អន្តរជាតិ
ប្រមុខ UN៖ យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បីឱ្យ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា បរាជ័យ​
04, Feb 2021 , 11:56 am        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​៣ ខែកុម្ភៈ និយាយថា UN នឹងដាក់​សម្ពាធ​ឱ្យ​ខ្លាំង​លើ​របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ដឹកនាំ​ប្រទេស ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​។ បើតាម​លោក ហ្គូ​តេ​រ៉េ​ស UN នឹងធ្វើ​យ៉ាងណា​ឱ្យ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ដែល​លោក​ចាត់ទុកជា​ការទាត់ចោល​ឆន្ទៈ​ប្រជាជន ទទួល​បរាជ័យ​។​

 
​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា កន្លងផុតទៅ​ពីរ​បី​ថ្ងៃ​ហើយ​។ ក្រុម​យោធា បាន​បង្កើត​ក្រុមប្រឹក្សា​ដឹកនាំ​ប្រទេស និង​គណៈរដ្ឋមន្ត្រី​ថ្មី ស្របពេល​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​។ លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក Win Myint ប្រ​ធានា​នា​ធិបតី​មុន​រដ្ឋប្រហារ នៅតែ​ស្ថិតក្រោម​ការឃុំខ្លួន ហើយ​ត្រូវ​រង​ការចោទប្រកាន់​ទៀតផង​។ 
 
​មកទល់ពេលនេះ គ្មាន​សញ្ញា​បង្ហាញ​ពី​ការដកថយ​របស់​យោធា​ឡើយ​។ នៅឯ​អង្គការសហប្រជាជាតិ (UN) កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ មិនមាន​លទ្ធផល​ឡើយ ដោយ​មហាអំណាច​ចិន និង​រុស្ស៊ី​មិនទាន់​យល់ស្រប​លើ​ដំណោះស្រាយ​បន្ទាន់ ហើយ​សុំ​ពេល​ពិនិត្យ​ស្ថានការណ៍​បន្តទៀត​។ ប៉ុន្តែ​ប្រមុខ UN លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ព្រមាន​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ផ្ទេរអំណាច​ទៅឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ ហើយ​លោក​នឹង​រិះរក​គ្រប់​វិធីសាស្ត្រ​ដើម្បី​ស្តារ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​។​
 
«​យើង​នឹងធ្វើ​គ្រប់យ៉ាង​តាមតែ​អាច​ធ្វើបាន​ដើម្បី​ប្រមូល​ភាគី​សំខាន់ៗ និង​សហគមន៍​អន្តរជាតិ សំដៅដាក់​សម្ពាធ​លើ​មី​យ៉ាន់​ម៉ា​ដើម្បី​ធានាថា រដ្ឋប្រហារ​នេះ​បរាជ័យ​។​» លោក ហ្គូ​តេ​រ៉េ​ស និយាយ​បែបនេះ​ក្នុងការ​សន្ទនា​ជាមួយ Washington Post នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ លោក​បន្តថា ក្រោយ​ការបោះឆ្នោត​ដែល​ត្រូវ​បានរៀបចំ​ជាធម្មតា និង​ក្រោយ​រយៈពេល​អន្តរកាល​ដ៏​យូរ វា​មិនអាច​ទទួលយកបាន​ដាច់ខាត​ការច្រានចោល​លទ្ធផល​ការបោះឆ្នោត និង​ឆន្ទៈ​ប្រជាជន​។​
 
​យោធា​មី​យ៉ាន់​ម៉ា បាន​យក​ភាពមិនប្រក្រតី​ដែល​ខ្លួន​អះអាង​កើតមាន​ក្នុងការ​បោះឆ្នោត ជាហេតុ​ផល​នៃ​ដណ្ដើម​អំណាច​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការប្រជុំ​សភា​អាណត្តិ​ថ្មី ដែល​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី ឈ្នះ​ដោយ​សំឡេង​ភ្លូកទឹកភ្លូកដី​។ យោធា​អះអាង​ទៀតថា ដោយសារ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ភាពមិនប្រក្រតី​រាប់លាន​ករណីនេះ​ហើយ ទើប​ខ្លួន​ចាត់វិធានការ​តែម្ដង​។ 
 
​មកដល់​ថ្ងៃទី​៤ ខែកុម្ភៈ លោកស្រី ស៊ូ​ជី និង​លោក Win Myint នៅ​ស្ថិតក្រោម​ឃុំខ្លួន​ដដែល ខណៈ​ត្រូវបាន​ចោទប្រកាន់​ពី​សំណាក់​ប៉ូលិស​ផងដែរ​។ ក្នុង​ឯកសារ​ប៉ូលិស​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ លោកស្រី ស៊ូ​ជី ត្រូវបាន​ចោទថា បំពាន​ច្បាប់​នាំចេញ​នាំចូល ក្រោម​យោធា​រកឃើញ​វិទ្យុទាក់ទង​ក្នុងផ្ទះ​លោកស្រី ចំ​ណែ​លោក Win Myint ក៏ត្រូវ​ចោទ​ពីបទ​បំពាន​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​អំឡុងពេល​កូ​វីដ​-១៩ ។ 
 
​ទាក់ទង​ការចោទប្រកាន់​របស់​យោធា​នេះ ប្រមុខ UN លើកឡើងថា បើ​យើង​អាច​លោកស្រី ស៊ូ​ជី ត្រូវ​រង​ការ​ចោទ​ពីបទ​អ្វីមួយ នោះ​គួរតែ​រឿង​ដែល​លោកស្រី ស្និទ្ធ​យោធា​ពេក ហើយ​ការពារ​យោធា​ខ្លាំងពេក​។ លោក ហ្គូ​តេ​រ៉េ​ស ទំនង​ចង់​សំដៅ​ដល់​ជំហរ​របស់​លោកស្រី ស៊ូ​ជី មិន​រិះគន់ ឬ​មាន​វិធានការ​ខ្លាំង​យោធា​ដែល​ប្រើ​ហិង្សា​លើ​ក្រុម​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ដែល​សព្វថ្ងៃ​ពួកគេ​រាប់សែន​នាក់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​៕
 
  

Tag:
 UN
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com