អន្តរជាតិ
នាវាចម្បាំង​អាមេរិក​បើក​កាត់​សមុទ្រ​តៃវ៉ាន់​ជា​លើកដំបូង ក្រោយ​លោក បៃ​ឌិន ឡើងកាន់តំណែង​
04, Feb 2021 , 10:59 pm        
រូបភាព
នាវាចម្បាំងអាមេរិក USS John S. McCain ។ រូបថតក្រសួងការពារជាតិអាមេរិក
នាវាចម្បាំងអាមេរិក USS John S. McCain ។ រូបថតក្រសួងការពារជាតិអាមេរិក
ដោយ:
​នាវាចម្បាំង​មួយគ្រឿង​អាមេរិក​ឈ្មោះ USS John S. McCain បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​បើតាម​ការប្រកាស​របស់​កង​នាវាចរណ៍​ទី​៧ នៃ​ទ័ពជើងទឹក​អាមេរិក​។ នេះ​ជា​វត្តមាន​លើកទីមួយ​នៃ​នាវាចម្បាំង​អាមេរិក​នៅ​ច្រក​សមុទ្រ​ខណ្ឌ​ចែក​ចិនដីគោក និង​កោះ​តៃវ៉ាន់ ក្រោយ​ការស្បថ​កាន់តំណែង​រប​ស់លោក ចូ បៃ​ឌិន ជា​ប្រធានាធិបតី​អាម​រិ​ក​។

 
​នាវាចម្បាំង USS John S. McCain ថ្នាក់ Arleigh Burke ជា​ប្រភេទ​មី​ស៊ី​ល​ផ្ទុក​មី​ស៊ី​ល​ប្រដេញ​ប្រចាំការ​ក្នុង​កង​នាវាចរណ៍​ទី​៧ របស់​កងទ័ពជើងទឹក​អាមេរិក ដែល​ឈរជើង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ជារឿយ​នាវា​នេះ បាន​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​នៅ​ចន្លោះ​រវាង​ដែន​កោះ​តៃវ៉ាន់ និង​ចិនដីគោក​។​
 
​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ កង​នាវាចរណ៍​ទី​៧ ប្រកាសថា នាវាចម្បាំង​នេះ បាន​បើក​កាត់​ផ្លូវ​សមុទ្រ​នេះ​ជាថ្មី​។  សេចក្តីថ្លែងការណ៍​អះអាងថា ការបើក​កាត់​របស់​នាវាចម្បាំង USS John S. McCain បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ ហើយ​យោធា​អាមេរិក នឹង​ហោះហើរ បើកបរ និង​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​នេះ​ក៏​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០២១ ដែល​នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​នេះដែរ​។ បើតាម​ករសួងការពារជាតិ​តៃវ៉ាន់ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចំនួន​១៣​ដង​។ ចំណែក​ការបើក​កាត់​របស់​នាវា USS John S. McCain ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ស៊ើបការណ៍​ចំនួន​ពីរ​គ្រឿង និង​យន្តហោះ​ដឹក​ប្រេង​របស់​អាមេរិក បើក​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។​
 
​អ្វីដែល​គេ​មើលឃើញ​នោះ ការបញ្ជូន​នាវាចម្បាំង​នេះ ជា​សញ្ញា​នៃ​ការបន្ត​ការគាំទ្រ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​លើ​តៃវ៉ាន់ ដែល​រង​ការ​គំរាម​កាន់តែខ្លាំង​ពី​ចិន​។ តាំងពី​លោកស្រី Tsai Ing-wen ជាប់ឆ្នោត​ជា​មេដឹកនាំ​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០១៦ ចិន​បាន​បង្កើន​សម្ពាធ​យោធា សេដ្ឋកិច្ច និង​ការទូត​លើ​ដែន​កោះ​មួយ​នេះ​។ លោកស្រី Tsai ជា​មេដឹកនាំ​តៃវ៉ាន់ ដែលមាន​ជំហរ​ដាច់ខាត​ប្រឆាំងនឹង​ការ​គំរាម​ពី​ចិន និង​មិន​ទទួលស្គាល់​ការលើកឡើង​ដែលថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។​
 
​គិត​ត្រឹម​ពេញ​មួយឆ្នាំ​២០២០ ក្រសួងការពារជាតិ​តៃវ៉ាន់ អះអាងថា យន្តហោះ​ចម្បាំង​របស់​ចិន​បាន​បើក​ចូល​តំបន់​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់​ចំនួន​៣៨០​ដង​។ អ្នកវិភាគ​មួយចំនួន អះអាងថា​នេះ​ជា​ភាព​តានតឹង​រវាង​តៃវ៉ាន់ និង​ចិន​ដ៏​ខ្លាំង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​។ ចំពោះ​វត្តមាន​នាវា និង​យោធា​អាមេរិក ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ចិន​លើកឡើងថា ការដែល​អាមេរិក​បញ្ជូន​ជារឿយៗ​នូវ នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង មិន​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ​។​
 
​អាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​សឹងតែ​ទាំងអស់​លើ​លោក​ពុំមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក Lloyd Austin ធ្លាប់​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា អាមេរិក​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​កុំឱ្យ​ចិន​កាន់កាប់​តៃវ៉ាន់​ដោយ​កម្លាំង​អាវុធ​។ លោក Austin ក៏​បញ្ជាក់ថា​អាមេរិក​នឹង​ប្តេជ្ញា គាំទ្រ​តៃវ៉ាន់​ឱ្យមាន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួនឯង​ទប់ទល់​នឹង​ចិន​ផងដែរ​៕
 

Tag:
 អាមេរិក​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com