COVID-19
អន្តរជាតិ
ទោះ​មិនមែនជា​សមាជិក UN, តៃវ៉ាន់ ក៏​នឹង​បាន​វ៉ាក់សាំង​កូ​វីដ​-១៩ ពី COVAX ដែរ​
05, Feb 2021 , 9:29 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង
 
​តៃវ៉ាន់ នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca ពី​យន្តការ COVAX ។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋាភិបាល​តៃវ៉ា់ន់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។ ប៉ុន្តែ​ដែន​កោះ​នេះ មិន​បញ្ជាក់​ពី​ពេលវេលា​ទទួលបាន ឬ​ពត៌មាន​លើសពីនេះ​នៅឡើយ​។

 
​ដ្បិត​មិនមែនជា​សមាជិក​អង្គការសហប្រជាជាតិ (UN) ក្ដី ដែន​កោះ​តៃវ៉ាន់ ក៏មាន​ឈ្មោះ​ត្រូវ​ទទួលបាន​វ៉ាក់សាំង​ពី​យន្តការ COVAX ដែរ​។ COVAX បាន​ត្រៀម​វ៉ាក់សាំង​ជាង​១,៣​លាន​ដូ​ស​សម្រាប់​តំបន់​ដែល​មិនមែនជា​សមាជិក UN ក្នុង​គោលបំណង​ចែកចាយ​វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់រូប ដោយ​ស្មើភាព​។ 
 
​បើតាម​រដ្ឋាភិបាល​ដែន​កោះ​នេះ តៃវ៉ាន់ នឹង​ទទួលបាន​វ៉ាក់សាំង​មួយចំនួន​ផងដែរ​ពី​វ៉ាក់សាំង​របស់ COVAX ដែល​ផលិត​ដោយ​របស់​ក្រុមហ៊ុន AstraZeneca ។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​របស់​តៃវ៉ាន់ បញ្ជាក់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ថា រដ្ឋាភិបាល​កំពុងធ្វើកា​រ​ជាមួយ COVAX លើ​ការដឹកជញ្ជូន ដំណាក់កាល​គយ និង​បញ្ហា​ទាក់ទង​ផ្សេងទៀត​។ សម្រាប់​ប្រទេស​ផ្សេង វ៉ាក់សាំង​កូ​វីដ​-១៩ របស់ COVAX រំពឹង​ទៅ ដល់​នៅ​ចុងខែ​កុម្ភៈ ប៉ុន្តែ​ចំពោះ​តៃវ៉ាន់ កាលបរិច្ឆេទ​ទៅដល់​មិនទាន់​កំណត់​ជាក់លាក់​នៅឡើយ​។​
 
​កាលពី​ខែធ្នូ ឆ្នាំ​២០២០ តៃវ៉ាន់​អះអាងថា ខ្លួន​បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ជិត ២០​លាន​ដូ​ស​សម្រាប់​ចាក់ឱ្យ​ប្រជាជន​របស់ខ្លួន​។ ក្នុង​ចំនួន​នេះ តៃវ៉ាន់ ទិញ​វ៉ាក់សាំង​របស់ AstraZeneca ចំនួន​១០​លាន​ដូ​ស និង​៤,៧៦​លាន​ដូ​ស​ទៀត​ទិញ​តាម COVAX ដែរ​។ លើសពីនេះ តៃវ៉ាន់​ក៏បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​វ៉ាក់សាំង​មួយ​ផ្សេងទៀត​ដែរ តែ​មិនបាន​បញ្ចេញ​ឈ្មោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លើសពីនោះ កាលពី​សប្ដាហ៍​មុន ដែន​កោះ​មួយ​នេះ ក៏​ស្នើសុំ​ជំនួយ​ពី​អាល្លឺម៉ង់​ដើម្បី​ទិញ​វ៉ាក់សាំង​ដែរ​។ សំណើ​របស់​តៃវ៉ាន់ ធ្វើឡើង​ក្រោយ​អាល្លឺម៉ង់​រក​ជំនួយ​ពី​តៃវ៉ាន់​លើ​ការផ្គត់ផ្គង់​បន្ទះ​ឈី​ប​ដែល​ខ្លួន​មាន​មិន​គ្រប់គ្រាន់​។ បន្ថែម​ពីលើ​ប្រភព​ខាងក្រៅ តៃវ៉ាន់​ក៏​អភិវឌ្ឍ​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងស្រុក​ដែរ ប៉ុន្តែ​មាន​ដំណើរការ​តិចតួច​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា កោះ​តៃវ៉ាន់ គ្រប់គ្រង​ការ​រី​រាលដាល​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ជាមួយ​វិធានការ​ការការពារ​បា​ន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។ បច្ចុប្បន្ននេះ​នៅសល់​ករណី​វិជ្ជមាន​ត្រឹមតែ​៧១​ករណី​ប៉ុណ្ណោះ​។ គិត​មក​ត្រឹម​ថ្ងៃទី ៤ កុម្ភៈ​នេះ តៃវ៉ាន់​មាន​ករណី​វិជ្ជមាន​សរុប ៩១៩ នាក់ និង​ស្លាប់​៩​នាក់​៕
 
 
 

Tag:
 តៃវ៉ាន់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com