កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ឈឺចិត្ត ដែល Spurs ចាញ់ Chelsea បាល់​ប៉េ​ណា​ល់​ទី​
05, Feb 2021 , 11:42 am        
រូបភាព
​លោក Jose Mourinho បង្ហាញ​ការមិនសប្បាយចិត្ត​ឡើយ​ដែល​ក្រុម Tottenham Hotspur ចាញ់​ក្លិប​ចាស់ Chelsea ១-០ ដោយ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដែល​មិន​សម​ហេតុផល នា​ជំនួប Premier League រាត្រី​ថ្ងៃទី​៤ កុម្ភៈ​។ លោក Mourinho អះអាងថា ខ្លួន​ពិតជា​ពិបាក​ទទួលយក​មែនទែន​ដែល​អាជ្ញាកណ្តាល​ឱ្យ​បាល់​ពិន័យ​នេះ​។​



​មិនមាន​ការតវ៉ា​អ្វី​ឡើយ​ពី​សំណាក់ Eric Dier ខ្សែការពារ Spurs បន្ទាប់ពី​ធ្វើឱ្យ Timo Werner ដួល​ក្នុង​ប្រអប់​ទី ហើយ​ត្រូវ​អាជ្ញាកណ្តាល​លោក Andre Marriner ភ្លុំ​កញ្ចែ​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​។ ខ្សែបម្រើ Jorginho រ៉ាប់រង​ការទា​ត់បាល់​ពិន័យ​នេះ និង​ធ្វើបាន​សម្រេច​នៅ​នាទី​២៤ ដើម្បី​ផ្តល់​ជ័យជម្នះ​ដល់ Chelsea ដែលមាន​លោក Thomas Tuchel ជា​អ្នកចាត់ការ​ទូទៅ​។​
 
​ក្រោម​ការ​ដឹ​នាំ​របស់ Tuchel ៣​ប្រកួត បន្ទាប់ពី​ឡើងទៅ​ជំនួស​លោក Frank Lampard ក្រុម​រហស្សនាម​តោ​ខៀវ​រកបាន​៧​ពិន្ទុ​បន្ថែម និង​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ពីលើ Spurs ដែល​ធ្លាក់​ទៅ​លេខ​៨​វិញ​។​
 
​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ចាញ់​៣​ប្រកួត​ជាប់​គ្នា​ចុងក្រោយ ដោយ​គ្មាន​វត្តមាន​ប្រធាន​ក្រុម Harry Kane ដែល​រងរបួស​។ យ៉ាងណា Mourinho ទទួលស្គាល់ថា​ក្រុម​របស់លោក​ធ្វើការ​យ៉ាង​លំបាក​ហើយ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា​៖ «​វា​ជាការ​តស៊ូ ប៉ុន្តែ​តើ​ពួកគេ​មានឱកាស​ប៉ុន្មាន​? យើង​មិនបាន​បង្កើត​ឱកាស​ដូចគ្នា​នៅ​តង់​ទី​១ ប៉ុន្តែ​ការតស៊ូ​គឺជា​ការពិន័យ​ប៉េ​ណា​ល់​ទី​។ ការប្រកួត​ត្រូវ​បញ្ចប់​ដោយសារ​ការពិន័យ​នេះ​។ ពួកគេ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដែល​មិន​សម​នឹង​ពិន័យ​ដែល​បង្កដោយ​ស្ថានភាព​គ្រោះថ្នាក់ ៥០-៥០ ប៉ុណ្ណោះ​។ នេះ​ជាការ​ពិន័យ​ដែល​ពិបាក​ទទួលយក ហើយ​បរាជ័យ​បែបនេះ​គឺ​ឈឺចាប់​ណាស់​»​។​
 
​ក្រោយ​ចាញ់​៣​ប្រកួត​ជាប់​គ្នា Spurs បាន​ធ្លាក់​ទៅ​លេខ​៨​ក្នុង​តារាង​ដោយ​រកបាន​៣៣​ពិន្ទុ ពី​ការប្រកួត​២១​លើក ខណៈ Chelsea ដែល​ប្រកួត​២២​លើក​មាន​៣៦​ពិន្ទុ តាម​ពីក្រោយ​តំបន់ Top4 តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​៕ 

Tag:
 Premier League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com