ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ស្នើ​ឲ្យ​ក្រសួង​អប់រំ ពិនិត្យ​លទ្ធភាព​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​សិស្ស​គ្រប់​កម្រិត
05, Feb 2021 , 3:16 pm        
រូបភាព
សិស្សានុសិ្សនៃវិទ្យាល័យ ជា ស៊ីម សាមគ្គី កំពុងស្ថិតក្នុងថ្នាក់រៀន
សិស្សានុសិ្សនៃវិទ្យាល័យ ជា ស៊ីម សាមគ្គី កំពុងស្ថិតក្នុងថ្នាក់រៀន
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ បានស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង កីឡា ពិនិត្យ​លទ្ធភាព​ក្នុងការ​អប់រំ​ច្បាប់​ចរាចរណ៍ ដល់​សិស្ស​នៅ​គ្រប់​កម្រិត ជាពិសេស​ពី​ថ្នាក់​មេ​ត្ត​យ្យ​ដល់​ថ្នាក់​ទី​១២ ដើម្បី​ឲ្យ​ពួកគេ​យល់ច្បាស់​ពី​ច្បាប់​ចរាចរណ៍​។   

 
​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច ស ខេង បាន​ថ្លែងថា ការអប់រំ​ច្បាប់​ចរាចរណ៍​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត​ទាំងអស់​យល់ដឹង​កាន់តែច្បាស់ មុននឹង​ឲ្យ​ពួកគេ​អាច​បើកបរ​យានយន្ត​នៅ​ថ្ងៃ​អនាគត​ដោយមាន​ការប្រុងប្រយ័ត្ន​។ ប្រសាសន៍​របស់​សម្តេច ត្រូវបាន​ដកស្រង់​យកទៅ​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូ​ការ​របស់​ក្រសួងមហាផ្ទៃ​។  
 
​សម្តេច​រដ្ឋមន្ត្រី មានប្រសាសន៍ថា​៖«​យើង​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ អនាគត​កូនចៅ​យើង​នឹង​ក្លាយជា​អ្នកប្រើប្រាស់​យានយន្ត​។ ដូច្នេះ​ប្រសិនបើ​យើង​បង្កើន និង​ពង្រីក​ការអប់រំ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ទៅ នោះ​នឹង​អាច​ឲ្យ​សិស្ស​ទាំងអស់​ទទួលបាន​នូវ​ចំណេះដឹង​ពី​ច្បាប់​ចរាចរណ៍​កាន់តែច្បាស់ ហើយ​មានការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​ផងដែរ​»​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ជំរុញ​គ្រូបង្រៀន​ថ្នាក់​មេ​ត្ត​យ្យ ឲ្យ​បង្រៀន​និមិត្តសញ្ញា​ចរាចរណ៍​ងាយៗ សម្រាប់​ឲ្យ​សិស្ស​តូច​ឆាប់​យល់​ពី​ច្បាប់​ចរាចរណ៍​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ ថ្លែង​ដូច្នេះ​ថា​៖«​ព្រោះតែ​សន្ទុះ​នៃ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​នឹងមាន​ផ្លូវ​ខ្វាត់ខ្វែង​កាន់តែច្រើន​មិនថាតែ​នៅ​ទីក្រុង ឬក៏​ជនបទ​នោះទេ ដូច្នេះ​ចាំបាច់​បំផុត​ត្រូវតែ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​»​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា ក្រសួង​អប់រំ​នឹង​ត្រួតពិនិត្យ​លទ្ធភាព​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​សិស្ស​បន្ថែមទៀត​។ លោក បញ្ជាក់ថា កន្លងមក​ក្រសួង​អប់រំ​បានរៀបចំ និង​ចងក្រង​សៀវភៅ​ស្តីពី​«​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​សម្រាប់​សិស្ស​ថ្នាក់​ទី​១ ដល់ទី​៩ ដែល​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០០៦​។ 
 
 
 
​លោក បន្តថា ខ្លឹមសារ​មេរៀន​ច្បាប់​ចរាចរណ៍​នេះ​ក៏បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​សិស្ស​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៩​ផងដែរ ហើយ​ចំពោះ​សិស្ស​ថ្នាក់​ទី​១០ និង​ទី​១២ ក្រសួង​ធ្វើ​ឡើងជា​វេទិកា​ផ្សព្វផ្សាយ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​សហការ​ជាមួយនឹង​ក្រសួងមហាផ្ទៃ គ្រប់ភាគី​ពាក់ព័ន្ធ និង​គណៈកម្មការ​អន្តរក្រសួង​។  
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ក្រសួង​ក៏បាន​អប់រំ​នៅតាម​សាលារៀន​ទូទាំងប្រទេស និង​បាន​បណ្តុះបណ្តាល​គ្រូ​ផ្នែក​ច្បាប់​ចរាចរណ៍​ចប់សព្វគ្រប់​ក្នុង​ឆ្នាំ​២០០៩​។ លោក​បន្តថា ក្រសួង​អប់រំ​ក៏​កំពុង​ដាក់​ប​ញ្ជូ​ល​មេរៀន​ផ្នែក​ច្បាប់​ចរាចរណ៍​ក្នុង​មុខវិជ្ជា​សិក្សា​សង្គម​ផងដែរ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​មានប្រសាសន៍​ដែរ​ថា កន្លងមក​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​រាជធានី​ខេត្ត​បាន​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ចំនួន​ជិត​៤៥​ម៉ឺន​នាក់ និង​បាន​ចែក​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ចំនួន​១,២​ម៉ឺន​សន្លឹក​។ 
 
​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២០​មាន​ចំនួន​ជាង​៣​ពាន់​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ជាង​១​ពាន់​នាក់ របួស​ស្រួល​ជាង​៤​ពាន់​នាក់ និង​រងរបួស​ធ្ងន់​ជាង​ជិត​៣​ពាន់​នាក់​។ តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០ អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ធំ​។ 
 
​បើតាម​របាយការណ៍​ដ​ដែល  ក្នុង​ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​តាមរយៈ​ការដំឡើង​ប្រាក់​ផាកពិន័យ​ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​លើ្ម​ស​ច្បាប់​ជាង​២០​ម៉ឺន​គ្រឿង ក្នុងនោះ​ម៉ូតូ​ជាង​១៨​ម៉ឺន​គ្រឿង និង​រថយន្ត​ជាង​៥​ពាន់​គ្រឿង ដោយ​ប្រមូលបាន​ថវិកា​ដែល​ទទួលបាន​ពី​ការផាកពិន័យ​មាន​ចំនួន​២៥​ប៊ី​លាន​រៀល​៕ 
 
 

Tag:
 អប់រំ​
 ​ច្បាប់​ចរាចរណ៍​
 ​សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com