អន្តរជាតិ
រដ្ឋបាល​លោក បៃ​ឌិន បន្ត​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី​វ៉េ​ណេ​ស៊ុយ​អេ​ឡា
04, Feb 2021 , 9:59 pm        
រូបភាព
លោកJuan Guaido ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ទទួលស្គាល់ដោយអាមេរិក។ រូបភាព៖ AFP
លោកJuan Guaido ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ទទួលស្គាល់ដោយអាមេរិក។ រូបភាព៖ AFP
ដោយ:
​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃ​ឌិន បញ្ជាក់​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ថា អាមេរិក​បន្ត​ទទួលស្គាល់​អតីត​ប្រធានសភា​វេ​ណេ​ស៊ុយ​អេ​ឡា លោក ហ័ន ក្វៃ​ឌូ ជា​ប្រធានាធិបតី​ស្តីទី​ស្របច្បាប់​ដដែល ហើយ​បដិសេធ​ការចរចា​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​។ រដ្ឋបាល​អាមេរិក​ថ្មី ក៏​បន្ត​ហៅ​លោក ម៉ា​ឌុយ​រ៉ូ ជា​មនុស្ស​ផ្តាច់ការ ហើយ​បន្ត​ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ មិន​ខុស​អ្វី​ពី​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើយ​។​

 
​រដ្ឋបាល​ប្រធានាធិបតី ចូ បៃ​ឌិន បានបង្ហាញ​គោលនយោបាយ​ការបរទេស​ដ៏​លម្អិត​របស់ខ្លួន​ទាក់ទង​នឹង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយថា អាមេរិក​នឹងដាក់​ទណ្ឌកម្ម​មន្ត្រី និង​មនុស្ស​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​នេះ​។​
 
«​គោលដៅ​របស់​រដ្ឋបាល បៃ​ឌិន​-​ហារី​ស គឺ​គាំទ្រ​អន្តរកាល​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា​ដោយ​សេរី និង​យុត្តិធម៌​»​។ នេះ​ជាការ​លើកឡើង​របស់លោក Price ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣ កុម្ភៈ ដោយ​បន្ត​ហៅ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ជា​បុគ្គល​ផ្តាច់ការ​។​
 
​អាមេរិក នៅតែ​បន្ត​ទទួលស្គាល់​លោក ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី​ដដែល​ដោយ​មិនមាន​ការផ្លាស់ប្ដូរ​ឡើយ​។ ប្រទេស​លោកខាងលិច រួមមាន​សហភាព​អឺរ៉ុប​ផងដែរ បានទទួល​ស្គាល់​លោក ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្រោយពេល​បណ្តារ​ប្រទេស​ទាំងនោះ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​លោក ម៉ា​ឌុយ​រ៉ូ ។​
 
​ចំពោះ​លទ្ធភាព​ក្នុង​ការចរចា​នាពេល​អនាគត​ជាមួយ​រដ្ឋាភិបាល​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ វិញ លោក​Prince បញ្ជាក់ថា អាមេរិក មិន​រំពឹង​នឹងមាន​ការចចារ​ណាមួយ​នាពេលខាងមុខ​ឡើយ​។ លោក ម៉ា​ឌុយ​រ៉ូ បន្ត​កាន់អំណាច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ដោយសារ​មាន​ជំនួយ​ពី​អ៊ីរ៉ង់ ចិន រុស្ស៊ី និង​គុយបា​។ បច្ចុប្បន្ននេះ វេ​ណេ​ស៊ុយ​អេ​ឡា​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អាមេរិក និង​សហភាព​អឺរ៉ុប ចំណែក​សេដ្ឋកិច្ច​ប្រទេស​នេះ​វិញ​រលំ​ដោយសារ​ការធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​។​
 
​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន សហភាព​អឺរ៉ុប​បញ្ជាក់ថា ខ្លួន​លែង​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី​ទៀតហើយ​។ នេះ​ដោយសារតែ​លោក ក្វៃ​ដូ បាត់បង់​តំណែង​ជា​ប្រធានរដ្ឋសភា ក្រោយ​ការបោះឆ្នោត​រដ្ឋសភា​នីតិកាល​ថ្មី នៅ​ចុងឆ្នាំ​២០២០ ដែល​ក្រុម​បក្សប្រឆាំង​ពហិការ​។ សហភាព​អឺរ៉ុប និង​អាមេរិក ក៏​ពុំ​ទទួលស្គាល់​ការបោះឆ្នោត​រដ្ឋសភា​ឆ្នាំ​២០២០ នេះដែរ​។​
 
​ការបោះឆ្នោត​រដ្ឋសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឆ្នាំ​២០២០ នាំឱ្យ​បក្ស​កាន់អំណាច​របស់លោក នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ គ្រប់គ្រង​ស្ថាប័ន​នីតិបញ្ញត្តិ ដែលជា​ស្ថាប័ន​ចុងក្រោយ​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៥ ដែល​គ្រានោះ​លោក ក្វៃ​ដូ ត្រូវបានតែងតាំង​ជា​ប្រធានរដ្ឋសភា​។​
 
​ចំពោះ​រឿង​ទណ្ឌកម្ម​វិញ លោក Prince អះអាងថា រដ្ឋបាល​លោក​បៃ​ឌិន នឹង​សម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​ជំរុញ​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​នេះ​។ យ៉ាងណាក្តី លោក​Prince ពុំបាន​ទាមទារ​ឱ្យ​ទម្លាក់​លោក ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង ដូច​អ្វីដែល​មន្ត្រី​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ បានទាមទារ​ឡើយ​៕
 
 
 
 
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com