អន្តរជាតិ
យោធា​មី​យ៉ាន់​ម៉ា បង្កើត​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​សហភាព​ថ្មី​
04, Feb 2021 , 10:47 am        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងធុងក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ រូបថត AFP
ពលរដ្ឋមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងធុងក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ រូបថត AFP
​បី​ថ្ងៃក្រោយ​រដ្ឋប្រហារ ក្រុម​យោធា​មី​យ៉ាន់​ម៉ា បានរៀបចំ​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​សហភាព (UEC) ថ្មី​មួយ​។ ប្រធាន UEC ថ្មី​នេះ ក៏​ធ្លាប់ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នៅក្នុង​ឆ្នាំ​២០១០ ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។

 
 
​ការដកហូត​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល ត្រូវបាន​ក្រុម​យោធា​សំអាងថា ដោយសារ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ ទាក់ទិន​នឹង​បញ្ហា​នេះ យោធា​មី​យ៉ាន់​មា់ បានរៀបចំ​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ ដោយមាន​ប្រធាន​ម្នាក់ និង​សមាជិក ៦​នាក់​។ ប្រធាន UEC ថ្មី​នេះ ជា​លោក Thein Soe ដែលជា​ធ្លាប់ជា​ប្រធាន​គណៈកម្មការ​នេះ​ម្តង​ហើយ កាលពី​ឆ្នាំ​២០១០​។ កាលនោះ លោក Thein Soe បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​ទាក់ទិន​នឹង​ការបោះឆ្នោត​។​
 
​នៅក្នុង​ឆ្នាំ​២០១០ អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ​រូបនេះ បាន​ហាម​មិនឱ្យ​មាន​អ្នកសង្កេតការណ៍​បរទេស ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​អំឡុង​ការបោះឆ្នោត​ឡើយ​។ មិនតែប៉ុណ្ណោះ បុរស​រូបនេះ ត្រូវគេ​ជឿថា បាន​គ្រប់គ្រង​លទ្ធផល​បោះឆ្នោត ដើម្បី​ធានាថា បក្ស​អភិវឌ្ឍ និង​ប​ង្រួ​បង្រួម​សហភាព អាច​ក្តោប​ក្តាប់​អំណាច​បាន​។ បញ្ហា​នេះ បានធ្វើ​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) និង​គណបក្ស​ផ្សេងទៀត បាន​ពហិការ​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​នោះ​។ 
 
​ក្រោយ​រដ្ឋប្រហារ យោធា​មី​យ៉ាន់​ម៉ា ប្រកាស​ពី​គម្រោង​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែល​នឹងធ្វើ​ឡើង​ក្រោយ​ការ​បញ្ចប់ទៅ​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ​។ ប៉ុន្តែ កាលបរិច្ឆេទ​ជាក់លាក់​មិនទាន់​កំណត់​នៅឡើយ​។​
 
​ក្នុង​ថ្ងៃទី​៣ ខែកុម្ភៈ ប្រជាជន​មី​យ៉ាន់​ម៉ា បាន​បំផុស​យុទ្ធនាការ «​ឈប់​ទិញ​ជំនួញ​យោធា​» ដែលជា​សញ្ញា​ជំទាស់​ទៅនឹង​ការដណ្តើម​អំណាច​របស់​ក្រុម​យោធា ពី​រដ្ឋាភិបាល​ស៊ីវិល​។ យុទ្ធនាការ​ប្រឆាំង​ទំនិញ​ពាក់ព័ន្ធ​នឹង​ក្រុម​យោធា បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក​មួយ​នៅ​មី​យ៉ាន់​ម៉ា​នាពេលនេះ​។ ក្រុម​យោធា បាន​គ្រប់គ្រង​ជំនួញ​ជាច្រើន​ប្រភេទ​នៅ​មី​យ៉ាន់​ម៉ា ដូចជា អាហារ​, ស្រ​បៀ​, បារី​, ឧស្សាហកម្ម​កម្សាន្ត​, សេវា​អ៊ីនធឺណិត និង​ជំនួយ​ផ្សេងទៀត​។ 
 
​បន្ថែម​ពីលើ​នេះ ទំនងជា​ចង់រឹត​ត្បិត​បញ្ហា​ជាច្រើន​ដែល​អាច​ត្រូវ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Facebook ក្រសួង​គមនាគមន៍ និង​ព័ត៌មាន​មី​យ៉ាន់​ម៉ា បាន​ជូនដំណឹង​ថា Facebook នឹងត្រូវ​ផ្អាក​មួយរយៈ រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​ប្រទេស​។ តាម​ការអះអាង​របស់​ក្រុម​អ្នកឃ្លាំមើល​ប្រព័ន្ធ​អ៊ីនធឺណិត NetBlocks ក្រុមហ៊ុន​ប្រព័ន្ធ​គមនាគមន៍​រដ្ឋ MPT ដែលមាន​អ្នកប្រើប្រាស់​ចំនួន ២៣​លាន​នាក់ បាន​បិទ Facebook, WhatApp និង Instagram​។ ចំណែក​ក្រុមហ៊ុន Telenor Asa ក៏បាន​បិទ​Facebook ដែរ​។ 
 
​អ្នកនាំពាក្យ Facebook លោក Andy Stone បាន​ទទួលស្គាល់ថា វា​ពិតជា​មានការ​កាត់ផ្តាច់​Facebook នៅ​មី​យ៉ាន់​ម៉ា​ប្រាកដ​មែន​។ លោក បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក Facebook ឡើងវិញ ដើម្បី​ត​ភ្ជាប់​ការទំនាក់ទំនង​របស់​ប្រជាជន និង​អាច​ទទួលបាន​ព័ត៌មាន​សំខាន់​ផ្សេងៗ​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com