កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក មិន​រារាំង​អត្ត​ព​លិ​ក​ខ្លួន​ចូលរួម​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង
04, Feb 2021 , 5:13 pm        
រូបភាព
​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន គ្មាន​ផែនការ​រារាំង​អត្ត​ព​លិ​ក​អាមេរិក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ នោះទេ បើ​ទោះ​ចិន​កំពុង​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​ក៏ដោយ​។



​ក្រុម​អ្នកតស៊ូ​មតិ​ពាក់ព័ន្ធ​បញ្ហា​សិ​ទិ្ធ​មនុស្ស ថ្មីៗ​នេះ​បានការ​ទាមទារ​ឱ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​រដូវរងារ​ដែល​នឹងធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ ២០២២ ចេញពី​ប្រទេស​ចិន​។ 
 
​ស្របពេល​គ្នា​នេះដែរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មួយក្រុម​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​ព្រឹត្តិការណ៍​កីឡា​នេះ​បន្ទាប់ពី​អាមេរិក​បាន​អះអាងថា រដ្ឋាភិបាល​ចិន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​មូស្លីម​វី​ហ្គ័​រ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​។ នេះ​បើតាម​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ជុំវិញ​ករណី​ខាងលើ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki អះអាងថា អាមេរិក​នឹងមិន​ហាម​អត្ត​ព​លិ​ក​ខ្លួន​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​នេះឡើយ​។ អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៤ កុម្ភៈ​នេះ​ថា​៖ «​ឥឡូវនេះ​យើង​មិន​និយាយ​អំពី​ការផ្លាស់ប្តូរ​ឥរិយាបថ ឬ​ផែនការ​របស់​យើង​ឡើយ ទោះ​វា​ទាក់ទង​នឹង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ប៉េកាំង​»​។​
 
​លោកស្រី Psaki បន្ថែមថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន បាន​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​គ្រប់​ជាន់ថ្នាក់​អំពី​ការ​ធ្វើទុក្ខបុកម្និញ​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ពី​សំណាក់​ចិន ប៉ុន្តែ​គ្មាន​ការពិភាក្សា​ណាមួយ​អំពី​ការធ្វើ​ពហិការ​មិន​ចូលរួម​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០២២ ឡើយ​។ 
 
​បើ​មិនមាន​ការប្រែប្រួល​ទេ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ និង​ជា​លើក​ទី​២៤ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ​៕ 

Tag:
 Olympic Winter
  វី​ហ្គ័​រ
© រក្សាសិទ្ធិដោយ thmeythmey.com