ជាតិ
អាជ្ញាធរហាមដុតផាវ លេងល្បែង និងហែក្បួនសាសនា នៅថ្ងៃចូលឆ្នាំចិន ហាងលក់ក្រដាសសែនបុណ្យចូលឆ្នាំចិននៅផ្សារអូរឫស្សី ។ (រូបដោយ៖ ឡាយ សុភាវតី)
× ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត ការដុតផាវ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ឯ ការហែក្បួនសាសនាផ្សេងៗ ក៏ត្រូវហាមឃាត់ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣កុម្ភៈ។
បុណ្យចូលឆ្នាំចិនថ្ងៃទី១១ដល់១៤ខាងមុខនេះ តាមកន្លែងកម្សាន្តនានា ត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាននិងអគ្គិសនីដើម ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យជាយថាហេតុ។ នេះបើតាមការណែនាំរបស់ លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ហាមដាច់ខាតមិនឲ្យដុតក្រដាសសែនលើចិញ្ចើមផ្លូវឬទ្រូងផ្លូវ។ លោកបន្ថែមបញ្ជាក់ថា សម្រាប់ការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំង។
លោក ឃួង ស្រេង បានប្រាប់ឲ្យអាជ្ញាធរគ្រប់ថ្នាក់ ចុះពិនិត្យធ្វើយ៉ាងណាកុំឲ្យមានការនាំចូលផាវ កាំជ្រួច ចូលភ្នំពេញ រួមដកហូតគ្រឿងទាំងអស់នេះ ប្រសិនបើឃើញមានការដាក់លក់នៅភ្នំពេញ។ ក្រៅនេះ អាជ្ញាធរត្រូវផ្សព្វផ្សាយ ការណែនាំនេះដក់ពលរដ្ឋតាមមូលដ្ឋាន។ សាធារណជនដែលមិនគោរពតាមការណែនាំឬបង្កចលាចលក្នុងសង្គម នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com