បីថ្ងៃក្រោយរដ្ឋប្រហារ ក្រុមយោធាមីយ៉ាន់ម៉ា បានរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថ្មីមួយ។ ប្រធាន UEC ថ្មីនេះ ក៏ធ្លាប់ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០១០ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី៣ ខែកុម្ភៈ។
ការដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល ត្រូវបានក្រុមយោធាសំអាងថា ដោយសារមានការលួចបន្លំសន្លឹកឆ្នោត។ ទាក់ទិននឹងបញ្ហានេះ យោធាមីយ៉ាន់មា់ បានរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតថ្មីមួយ ដោយមានប្រធានម្នាក់ និងសមាជិក ៦នាក់។ ប្រធាន UEC ថ្មីនេះ ជាលោក Thein Soe ដែលជាធ្លាប់ជាប្រធានគណៈកម្មការនេះម្តងហើយ កាលពីឆ្នាំ២០១០។ កាលនោះ លោក Thein Soe បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងទាក់ទិននឹងការបោះឆ្នោត។
នៅក្នុងឆ្នាំ២០១០ អតីតឧត្តមសេនីយ៍ទោរូបនេះ បានហាមមិនឱ្យមានអ្នកសង្កេតការណ៍បរទេស ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអំឡុងការបោះឆ្នោតឡើយ។ មិនតែប៉ុណ្ណោះ បុរសរូបនេះ ត្រូវគេជឿថា បានគ្រប់គ្រងលទ្ធផលបោះឆ្នោត ដើម្បីធានាថា បក្សអភិវឌ្ឍ និងបង្រួបង្រួមសហភាព អាចក្តោបក្តាប់អំណាចបាន។ បញ្ហានេះ បានធ្វើបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងគណបក្សផ្សេងទៀត បានពហិការចូលរួមក្នុងការបោះឆ្នោតនៅក្នុងឆ្នាំនោះ។
ក្រោយរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ា ប្រកាសពីគម្រោងរៀបចំការបោះឆ្នោតថ្មីដែលនឹងធ្វើឡើងក្រោយការបញ្ចប់ទៅស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ។ ប៉ុន្តែ កាលបរិច្ឆេទជាក់លាក់មិនទាន់កំណត់នៅឡើយ។
ក្នុងថ្ងៃទី៣ ខែកុម្ភៈ ប្រជាជនមីយ៉ាន់ម៉ា បានបំផុសយុទ្ធនាការ «ឈប់ទិញជំនួញយោធា» ដែលជាសញ្ញាជំទាស់ទៅនឹងការដណ្តើមអំណាចរបស់ក្រុមយោធា ពីរដ្ឋាភិបាលស៊ីវិល។ យុទ្ធនាការប្រឆាំងទំនិញពាក់ព័ន្ធនឹងក្រុមយោធា បានក្លាយជាប្រធានបទក្តៅគគុកមួយនៅមីយ៉ាន់ម៉ានាពេលនេះ។ ក្រុមយោធា បានគ្រប់គ្រងជំនួញជាច្រើនប្រភេទនៅមីយ៉ាន់ម៉ា ដូចជា អាហារ, ស្របៀ, បារី, ឧស្សាហកម្មកម្សាន្ត, សេវាអ៊ីនធឺណិត និងជំនួយផ្សេងទៀត។
បន្ថែមពីលើនេះ ទំនងជាចង់រឹតត្បិតបញ្ហាជាច្រើនដែលអាចត្រូវបង្ហោះក្នុងបណ្តាញសង្គម Facebook ក្រសួងគមនាគមន៍ និងព័ត៌មានមីយ៉ាន់ម៉ា បានជូនដំណឹងថា Facebook នឹងត្រូវផ្អាកមួយរយៈ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេស។ តាមការអះអាងរបស់ក្រុមអ្នកឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks ក្រុមហ៊ុនប្រព័ន្ធគមនាគមន៍រដ្ឋ MPT ដែលមានអ្នកប្រើប្រាស់ចំនួន ២៣លាននាក់ បានបិទ Facebook, WhatApp និង Instagram។ ចំណែកក្រុមហ៊ុន Telenor Asa ក៏បានបិទFacebook ដែរ។
អ្នកនាំពាក្យ Facebook លោក Andy Stone បានទទួលស្គាល់ថា វាពិតជាមានការកាត់ផ្តាច់Facebook នៅមីយ៉ាន់ម៉ាប្រាកដមែន។ លោក បានទទូចឲ្យរដ្ឋាភិបាលបើក Facebook ឡើងវិញ ដើម្បីតភ្ជាប់ការទំនាក់ទំនងរបស់ប្រជាជន និងអាចទទួលបានព័ត៌មានសំខាន់ផ្សេងៗ៕