អន្តរជាតិ
ប្រមុខ UN៖ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បរាជ័យ
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៣ ខែកុម្ភៈ និយាយថា UN នឹងដាក់សម្ពាធឱ្យខ្លាំងលើរបបដឹកនាំយោធាមីយ៉ាន់ម៉ាកំពុងដឹកនាំប្រទេស ក្រោយការធ្វើរដ្ឋប្រហារដណ្ដើមអំណាច។ បើតាមលោក ហ្គូតេរ៉េស UN នឹងធ្វើយ៉ាងណាឱ្យរដ្ឋប្រហារនៅមីយ៉ាន់ម៉ាដែលលោកចាត់ទុកជាការទាត់ចោលឆន្ទៈប្រជាជន ទទួលបរាជ័យ។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា កន្លងផុតទៅពីរបីថ្ងៃហើយ។ ក្រុមយោធា បានបង្កើតក្រុមប្រឹក្សាដឹកនាំប្រទេស និងគណៈរដ្ឋមន្ត្រីថ្មី ស្របពេលកំពុងរងសម្ពាធខ្លាំងពីអន្តរជាតិ។ លោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint ប្រធានានាធិបតីមុនរដ្ឋប្រហារ នៅតែស្ថិតក្រោមការឃុំខ្លួន ហើយត្រូវរងការចោទប្រកាន់ទៀតផង។
មកទល់ពេលនេះ គ្មានសញ្ញាបង្ហាញពីការដកថយរបស់យោធាឡើយ។ នៅឯអង្គការសហប្រជាជាតិ (UN) កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ មិនមានលទ្ធផលឡើយ ដោយមហាអំណាចចិន និងរុស្ស៊ីមិនទាន់យល់ស្របលើដំណោះស្រាយបន្ទាន់ ហើយសុំពេលពិនិត្យស្ថានការណ៍បន្តទៀត។ ប៉ុន្តែប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ព្រមានយោធាមីយ៉ាន់ម៉ាឱ្យផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ ហើយលោកនឹងរិះរកគ្រប់វិធីសាស្ត្រដើម្បីស្តារដំណើរប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
«យើងនឹងធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបានដើម្បីប្រមូលភាគីសំខាន់ៗ និងសហគមន៍អន្តរជាតិ សំដៅដាក់សម្ពាធលើមីយ៉ាន់ម៉ាដើម្បីធានាថា រដ្ឋប្រហារនេះបរាជ័យ។» លោក ហ្គូតេរ៉េស និយាយបែបនេះក្នុងការសន្ទនាជាមួយ Washington Post នៅថ្ងៃទី៣ ខែកុម្ភៈ។ លោកបន្តថា ក្រោយការបោះឆ្នោតដែលត្រូវបានរៀបចំជាធម្មតា និងក្រោយរយៈពេលអន្តរកាលដ៏យូរ វាមិនអាចទទួលយកបានដាច់ខាតការច្រានចោលលទ្ធផលការបោះឆ្នោត និងឆន្ទៈប្រជាជន។
យោធាមីយ៉ាន់ម៉ា បានយកភាពមិនប្រក្រតីដែលខ្លួនអះអាងកើតមានក្នុងការបោះឆ្នោត ជាហេតុផលនៃដណ្ដើមអំណាចនៅប៉ុន្មានម៉ោងមុនការប្រជុំសភាអាណត្តិថ្មី ដែលបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ឈ្នះដោយសំឡេងភ្លូកទឹកភ្លូកដី។ យោធាអះអាងទៀតថា ដោយសាររដ្ឋាភិបាលមិនដោះស្រាយភាពមិនប្រក្រតីរាប់លានករណីនេះហើយ ទើបខ្លួនចាត់វិធានការតែម្ដង។
មកដល់ថ្ងៃទី៤ ខែកុម្ភៈ លោកស្រី ស៊ូជី និងលោក Win Myint នៅស្ថិតក្រោមឃុំខ្លួនដដែល ខណៈត្រូវបានចោទប្រកាន់ពីសំណាក់ប៉ូលិសផងដែរ។ ក្នុងឯកសារប៉ូលិសដែលផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ លោកស្រី ស៊ូជី ត្រូវបានចោទថា បំពានច្បាប់នាំចេញនាំចូល ក្រោមយោធារកឃើញវិទ្យុទាក់ទងក្នុងផ្ទះលោកស្រី ចំណែលោក Win Myint ក៏ត្រូវចោទពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយអំឡុងពេលកូវីដ-១៩ ។
ទាក់ទងការចោទប្រកាន់របស់យោធានេះ ប្រមុខ UN លើកឡើងថា បើយើងអាចលោកស្រី ស៊ូជី ត្រូវរងការចោទពីបទអ្វីមួយ នោះគួរតែរឿងដែលលោកស្រី ស្និទ្ធយោធាពេក ហើយការពារយោធាខ្លាំងពេក។ លោក ហ្គូតេរ៉េស ទំនងចង់សំដៅដល់ជំហររបស់លោកស្រី ស៊ូជី មិនរិះគន់ ឬមានវិធានការខ្លាំងយោធាដែលប្រើហិង្សាលើក្រុមជនភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ដែលសព្វថ្ងៃពួកគេរាប់សែននាក់ភៀសខ្លួនទៅបង់ក្លាដែស៕
Tag:
UN
អាន់តូនីញ៉ូ ហ្គូតេរ៉េស
© រក្សាសិទ្ធិដោយ thmeythmey.com