​ព​លិ​ក និង​សិល្បករ​។ ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បែ​តទី​២ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដោយផ្ទាល់​ទៅកាន់​គ្រួសារ​លោក Tom ខណៈ​លោកនាយក​រដ្ឋមន្ត្រី Boris Johnson ហៅ​លោក Moore ថា ជា​វីរបុរស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com