កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សារភាពថា Liverpool មិនអាច​ការពារ​ជើងឯក EPL បានទេ ក្រោយ​ចាញ់ Brighton
04, Feb 2021 , 11:20 am        
រូបភាព
​បន្ទាប់ពី Liverpool រង​បរាជ័យ​ក្រោម​ថ្វី​ជើង Brighton & Hove Albion ១-០ លោក Jurgen Klopp សារភាពថា​ក្រុម​របស់លោក​មិនអាច​ការពារ​តំណែង​ជើងឯក Premier League រដូវ​កាល​នេះ​បានឡើយ​។ ហង្ស​ក្រហម​ឈ្នះ​តែ​២​លើក​ប៉ុណ្ណោះ ចំណោម​៧​ប្រកួត​ចុងក្រោយ ក្នុងនោះ​ចាញ់​២​លើក​នៅ​ទឹកដី Anfield តែម្ដង​។​


​ខ្សែប្រយុទ្ធ Steven Alzate ជា​អ្នក​បំប៉ោង​សំណាញ់​ទី​របស់ Liverpool នៅ​នាទី​៥៦​នៃ​វគ្គ​ទី​២ ដើម្បី​ជួយ Brighton ទទួលបាន​៣​ពិន្ទុ​បន្ថែម​ពី​ការប្រកួត​លី​គ​សប្តាហ៍​ទី​២២ នៅ​រាត្រី​ថ្ងៃទី​៣ ខែកុម្ភៈ​។ ជ័យជម្នះ​ដ៏​គាប់ប្រសើរ​ក្នុង​លទ្ធផល ១-០ លើ​ក្រុម​ខ្លាំង​នេះ​គ្រប់គ្រាន់​ក្នុង​ការជួយ Brighton គេច​ឆ្ងាយ​ពី​តំបន់​ត្រូវ​កាត់ចោល​ទៅ​លី​គ​ទី​២​ផងដែរ​។​
 
​ផ្ទុយទៅវិញ បរាជ័យ​ក្នុង​ដី​ដ៏​អាម៉ាស់​របស់​ក្រុម​រហស្សនាម​ហង្ស​ក្រហម បានធ្វើឱ្យ​ពួកគេ​តាម​ពីក្រោយ​ពិន្ទុ​ក្រុម​កំពូល​តារាង Manchester City ចំនួន​៧​ពិន្ទុ និង​សល់​១​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
​ដោយ​មើលឃើញ​ពី​ស្ថានភាព និង​កម្រិត​ក្រុម​បច្ចុប្បន្ន អ្នកចាត់ការ​ទូទៅ Jurgen Klopp សារភាពថា​ក្រុម​របស់លោក​ប្រហែលជា​មិនអាច​មានលទ្ធភាព​ក្នុងការ​ដណ្តើម​តំណែង​ជើងឯក ឬ​ការពារ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​បាន​នោះទេ​។​
 
​ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយ​លទ្ធផល​ខកចិត្ត​នៅ Anfield លោក Klopp បាន​ប្រាប់​អ្នកកាសែត​ថា​៖ «​យើង​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី Man City …​ខ្ញុំ​ជា​អ្នកចាត់ការ​ទូទៅ Liverpool ដូច្នេះ​ខ្ញុំ​ត្រូវតែ​និយាយថា​យើង​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​។ ពិតណាស់​យើង​អាចធ្វើ​បាន ប៉ុន្តែ​អ្នកត្រូវការ​ការប្រកួត​សម្រាប់​ទទួលបាន​វា ប៉ុន្តែ​ពេលនេះ​យើង​មិនមាន​នោះទេ​»​។​
 
​ដោយឡែក Man City បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ក្រោយ​ឈ្នះ Burnley ២-០​។ ៣​ពិន្ទុ​បន្ថែម​នេះ បានធ្វើ​ឱ​ក្រុម​លោក Pep Guardiola កើន​ដល់​៤៧​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Manchester United ចំនួន​៣​ពិន្ទុ ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ផង​។​
 
​ក្រុម​រហស្សនាម​មេឃ​ខៀវ នឹងត្រូវ​ធ្វើដំណើរ​ទៅ Anfield ដើម្បី​តតាំង​ជាមួយ​ម្ចាស់​ការពារ​ជើងឯក Liverpool នៅ​សប្តាហ៍​ក្រោយ​។ ប្រសិនបើ Man City អាច​រកបាន​៣​ពិន្ទុ​ក្នុងជំនួប​នេះ មានន័យថា​ការសារភាព​របស់លោក Klopp ពិតជា​មិន​ខុស​ឡើយ​។​
 
​ជំនួប​ដទៃទៀត​មាន Fulham ចាញ់ Leicester City ២-០, Leeds United ចាញ់ Everton ២-១ និង Aston Villa ចាញ់ West Ham United ៣-១៕
 

Tag:
 Premier League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com