រមណីយដ្ឋាន​នៅ​បាត់ដំបង​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ដំណើរការ​ក្រោម​វិធាន​សុវត្ថិភាព​តឹងរ៉ឹង​
ជាតិ
រមណីយដ្ឋាន​នៅ​បាត់ដំបង​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ដំណើរការ​ក្រោម​វិធាន​សុវត្ថិភាព​តឹងរ៉ឹង​
05, Feb 2021 , 9:59 pm        
រូបភាព
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
​បាត់ដំបង ជា​ខេត្ត​មាន​តំបន់​ទេសចរណ៍​សម្បូរ​បែប ដែលជា​ទិសដៅ​ទេសចរណ៍​សំខាន់​មួយ ក្នុងប្រទេស​កម្ពុជា​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ខាងមុខ ខេត្តបាត់ដំបង​កំពុង​ត្រៀមខ្លួន ទទួលភ្ញៀវ​ទេសចរ​ផងដែរ​។ បើតាម​លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្ត និង​ជាប់​ព្រំដែន នឹង​បើក​ដំណើរការ​ធម្មតា ប៉ុន្តែ​ត្រូវគោរព​វិធាន​សុវត្ថិភាព​តឹងរ៉ឹង​។

 
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង កំពុង​ពង្រឹង និង​ណែនាំ​វិធាន​សុវត្ថិភាព នៅតាម​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្ត ជាពិសេស​សង្កត់ធ្ងន់ ទៅលើ​រមណីយដ្ឋាន ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ថ្ងៃទី​១២-១៤ កុម្ភៈ ឆ្នាំ​២០២១ ខាងមុខ​។​
 
​លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរស័ព្ទ ដូច្នេះ​ថា​៖ « មកទល់ពេលនេះ ស្ថានភាព​នៅតាម​ព្រំដែន មិនមាន​ភាព​តានតឹង​ទេ តែ​យើង​មានការ​ការពារ និង​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​គ្មាន​ការធ្វេសប្រហែស​ទេ​។ រមណីយដ្ឋាន​នៅតាម​ព្រំដែន​មួយចំនួន​ដូចជា ភ្នំ​៥៣, ល្អាង​១០០, ភ្នំ​បារាំង​ធ្លាក់ និង​ទឹកធ្លាក់​នៅ​កំរៀង ក៏​យើង​នៅតែ​ដំណើរ​ការធម្មតា ប៉ុន្តែ​យើង​មានការ​រឹតបន្តឹង​ខ្លាំង នៅតាម​ព្រំដែន​»​។​
 

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​បន្ថែមថា រដ្ឋបាលខេត្ត​បាត់ដំបង មិនមាន​ការរៀបចំ​ក​ម្ម​ពិធី​ណាមួយ​ក្នុង​ខេត្ត នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នោះទេ ព្រោះ​ខ្លាច​មាន​មនុស្ស​ជួបជុំ​ច្រើន ដែល​អាច​បង្ករ​ឲ្យ​មាន​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ខ្ពស់​។ នៅតាម​រមណីយដ្ឋាន​នីមួយៗ ក៏ត្រូវ​មានការ​កំណត់​ចំនួន​មនុស្ស សម្រាប់​ចូល​កម្សាន្ត​ផងដែរ ប៉ុន្តែ​ការកំណត់​យ៉ាងណា មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង កំពុង​សិក្សា​បន្ថែម​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា​។​
 
​គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​៥ ខែកុម្ភៈ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៧០​ករណី ដោយ​៤៥២​ករណី​សះស្បើយ​។ ក្នុងចំណោម​ពលករ​មកពី​ថៃ មាន​៨៧​នាក់​វិជ្ជមាន ហើយ​៨០​នាក់​បានជា​សះស្បើយ​៕



Tag:
 ចូលឆ្នាំ​ចិន​-​វៀតណាម​
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com