អន្តរជាតិ
លោក បៃ​ឌិន ថា អាមេរិក​នឹង​ប្រកៀក​ស្មា​ជាមួយ​សម្ពន្ធមិត្ត​វិញ តែ​ប្រកាន់​ជំហរ​តឹង​ដាក់​ចិន​និង​រុស្ស៊ី​
05, Feb 2021 , 2:30 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
លោកប្រធានាធិបតីអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​៤ កុម្ភៈ សន្យា​បង្កើត​គោលនយោបាយ​ការបរទេស​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក​។ ក្នុង​សុន្ទរកថា​លើកដំបូង​ស្តីពី​គោលនយោបាយ​ការបរទេស លោក បៃ​ឌិន ប្រកាសថា​អាមេរិក​ត្រឡប់មកវិញ​ក្នុង​ឆាក​អន្តរជាតិ ដោយ​វិស័យ​ការទូត ជា​អាទិភាព​នៃ​ទំនាក់ទំនង​ការបរទេស​ពិសេស​ជាមួយ​សម្ពន្ធមិត្ត​ដែល​ស្រងាកចិត្ត​បួន​ឆ្នាំ​មក​នោះ​។ ប៉ុន្តែ​ជាមួយ​ចិន និង​រុស្ស៊ី លោក បៃ​ឌិន នឹងមិន​ប្រើ​គោលនយោបាយ​ការបរទេស​ទន់ភ្លន់​ឡើយ​។​

 
«​អាមេរិក​ក្នុងនាម​ជា​អ្នកដឹកនាំ ត្រូវ​ប្រឈម​ទៅនឹង​ការកើនឡើង​របប​ផ្តាច់ការ រួមមាន​ការកើនឡើង​មហិច្ឆតា​របស់​ចិន​ដែល​ប្រឆាំង​ជាមួយ​អាមេរិក ក៏ដូចជា​ការប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុងការ​រំខាន និង​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ចូ បៃ​ឌិន ក្នុង​សុន្ទរកថា​នៅ​ក្រសួងការបរទេស​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។ អាមេរិក​នឹង​ព​ន្លឿ​ន​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​ប្រឈម​នឹង​បញ្ហា​ផ្សេងទៀត រាប់​ចាប់តាំងពី​បញ្ហា​ជំងឺឆ្លង បម្រែបម្រួល​អាកាសធាតុ រហូតដល់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ 
 
​លោក​បៃ​ឌិន ក៏​មិន​ភ្លេច​លើកឡើង​ពី​ការធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ឡើយ​។ ប្រធានាធិបតី​អាមេរិក និយាយ​ចាត់ទុក​សម្ពន្ធភាព​ជាមួយ​ដៃគូ ជា​ទ្រព្យ​ដ៏​ធំធេង​។ លោក​សង្កត់ធ្ងន់ថា ការដឹកនាំ​លើ​ឆាក​អន្តរជាតិ​ដោយ​យក​វិស័យ​ការទូត​ជា​អាទិភាព មានន័យថា​អាមេរិក​ប្រកៀក​ស្មា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូរ​ជាថ្មី​ម្តងទៀត​។ សម្រាប់​លោក​បៃ​ឌិន ការវិនិយោគ​លើ​វិស័យ​ការទូត មិនមែន​ត្រឹមតែ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​ប៉ុណ្ណោះ​ទេ តែ​អាមេរិក​អាច​រស់ក្នុង​សន្តិភាព សុវត្ថិភាព និង​វិបុលភាព​។​
 
​ទន់ភ្លន់​ជាមួយ​ដៃគូ​មែន អាមេរិក​មិន​ធ្វើ​ដូចគ្នានេះ​ជាមួយ​ចិន និង​រុស្ស៊ី​ឡើយ​។ ចំពោះ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី លោក បៃ​ឌិន​ថា អាមេរិក នឹង​មិនឱ្យ​រុស្ស៊ី​រួចខ្លួន​ទៀតឡើយ​ចំពោះ​ការ​ជ្រែ​ត​ជ្រែក​ក្នុងការ​បោះឆ្នោត សកម្មភាព​ឈ្លានពាន ការវាយប្រហារ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការបំពុល​ពលរដ្ឋ​រប​ស់​ខ្លួន​នោះ​។​
 
​ចំណែក ចិន ដែលមាន​ទំនាក់ទំនង​ការទូត​ដុនដាប​ជាមួយ​អាមេរិក​បួន​ឆ្នាំកន្លងមក ក៏​មិនអាច​រំពឹងថា​នឹងមាន​ភាពប្រសើរឡើង​ក្នុង​រដ្ឋបាល​លោក បៃ​ឌិន ដែរ​។ 
 
​លោក បៃ​ឌិន ថា​អាមេរិក នឹង​តទល់​ជាមួយ​ចិន​ចំពោះ​ការបំពាន​ក្នុង​វិស័យសេដ្ឋកិច្ច កម្មសិទ្ធិបញ្ញា សិទ្ធិមនុស្ស និង​អភិបាលកិច្ច​សាកល​ផងដែរ​។ ប្រធានាធិបតី បៃ​ឌិន ចាត់ទុក​ចិន​ជា​អ្នកប្រកួតប្រជែង​របស់​អាមេរិក​ដ៏​ធំ​ផុត​។ ក្នុងន័យនេះ លោក​សំដៅ​ទៅលើ​ការពង្រឹង​វិស័យ​យោធា និង​ការពង្រីក​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ​របស់​មហាអំណាច​អាស៊ី​មួយ​នេះ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​អាមេរិក ក៏​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ចិន​ផងដែរ បើសិនជា​កិច្ចការ​នោះ​ផ្តល់​ប្រយោជន៍​ឱ្យ​អាមេរិក​។​
 
​សូម​រំឭកថា អាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ធ្វើឱ្យ​សម្ពន្ធមិត្ត​ស្រងាកចិត្ត​ដោយ​ដាក់​ពន្ធ​លើ​ទំនិញ​របស់​សម្ព័ន្ធមិត្ត​អឺរ៉ុប និង​អាស៊ី​។ លោក ត្រាំ ក៏​គំរាម​ដកទ័ព​ពី​ប្រទេសមួយ​ចំនួន​ដូចជា​អាល្លឺម៉ង់ ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម បើ​ម្ចាស់​ប្រទេស​មិន​គិត​ជួយ​ចេញថ្លៃ​ចំណាយ​ដល់​អាមេរិក​។ សម្ពន្ធមិត្ត​អឺរ៉ុប​វិញ អន់ចិត្ត​នឹង​លោក ត្រាំ ដែល​ធ្វើ​ពុំ​ដឹង​ពុំ​ឮ​ពី​ការកើនឡើង​នៃ​របប​ផ្តាច់ការ និង​ថែមទាំង​ស​សើរ​មេដឹកនាំ​ផ្តាច់ការ​មួយចំនួន​ថែមទៀត​ផង​៕
 

Tag:
 អាមេរិក​
  ចិន​
  រុស្ស៊ី​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com